យោងតាមព័ស្តុតាងជាក់ស្តែងបានបង្ហាញថា មានអ្នកជំនួញខ្មែរ២នាក់ដែលអាចទាក់ទាញក្រុមអ្នកជំនួញជនជាតិវៀតណាមឲ្យមកដាក់ទុនរកស៊ីនៅកម្ពុជា មានទំហំទឹកប្រាក់កម្រិតលានដុល្លារអាមេរិក គឺលោកស្រី ហ៊ុន ម៉ាណា ត្រូវជាកូនស្រីច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងកាន់កាប់ក្រុមហ៊ុនជាច្រើននៅក្នុងដៃ និងឯកឧត្តម ឧកញ៉ា រ័ត្ន សុខន អភិបាលក្រុមហ៊ុន General Energy Group Co., Ltd. និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។
១-លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាក្រុមហ៊ុនទូរទស្សន៍-វិទ្យុបាយ័ន និងសារព័ត៌មាន កម្ពុជាថ្មីប្រចាំថ្ងៃ ត្រូវជាកូនស្រីច្បងរបស់បុរសខ្លាំង គឺជាអភិបាលក្រុមហ៊ុនអាលុយមីណា (ខេមបូឌា-វៀតណាម) និងមានឈ្មោះជាភាសាអង់គ្លេសថា «Alumina (Cambodia-Vietnam) Co., Ltd.»ជាមួយលោកស្រីឧកញ៉ា ឡាវ សុខហ៊ុយ ដែលជាក្រុមគ្រួសារសាច់ញាតិលោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ភរិយាឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា ។
ក្រុមហ៊ុន Alumina (Cabmbodia-Vietnam) Co., Ltd. មានដើមទុនបញ្ជីពាណិ្ជកម្មនាខែធ្នូ ឆ្នាំ២០០៩ ចំនួន៨០.០០០លានរៀល (ប្រមាណជិត២០លានដុល្លារអាមេរិក) ដោយមានលោក Tran Xuan Hoa ជនជាតិវៀតណាម ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន , លោក Nguyen Thanh Tung ជនជាតិវៀតណាម, លោក Nguyen Ngoc Lan ជនជាតិវៀតណាម និងលោក Tran Thanh Van ជនជាតិវៀតណាម ជាអភិបាលក្រុមហ៊ុន ។
២-ឯកឧត្តម ឧកញ៉ា រ័ត្ន សុខន អ្នកទំនួញដ៏ល្បីម្នាក់នៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកជំនួញជនជាតិវៀតណាមនោះ គឺជាអភិបាលក្រុមហ៊ុន ជេនេរ៉ល អេនើជី គ្រុប និងមានឈ្មោះជាភាសាអង់គ្លេសថា «General Energy Group Co. Ltd.» ដោយកាន់កាប់ភាគហ៊ុនចំនួន២០០ភាគហ៊ុន ។
ក្រុមហ៊ុន General Energy Group Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាខែវិច្ឆិកា ឆ្នាំ២០១០ ចំនួន២០.០០០លានរៀល (ប្រមាណជិត៥លានដុល្លារអាមេរិក ) ដោយមានលោក Nguyen Thanh Hoang ជនជាតិវៀតណាម (កាន់កាប់ភាគហ៊ុនចំនួន៤០០ភាគហ៊ុន) ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងលោក Pham Dinh Nguyen ជនជាតិវៀតណាម (កាន់កាប់ភាគហ៊ុនចំនួន២០០ភាគហ៊ុន) លោក Phan Van Phong ជនជាតិវៀតណាម (កាន់កាប់ភាគហ៊ុនចំនួន២០០ភាគហ៊ុន) ជាអភិបាលក្រុមហ៊ុន ។
លោក រ័ត្ន សុខន ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៤/០៣៥ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៤ និងទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៧៥ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ ៕