សារព័ត៌មាន India Times បានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា នារយៈពេលចុងក្រោយនេះ កងកម្លាំងយោធាឥណ្ឌាបានដាក់ពង្រាយអាវុធយុទ្ធភ័ណ្ឌទំនើបៗជាច្រើននៅតាមបណ្តោយព្រំដែនគោកដែលកំពុងមានវិវាទជាមួយប្រទេសចិន រួមមាន យន្តហោះចម្បាំងធុន SU-30MKI យន្តហោះគ្មានមនុស្សបើក និងជាពិសេសការដាក់ពង្រាយនូវមីស៊ីលដ៏ទំនើប BRAHMOS តែម្តង ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានផ្សព្វផ្សាយឲ្យដឹងថា អាជ្ញាធរទីក្រុងប៉េកាំងបានបញ្ចេញនូវប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់ប្រទេសឥណ្ឌា ដែលដាក់ពង្រាយមីស៊ីល BRAHMOS នៅតាមបណ្តោយព្រំដែនគោកជាប់នឹងប្រទេសចិនដែលកំពុងមានវិវាទ ដោយមហាអំណាចចិនបានសង្កត់ធ្ងន់ថា សកម្មភាពនៃការដាក់ពង្រាយមីស៊ីលរបស់ឥណ្ឌានេះ នឹងធ្វើឲ្យមានស្ថានការណ៍តានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ ។
រវាងប្រទេសចិន និងប្រទេសឥណ្ឌា មានព្រំដែនគោកជាប់គ្នារហូតដល់ប្រវែងចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយក៏មានតំបន់មួយចំនួនកំពុងជាប់ក្នុងសំណុំរឿងវិវាទព្រំដែនជាមួយគ្នាទៀតផង ។
មីស៊ីលធុន BRAHMOS ផលិតដោយក្រុមហ៊ុន Brahmos Aerospace Limited ដែលមានតម្លៃប្រមាណជិត៣លានដុល្លារអាមេរិកក្នុង១ដើម ។ មីស៊ីលប្រភេទនេះ អាចបាញ់ចេញពីលើដីផ្ទាល់ លើអាកាស និងពីលើនាវាមុជទឹក មានរង្វង់ប្រតិបត្តិការប្រសិទ្ធភាពក្នុងរយៈចម្ងាយ៣០០គីឡូម៉ែត្រ ដោយមានកម្រិតល្បឿន៣.៤០០គីឡូម៉ែត្រក្នុង១ម៉ោង ៕