សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ បានទទួលរងរបួសធ្ងន់នៅត្រង់ក្បាល និងទ្រូង ដោយសារជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្នុងល្បឿនយ៉ាងលឿនចេញពីហាងស៊ីផឹកមួយកន្លែង ទៅបុកខឿនរង្វង់មូលមុខសាលាខេត្ត និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឋិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងប្រមាណ២៣និង២០នាទី រាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យឯកជនក្នុងក្រុងសិរីសោភ័ណ ខណៈរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលរងរបួសព្រោះជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា គឺលោក ជួន វណ្ណៈ ។
សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក Lexus LX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-0089 បើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះជ្រុលចង្កូតទៅបុកខឿនរង្វង់មូលមុខសាលាខេត្ត និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យពេញទំហឹង លាន់សូរដូចរន្ទះ ធ្វើឲ្យផ្ទុះពោងរថយន្តខ្ទេចខូចខាតផ្នែកខាងមុខ និងអ្នកបើកបររងរបួសធ្ងន់ត្រង់ក្បាល និងទ្រូង ទើបដឹងថា ជាចៅក្រមម្នាក់បម្រើការងារនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា លោកចៅក្រម ជួន វណ្ណៈ បន្ទាប់ពីបានចូលសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងក្រុងសិរីសោភ័ណរួចមក ក៏ត្រូវបានចាត់បញ្ជូនទៅសង្គ្រោះព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសថៃ កាលពីរាត្រីរំលងអធ្រាត្រឈានចូលព្រឹកព្រលឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ពីព្រោះទំហំនៃការគ្រោះថ្នាក់ធ្ងន់ធ្ងរពេក ។
លោក ជួន វណ្ណៈ អាយុ៣៤ឆ្នាំ ជាសិស្សចៅក្រមជំនាន់ទី២ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ត្រូវបានចាត់ឲ្យទៅបម្រើការងារជាចៅក្រមកម្មសិក្សានៅសាលាដំបូងខេត្តកំពត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៧៥៩ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រមបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពត ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១០/១២៧ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១០ ។ ក្រោយមកទៀត លោកចៅក្រមរូបនេះត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ទល់បច្ចុប្បន្ន ៕