ក្រៅអំពីអំណាចក្នុងដៃយ៉ាងណែនមិនរបូតជាង២០ឆ្នាំនោះ ក្រុមគ្រួសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ដន្លងដងស្នែង កូនបង្កើត និងកូនប្រសា បានស្រាក់ដៃគ្នាបង្កើតបណ្តាញប្រព័ន្ធមុខជំនួញពង្រឹងកម្លាំងសេដ្ឋកិច្ចជាមួយក្រុមគ្រួសារសាច់ញាតិលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ត្រូវជាភរិយារបស់ឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា យ៉ាងរឹងមាំបំផុត ដែលមានទម្រង់រូបភាពគួរឲ្យស្ញប់ស្ញែង ដូចខាងក្រោម ៖
១-ក្រុមហ៊ុន Bayon CM Organizer Co., Ltd. ដែលជាក្រុមហ៊ុនដំណើរការផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍បាយ័ន មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០១៦ ចំនួន២០លានរៀល (ប្រមាណជិត៥ ០០០ដុល្លារអាមេរិក) មានលោកស្រី ហ៊ុន ម៉ាណា ត្រូវជាកូនស្រីច្បងបុរសខ្លាំង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ។
២-ក្រុមហ៊ុន Dragon Royal Telecom Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាដើមឆ្នាំ២០០៦ ចំនួន៨ ០០០លានរៀល (ប្រមាណជិត២លានដុល្លារអាមេរិក) ដែលពីមុនមានលោកស្រី ចា ចន្ធី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ។ ក្រោយមក លោកស្រី ចា ចន្ធី បានដកខ្លួនថយលាលែងចេញពីសមាជិកភាគហ៊ុន ហើយត្រូវបានបញ្ចូលសមាជិកហ៊ុនថ្មី គឺលោកស្រី ហ៊ុន ម៉ាណា កាន់កាប់ភាគហ៊ុនចំនួន១ ០០០ភាគហ៊ុន និងត្រូវតែងតាំងជាអភិបាលក្រុមហ៊ុននាចុងឆ្នាំ២០០៧ ។
៣-ក្រុមហ៊ុន Alumina (Cambodia-Vietnam) Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០០៩ ចំនួន៨០ ០០០លានរៀល (ប្រមាណជិត២០លានដុល្លារអាមេរិក) មានលោកស្រី ហ៊ុន ម៉ាណា និង ឧកញ៉ា ឡាវ សុខហ៊ុយ ជាសាច់ញាតិក្រុមគ្រួសារយាយភូ ជាអភិបាលក្រុមហ៊ុន និងរួមជាមួយជនជាតិវៀតណាមចំនួន៤នាក់ទៀត ។
៤-ក្រុមហ៊ុន Kampuchea Thmey Daily Co., Ltd. ជាក្រុមហ៊ុនដំណើរការបោះពុម្ពផ្សាយកាសែតកម្ពុជាថ្មីប្រចាំថ្ងៃ មានលោកស្រី ហ៊ុន ម៉ាណា កាន់កាប់ភាគហ៊ុនចំនួន១ ០០០ភាគហ៊ុន និងកាន់តំណែងជាអភិបាលក្រុមហ៊ុន នាខែកក្កដា ឆ្នាំ២០១០ ។
៥-ក្រុមហ៊ុន Five Sibling & N.H Co., Ltd. (មានក្រុមហ៊ុន Five Sibling Investment របស់ក្រុមគ្រួសារសាច់ញាតិយាយភូ កាន់កាប់ភាគហ៊ុនចំនួន៧៥០ភាគហ៊ុន, លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធិ ជាភរិយារបស់ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រូវជាដន្លងដងស្នែងរបស់បុរសខ្លាំង កាន់កាប់ភាគហ៊ុនចំនួន២០០ភាគហ៊ុន និងក្រុមហ៊ុន N H Holding Ltd. របស់ក្រុមគ្រួសារសាច់ញាតិយាយភូ កាន់កាប់ភាគហ៊ុនចំនួន៥០ភាគហ៊ុន) មានឧកញ៉ា ជឹង ធានសេង ជាប្អូនប្រុសយាយភូ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងលោកស្រី ហ៊ុន ម៉ាណា ព្រមទាំងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធិ ម្តាយក្មេកលោកឧត្តមសេនីយ៍ឯកយោធា ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់បុរសខ្លាង ជាអភិបាលក្រុមហ៊ុន នាខែសីហា ឆ្នាំ២០១០ ។
៦-ក្រុមហ៊ុន KIDS City Asia Company Limited. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០១០ ចំនួន២០លានរៀល (ប្រមាណជិត៥ ០០០ដុល្លារអាមេរិក) មានលោកស្រី ហ៊ុន ម៉ាលី ជាកូនស្រីរបស់បុរសខ្លាំង និងលោក សុខ ពុទ្ធិវុធ ជាកូនប្រុសឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាអភិបាលក្រុមហ៊ុន ។
៧-ក្រុមហ៊ុន Moon Advertising Co., Ltd. ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំនៅកម្ពុជា (មានក្រុមហ៊ុន N H Holding Ltd. ជាក្រុមហ៊ុនក្រុមគ្រួសារសាច់ញាតិយាយភូ កាន់កាប់ភាគហ៊ុនចំនួន៦០០ភាគហ៊ុន និងលោកស្រី ហ៊ុន ម៉ាលី កាន់កាប់ភាគហ៊ុនចំនួន១០០ភាគហ៊ុន) មានលោកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ហ៊ុន ម៉ាលី ជាអភិបាលក្រុមហ៊ុន នាចុងឆ្នាំ២០១០ ។
៨-ក្រុមហ៊ុន N.V.N Corporation មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាដើមឆ្នាំ២០១១ ចំនួន២ ០០០លានរៀល (ប្រមាណជិត៥០ម៉ឺនដុល្លារអាមេរិក) មានលោកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងឧកញ៉ា ជឹង សុគន្ធាវី ជាសាច់ញាតិយាយភូ និងលោកស្រី ពេជ ចន្ទមុន្នី (ភរិយារបស់លោកឧត្តមសេនីយ៍ឯកយោធា ហ៊ុន ម៉ាណែត) ជាអភិបាលក្រុមហ៊ុន ។
ដោយឡែក ក្រុមហ៊ុនជំនួញដ៏ច្រើនគគោករបស់ក្រុមគ្រួសារសាច់ញាតិយាយភូ និងដន្លងដងស្នែងរបស់បុរសខ្លាំង រួមមានដូចខាងក្រោម ៖
១-ក្រុមហ៊ុន Petro Camchin Investment Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាខែមិថុនា ឆ្នាំ២០០៥ ចំនួន២០លានរៀល (ប្រមាណជិត៥ ០០០ដុល្លារអាមេរិក) មានឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអភិបាលក្រុមហ៊ុន ។
២-ក្រុមហ៊ុន NADACO Group Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០០៦ ចំនួន២០លានរៀល (ប្រមាណជិត៥ ០០០ដុល្លារអាមេរិក) មានឧកញ៉ា ជឹង ធានគាត ជាអភិបាលក្រុមហ៊ុន ។
៣-ក្រុមហ៊ុន Sihanoukville Special Economy Zone Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០០៦ ចំនួន២០ ០០០លានរៀល (ប្រមាណជិត៥លានដុល្លារអាមេរិក) មានឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអភិបាលក្រុមហ៊ុន ។
៤-ក្រុមហ៊ុន Qian Fong (Cambodia) Forestry Development Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាខែមេសា ឆ្នាំ២០០៧ ចំនួន២០ ០០០លានរៀល (ប្រមាណជិត៥លានដុល្លារអាមេរិក) មានលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអភិបាលក្រុមហ៊ុន ។
៥-ក្រុមហ៊ុន Allbright Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាខែសីហា ឆ្នាំ២០០៧ ចំនួន២០លានរៀល (ប្រមាណជិត៥ ០០០ដុល្លារអាមេរិក) មានឧកញ៉ា ជឹង សុគន្ធាវី ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ជឹង ធានសេង ព្រមទាំងឧកញ៉ា ជឹង ធានគាត ជាអភិបាលក្រុមហ៊ុន ។
៦-ក្រុមហ៊ុន Cambodian A5A Finance Limited. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០០៨ ចំនួន៤ ០០០លានរៀល (ប្រមាណជិត១លានដុល្លារអាមេរិក) មានឧកញ៉ា ជឹង ធានសេង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ។
៧-ក្រុមហ៊ុន Five Sibling Investment Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាចុងឆ្នាំ២០០៨ ចំនួន៤ ០០០លានរៀល (ប្រមាណជិត១លានដុល្លារអាមេរិក) មាន ឧកញ៉ា ជឹង សុគន្ធាវី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន, ឧកញ៉ា ជឹង ធានសេង , ឧកញ៉ា ជឹង ធានគាត , ឧកញ៉ា ឡាវ សុខហ៊ុយ និងលោក ឡាវ អៀវចុង ជាអភិបាលក្រុមហ៊ុន ។
៨-ក្រុមហ៊ុន Chup (Cambodia) Co., Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាដើមឆ្នាំ២០០៩ ចំនួន៤ ០០០លានរៀល (ប្រមាណជិត១លានដុល្លារអាមេរិក) មានឧកញ៉ា ម៉ក់ គឹមហុង ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធិ ព្រមទាំងឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ ជាអភិបាលក្រុមហ៊ុន ។
៩-ក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd. មានលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ កាន់កាប់ភាគហ៊ុន៥០ភាគហ៊ុន ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងលោក ឡាវ អៀវចុង កាន់កាប់ភាគហ៊ុនចំនួន៥០ភាគហ៊ុន ជាអភិបាលក្រុមហ៊ុន នាខែឧសភា ឆ្នាំ២០១០ ។
១០-ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Aluminum Industry Co., Ltd. មានឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអភិបាលក្រុមហ៊ុន នាចុងឆ្នាំ២០១០ ។
១១-ក្រុមហ៊ុន Shukaku Erdos Hongjun Property Development Co., Ltd. មានឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអភិបាលក្រុមហ៊ុន នាចុងឆ្នាំ២០១០ ។ ក្រុមហ៊ុន Shukaku Inc. ដែលជាបុត្រសម្ព័ន្ធនៃបណ្តាញក្រុមហ៊ុន Shukaku មានឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ជាអភិបាលក្រុមហ៊ុន ទទួលបានសិទ្ធិជួលតំបន់ទីតាំងបឹងកក់កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧ រយៈពេល៩៩ឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន ៧៩ ០០២ ០០០ដុល្លារអាមេរិក ជាមួយរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយសាលារាជធានីភ្នំពេញ ។
១២-ក្រុមហ៊ុន D & M (Bavet) SEZ Co., Ltd. មានលោកជំទាវ ម៉ែន ភក្តី ជាដន្លងដងស្នែងបុរសខ្លាំង និងត្រូវជាម្តាយក្មេករបស់លោកស្រី ហ៊ុន ម៉ាណា កាន់កាប់ភាគហ៊ុនចំនួន៦០០ភាគហ៊ុន និងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នាដើមឆ្នាំ២០១១ ។
១៣-ក្រុមហ៊ុន One More Ltd. មាន ឧកញ៉ា ជឹង សុគន្ធាវី កាន់កាប់ភាគហ៊ុនចំនួន១ ០០០ភាគហ៊ុន ជាអភិបាលក្រុមហ៊ុន នាដើមឆ្នាំ២០១១ ។
១៤-ក្រុមហ៊ុន 5 Sibling MDC Ltd. មានដើមទុនចុះបញ្ជីពាណិជ្ជកម្មនាពាក់កណ្តាលឆ្នាំ២០១១ ចំនួន៨ ០០០លានរៀល (ប្រមាណជិត២លានដុល្លារអាមេរិក) មានឧកញ៉ា ជឹង ធានសេង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ។
គួរបញ្ជាក់ជូនដែរថា ដោយសារមុខជំនួញរបស់ក្រុមគ្រួសារសាច់ញាតិលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាមួយក្រុមគ្រួសារបុរសខ្លាំង មានបណ្តាញប្រទាក់ក្រឡាគ្នាជាប្រព័ន្ធដូច្នេះ ទើបកាលពីអំឡុងឆ្នាំ២០១៣កន្លងទៅ រាជរដ្ឋាភិបាលបុរសខ្លាំងបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Five Sibling Investment Co., Ltd. អភិវឌ្ឍន៍នៅលើទីតាំងមន្ទីរពេទ្យបង្អែកចំការមន (អតីតមណ្ឌលសុខភាពកាកបាទក្រហម) ទំហំប្រមាណ៣ ០០០ម៉ែត្រក្រឡា (តម្លៃដីធ្លីលើទីផ្សារសេរីប្រមាណ១២លានដុល្លារអាមេរិក) ឋិតនៅដីឡូត៍កាច់ជ្រុងផ្លូវលេខ២៩៤ និងមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមស្មារតីលិខិតលេខ៦៩០សជណ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (យោងចំណាររបស់បុរសខ្លាំង ចុះថ្ងៃទី១៨ ខែមសា ឆ្នាំ២០១៣ នៅលើលិខិតលេខ០៥២សខល ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ របស់ក្រសួងសុខាភិបាល) ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា បណ្តាញប្រព័ន្ធមុខជំនួញរបស់ក្រុមគ្រួសារបុរសខ្លាំងជានាយករដ្ឋមន្ត្រី និងក្រុមគ្រួសារសាច់ញាតិលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ អនុប្រធានកាកបាទក្រហមកម្ពុជា យ៉ាងរឹងមាំប្រទាក់ក្រឡាគ្នាបែបនេះ គឺប្រាកដណាស់នឹងនាំឲ្យមានទំនាស់ផលប្រយោជន៍ និងការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងមុខរបរជំនួញនៅកម្ពុជា ៕