ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ(ផ្កាយ២) នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃម្នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងសម្រេចចោទប្រកាន់បើកការស៊ើបសួរប្តឹងទៅចៅក្រមស៊ើបសួរ ពីបទក្លែងបន្លំឯកសារ ពាក់ព័ន្ធនឹងការទទួលកេរមរតកពីឪពុក-ម្តាយរបស់ខ្លួន អតីតជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងច្បាមយកជាផលប្រយោជន៍សួនតួផ្ទាល់ខ្លួន ។
នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ ដែលទទួលរងការចោទប្រកាន់បើកការស៊ើបសួរពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទផ្តល់លិខិតបញ្ជាក់មិនពិត, ប្រើប្រាស់លិខិតបញ្ជាក់មិនពិត និងផ្តល់សេចក្តីប្រកាសដោយភូតកុហក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥នោះ គឺលោកឧត្តមសេនីយ៍ទោ អ៊ិត ណារិទ្ធ អត្តលេខ០៦១៣៥ អាយុ៥១ឆ្នាំ ត្រូវជាកូនប្រុសរបស់សពឯកឧត្តម អ៊ិត ណូឌី អតីតអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៤នៃរដ្ឋសភា ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឯកឧត្តម អ៊ិត ណូឌី មានកូនចំនួន២នាក់ គឺឈ្មោះ អ៊ិត ណារិទ្ធ និងឈ្មោះ អ៊ិត ជេនជូរី ។ ក្រោយមក ឯកឧត្តម អ៊ិត ណូឌី បានរៀបការភរិយាថ្មី និងមានកូនស្រីម្នាក់ឈ្មោះ ស៊ិន សុផាវី ។ បន្ទាប់ពីទទួលមរណភាព សពឯកឧត្តម អ៊ិត ណូឌី បានបន្សល់ទុកនូវបណ្តាំមរតកមួយសម្រាប់ឲ្យកូនប្រុស-ស្រីទាំង៣នាក់ជាតំណាង ។ ប៉ុន្តែឈ្មោះ អ៊ិត ណារិទ្ធ មានចេតនាចង់បានប្រាក់ជាមរតកនៅធនាគារតែម្នាក់ឯង ក៏ប្រើល្បិចសមគំនិតជាមួយអាជ្ញាធរសង្កាត់បឹងទំពុន ក្លែងបន្លំឯកសារសាធារណៈបញ្ជាក់ទទួលស្គាល់ខុសពីការពិតថា ខ្លួនជាកូនតែម្នាក់គត់ដែលត្រូវទទួលមរតកពីឪពុក ។
លោកឧត្តមសេនីយ៍ អ៊ិត ណារិទ្ធ នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ អត្តលេខ០៦១៣៥ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៥/៨១៩ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ។
ឥឡូវនេះ លោកឧត្តមសេនីយ៍ទោប៉ូលិស អ៊ិត ណារិទ្ធ បានជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការ ហើយបើតុលាការរកឃើញថា មានទោសទណ្ឌមែននោះ គឺលោកឧត្តមសេនីយ៍រូបនេះអាចប្រឈមនឹងការជាប់ពន្ធនាគារ និងការដកហូតឋានន្តរស័ក្តិ ឬអាចលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិទៀតផង ៕