ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ក្រុម​នាវិក​ចិន​រង​គ្រោះ​ ត្រូវ​បាន​សង្គ្រោះ​ដោយ​ឆ្មាំ​សមុទ្រ​ជប៉ុន​ ខណៈ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងកើត​

​សារព័ត៌មាន​ Japan​ Times​ បាន​រាយការណ៍​ឲ្យ​ដឹងនៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ថា​ កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​ជួយ​សង្គ្រោះ​សមាជិក​នាវិក​ចិន​ចំនួន​៦​នាក់​ និង​ស្វែងរក​មនុស្ស​ចំនួន​៨​នាក់​ផ្សេង​ទៀត​ដែល​បាត់​ខ្លួន​ បន្ទាប់​ពី​ទូក​នេសាទ​ចិន​១​គ្រឿង​បុក​ជាមួយ​នាវា​ដឹក​ទំនិញ​ដោត​ទង់ជាតិ​ប្រទេស​ក្រិ​ច​ នៅ​ជិត​ប្រជុំ​កោះ​ក្នុង​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត​កំពុង​មាន​ជម្លោះ​ បណ្តាល​ឲ្យ​ទូក​នេសាទ​ចិន​លិច​ក្នុង​លំហ​សមុទ្រ​ ។​

​បណ្តាញ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ ទូក​នេសាទ​ចិន​១​គ្រឿង​នោះ​បាន​បុក​ជាមួយ​នាវា​ដឹក​ទំនិញ​ដោត​ទង់ជាតិ​ប្រទេស​ក្រិ​ច​ បណ្តាល​ឲ្យ​ទូក​នេសាទ​ចិន​លិច​នៅ​ចម្ងាយ​ប្រមាណ​៦៥​គីឡូម៉ែត្រ​ពី​កោះ​ Uotsuri​ ឋិត​ក្នុង​ក្រុម​ប្រជុំ​កោះ​ Senkaku​ ឬ​ប្រជុំ​កោះ​ Diaoyu​ ដែល​គ្រប់គ្រង​ដោយ​ជប៉ុន​ និង​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ ។​

​ទីភ្នាក់ងារសារព័ត៌មាន​ Kyodo​ របស់​ជប៉ុន​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ក្រសួងការបរទេស​ជប៉ុន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់​អំពី​រដ្ឋាភិបាល​ទីក្រុង​ Tokyo​ ជូនដំណឹង​នូវ​ហេតុការណ៍​នេះ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ (Beijing)​ ហើយ​ភាគី​ប្រទេស​ចិន​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ប្រតិបត្តិការ​សង្គ្រោះ​ទាន់​ពេលវេលា​របស់​ឆ្នាំ​សមុទ្រ​ភាគី​ប្រទេស​ជប៉ុន​ ។​

​ប្រទេស​ជប៉ុន​និង​ប្រទេស​ចិន​បាន​ធ្លាក់​ទៅ​ក្នុង​សភាព​តានតឹង​ក្នុង​ជម្លោះ​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត​ បន្ទាប់​ពី​លេច​វត្តមាន​នាវា​ចិន​ចំនួន​១៤​គ្រឿង​ និង​ទូក​នេសាទ​ចិន​ចំនួន​ជិត​២៣០​គ្រឿង​ បាន​ចូល​មក​ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​ កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ រហូត​ធ្វើ​ឲ្យ​ក្រសួងការបរទេស​ជប៉ុន​ប្រតិកម្ម​ខ្លាំងៗ​ កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​បង្ហាញ​អំពី​ការ​តវ៉ា​នឹង​អំពើ​ឈ្លានពាន​របស់​ចិន​ក្នុង​ដែនទឹក​ជប៉ុន​នោះ​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.