មានព័ស្តុតាងជាច្រើនពាក់ព័ន្ធទៅនឹងរបៀបរបបការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ក្នុងឋានៈ និងមុខងារជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើការតាមរូបភាព "ទប់ចិត្តខ្លួនឯងមិនបាន" ឬប្រកបទៅដោយសតិមិននឹងន(ប្រែប្រួលក្នុងមួយថ្ងៃរហូតដល់ទៅ៣-៤ដង ក្នុងការដោះស្រាយករណីតែមួយ) ឬពោរពេញទៅដោយក្បាច់គុន "ស៊ីញ៉េនឹងដៃ លុបវិញនឹងជើង" ធ្វើឲ្យមន្ត្រីរាជការក្រោមឱវាទ និងអ្នកជំនួញមួយចំនួនលាន់មាត់ និងដឹងអំពី "ចំណុចខ្សោយ" របស់នាយករដ្ឋមន្ត្រីរូបនេះ អាចឆ្លៀតឱកាសទទួលបានបុណ្យស័ក្តិ និងប្រមូលបានលាភសក្ការៈជាហូរហែ ក្រោមរូបមន្ត "លៃលកឲ្យអារម្មណ៍សម្តេចតេជោសប្បាយចិត្ត និងទទួលបានផលប្រយោជន៍" ។
ព័ស្តុតាងមួយចំនួនបានបង្ហាញអំពីចំណុចគួរឲ្យចាប់អារម្មណ៍ ពាក់ព័ន្ធទៅនឹងរបៀបរបបការងាររបស់បុរសខ្លាំង ក្រោមរូបភាព "គ្រប់គ្រងចិត្តខ្លួនឯងមិនបាន" ឬ "ទប់ចិត្តមិនបាន" ឬ "សតិមិននឹងន" ឬ "ធ្វើហើយបានគិត" ដូចខាងក្រោម ៖
១-ក្នុងសំណុំរឿងក្តីរបស់ក្រុមហ៊ុន Meng Srieng Express Import Export & Transportation Pte., Ltd. កាលពីអំឡុងឆ្នាំ២០០១កន្លងទៅ លោកឧកញ៉ា លី សាយឃាង ត្រូវបានចៅក្រមស៊ើបអង្កេតតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០១ ពីបទ រំលោភលើសេចក្តីទុកចិត្ត និងក្លែងលិខិតឯកជន ។ ដោយសំណុំរឿងក្តីនេះទទួលរងនូវការលូកដៃអន្តរាគមន៍គ្រប់ច្រកល្ហកខ្លាំងពេក ទើបរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ឲ្យតុលាការដំណើរការតាមផ្លូវច្បាប់បន្តទៀត (បន្តការស្វែងរកចាប់ខ្លួនលោកឧកញ៉ា លី សាយឃាង ជាជនត្រូវចោទតាមដីកាតុលាការ) តាមស្មារតីលិខិតលេខ២០៧៩សជណ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (យោងចំណារចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ របស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី) ។
ចំណុចគួរឲ្យចាប់អារម្មណ៍បំផុតក្នុងសំណុំរឿងក្តីនេះ គឺរាជរដ្ឋាភិបាលបានសម្រេចជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ថា "…ដោយគ្មានបុគ្គលណាមួយរាប់ទាំងនាយករដ្ឋមន្ត្រី ជ្រៀតជ្រែកក្នុងដំណើរការនេះបានឡើយ ។ …" ។ មានន័យថា ក្នុងសំណុំរឿងក្តីដ៏កក្រើកនេះ ធ្លាប់មានអ្នកជ្រៀតជ្រែកអន្តរាគមន៍ឆ្វេចឆ្វាចរួចមកហើយ ទើបនាយករដ្ឋមន្ត្រីសម្រេចហាមប្រាមខ្លួនឯងថែមទៀតជាលាយលក្ខណ៍អក្សរតែម្តង កុំឲ្យមានការលូកដៃជ្រៀតជ្រែក ពីព្រោះបារម្ភខ្លាច "ទប់ចិត្តខ្លួនឯងមិនបាន" (Sic!) ។
ប៉ុន្តែក្រោយមក រាជរដ្ឋាភិបាលបុរសខ្លាំងដដែល បានសម្រេចបញ្ឈប់ការស្វែងរកចាប់ខ្លួនលោកឧកញ៉ា លី សាយឃាង វិញ តាមស្មារតីលិខិតលេខ៦២៦សជណ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (Resic!) ។
២-ក្នុងសំណុំរឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ ទំហំ៣៥២ហិកតា ឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (អតីតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) ទោះបីបានដោះស្រាយបញ្ចប់រួចហើយក្តី ប៉ុន្តែធ្លាប់ត្រូវបានរាជរដ្ឋាភិបាលសម្រេចសាចុះសាឡើងចំនួន៧-៨លើក (ម្តងសម្រេចប្រគល់ដីទំនាស់ឲ្យប្រជាពលរដ្ឋ ម្តងសម្រេចចែកដីពាក់កណ្តាលឲ្យភាគីទំនាស់រៀងៗខ្លួន ម្តងសម្រេចប្រគល់ដីទំនាស់ឲ្យឧកញ៉ា ជៀម ផែន និងក្រោយមក សម្រេចចុងក្រោយប្រគល់ដីទំនាស់ឲ្យប្រជាពលរដ្ឋវិញ) ។ ការសម្រេចវិលចុះវិលឡើងបែបនេះ បានធ្វើឲ្យបាត់បង់តម្លៃនៃរបៀបរបបការងាររបស់នាយករដ្ឋមន្ត្រី និងបាត់បង់កិត្យានុភាពរបស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ ។
៣-ក្នុងសំណុំរឿងប៉ះទង្គិចរវាងលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ អត្តលេខ០៦៩៥ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមន្ត្រីប៉ូលិសចរាចរណ៍ពាក់ស័ក្តិ១ម្នាក់ឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ គឺតាមរយៈបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បុរសខ្លាំងបានប្រកាសថា នឹងដកមុខតំណែងលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិទាំងស្រុង ។ នៅថ្ងៃដដែល អារម្មណ៍របស់បុរសខ្លាំងមានការប្រែប្រួលមួយរំពេច ទើបសម្រេចត្រឹមដកហូតមុខតំណែងលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ៧២៤ អនក្រ.តត ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។ ក្រោយមក នៅថ្ងៃដដែលនេះដែរ ដោយសំអាងថា លោកផ្កាយ៣ប៉ូលិស ម៉ម ស្រ៊ីមវណ្ណា និងលោកស័ក្តិ១ប៉ូលិស សូត្រ កញ្ញា បានផ្សះផ្សាគ្នាទទួលស្គាល់ និងកែប្រែនូវកំហុសឆ្គងរៀងៗខ្លួន បុរសខ្លាំងប្រែប្រួលអារម្មណ៍ម្តងទៀត ក៏បានសម្រេចនិរាករណ៍អនុក្រឹត្យដែលដកហូតតំណែងលោកផ្កាយ៣ ម៉ម ស្រ៊ីមវណ្ណា នោះវិញ ដោយអនុក្រឹត្យលេខ៧៣៧អនក្រ.តត ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។ មានន័យថា ក្នុងមួយថ្ងៃ សតិរបស់បុរសខ្លាំងប្រែប្រួលរហូតដល់ទៅចំនួន៣ដង លើករណីតែមួយ ។
៤-ក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង រវាងប្រទេសចិនជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ាន ដែលតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍(Permanent Court of Arbitration) ទីក្រុងឡាអេ សម្រេចកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិននោះ គឺកាលពីចុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលបុរសខ្លាំងប្រកាសមិនគាំទ្រលើសេចក្តីសម្រេចណាមួយរបស់តុលាការទីក្រុងឡាអេ ជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ានឯទៀត លើករណីជម្លោះដែនសមុទ្រចិនខាងត្បូងទេ ។ ប៉ុន្តែនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាសទទួលពានរង្វាន់ "សមិទ្ធផលអាស៊ានអមតៈ"លើកទី១៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ស្រាប់តែបុរសខ្លាំងថ្លែងការណ៍ថា សូមឲ្យអាស៊ានរួមកម្លាំងគ្នាជាធ្លុងមួយ និងបទពិសោធន៍នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប មិនគួរកើតឡើងក្នុងចំណោមសមាជិកអាស៊ានទៅវិញ ។
ទាំងនេះ គឺជាព័ស្តុតាងមួយចំនួនដែលបង្ហាញអំពីរបៀបរបបការងាររបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមរូបភាព "ទប់ចិត្តមិនបាន" ឬ "សតិមិននឹងន" ឬ "ធ្វើហើយបានគិត" ៕