ទីភ្នាក់សារព័ត៌មាន Xinhua របស់ចិន បានផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ដោយដកស្រង់សេចក្តីអំពាវនាវមួយរបស់លោកឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្ត្រីការពារជាតិចិន ក្នុងឱកាសជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំងទាហានចិននៅខេត្ត Zhejiang ឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិនបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ប៉ូលិស និងប្រជាជនត្រៀមខ្លួនចូលរួម "ធ្វើសង្គ្រាមដែនសមុទ្រ" ដែលការអំពាវនាវបែបនេះចំពេលដែលស្ថានការណ៍នៅតំបន់ដែនសមុទ្រចិនខាងត្បូង និងខាងកើតកំពុងមានជម្លោះមានភាពតានតឹងស្រាប់ ។
លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់រដ្ឋមន្ត្រីការពារជាតិចិនថា "សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងកើត ឬសមុទ្រចិនខាងត្បួង គឺជាផលប្រយោជន៍ និងជាការចង់បានរបស់បណ្តាប្រទេសពាក់ព័ន្ធទាំងអស់ ទាំងក្នុងតំបន់ និងទាំងក្រៅតំបន់ ។ ជម្លោះនៅក្នុងដែនសមុទ្រត្រូវតែដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ មិនមែនជាការប្រើកម្លាំងបាយ ឬកម្លាំងយោធាគំរាមកំហែងឡើយ ។ " ។
បណ្តាប្រទេសជិត១០កំពុងមានទម្លោះជាមួយចិន ពាក់ព័ន្ធនឹងតំបន់ដែនសមុទ្រចិនខាងត្បូង និងខាងកើត រួមមាន ៖ ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, ព្រុយណេ,ឥណ្ឌូនេស៊ី, តៃវ៉ាន់ និងជប៉ុន ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍(Permanent Court of Arbitration)ទីក្រុងឡាអេ បានវិនិច្ឆ័យសេចក្តីសម្រេចឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិន ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង ប៉ុន្តែត្រូវបានទីក្រុងប៉េកាំងច្រានចោល និងមិនអើពើ ដោយបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងប្រកាសគំរាមបង្កើតតំបន់ការពារដែនអាកាស (ADIZ) លើដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះថែមទៀត ។
យោងតាមគេហទំព័របរទេស បានឲ្យដឹងថា កងកម្លាំងយោធាចិនបច្ចុប្បន្នមានចំនួនជាង២លាននាក់ ក្នុងនោះទាហានជើងគោកចំនួន១.៦០០.០០០នាក់ ទាហានជើងអាកាសចំនួន៣៩៨.០០០នាក់ និងទាហានជើងទឹកចំនួន២៣៥.០០០នាក់ ៕