ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ ឲ្យដឹងថា យោងតាមសំណើរបស់ក្រុមហ៊ុន Moon Express ក្នុងបេសកកម្មមួយឈ្មោះ Moon Express ´ s MX-1E កាលពីឆ្នាំ២០១០កន្លងទៅ និងតាមការពិនិត្យរួចរាល់របស់សហព័ន្ធរដ្ឋបាលអាកាសចរណ៍ និងពាណិជ្ជកម្មដឹកជញ្ជូនអវកាសអាមេរិក (FAA) នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចអនុញ្ញាតយល់ព្រមជាលើកដំបូងឲ្យក្រុមហ៊ុន Moon Express បាញ់បង្ហោះយានអវកាសធ្វើដំណើរទៅចុះចតលើឋានព្រះចន្ទ ដើម្បីស្វែងរុករករ៉ែនៅឆ្នាំ២០១៧ខាងមុខ ។
សេចក្តីថ្លែងការណ៍របស់ FAA បានបញ្ជាក់ឲ្យដឹងថា បេសកកម្មរបស់ក្រុមហ៊ុន Moon Express នៅឋានព្រះចន្ទខាងលើនេះ មិនបានបង្កផលប៉ះពាល់ដល់សុវត្ថិភាព និងសុខភាពសាធារណៈ, សុវត្ថិភាពនៃទ្រព្យសម្បត្តិ, នយោបាយ ឬសន្តិសុខជាតិអាមេរិក ឬកាតព្វកិច្ចជាលក្ខណៈអន្តរជាតិនានារបស់អាមេរិកឡើយ ។
គួរបញ្ជាក់ជូនថា នារយៈពេលកន្លងមក ក្រៅពីស្ថាប័នរដ្ឋ និងអង្គការ NASA សហរដ្ឋអាមេរិក មិនដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនណាមួយទៅធ្វើការសិក្សាស្រាវជ្រាវនៅឋានព្រះចន្ទនោះទេ ។ ដូច្នេះ ការអនុញ្ញាតឲ្យក្រុមហ៊ុន Moon Express បង្ហោះយានអវកាសទៅចុះចតនៅឋានព្រះចន្ទ ដើម្បីរុករករ៉ែ និងវត្ថុមានតម្លៃនេះ គឺជារឿងប្រវត្តិសាស្ត្រដំបូងហើយសម្រាប់សហរដ្ឋអាមេរិក ។
ក្រុមហ៊ុន Moon Express ឬ MoonEx គឺជាក្រុមហ៊ុនឯកជនមួយរបស់សហរដ្ឋអាមេរិក មានទីស្នាក់ការធំនៅរដ្ឋ Florida សហរដ្ឋអាមេរិក ៕