ថ្ងៃ អាទិត្យ ទី ២៤ ខែ មីនា ឆ្នាំ ២០១៩

រឿង​ពិត​របស់​តុលាការ​ ៖​ បណ្តឹង​របស់​បុរស​ខ្លាំង​ គឺ​ដំណើរការ​នីតិវិធី​លឿន​ដូច​ព្រួញ​

​កាលពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ តាម​រយៈ​ឯកឧត្តម​មេធាវី​ គី​ តិច​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១៥៦​ ជា​មេធាវី​រាជរដ្ឋាភិបាល​ផង​ ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង​ និង​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ គឺ​បុរស​ខ្លាំង​បាន​ប្តឹង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម​ និង​ជា​បញ្ញវន្ត​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​កម្ពុជា​ដ៏​សកម្ម​ ទៅ​ស្ថាប័ន​តុលាការ​ បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣៦៥៥​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ និង​ចុះបញ្ជី​បណ្តឹង​(​លេខ​សំណុំរឿង​)​ភ្លាម​ គឺ​នៅ​ថ្ងៃ​ដដែល​ លោក​ព្រះរាជអាជ្ញា​រង​ លី​ សុ​ផា​ណា​ ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ផ្ទាល់​ បាន​ចេញ​ដីកាកោះ​លោក​ សម​ រ​ង្ស៊ី​ ជា​ជនជាប់សង្ស័យ​ភ្លាម​ដែរ​ ឲ្យ​ចូល​មក​បំភ្លឺ​ដើម្បី​ស្តាប់​ចម្លើយ​នៅ​តុលាការ​ នា​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ខាង​មុខ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ឃ្លាំមើល​កិច្ចការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​ប្រៀបធៀប​ទៅ​នឹង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល​គ្មាន​អំណាច​ និង​គ្មាន​លុយកាក់​ ជា​ជន​រង​គ្រោះ​ពិតប្រាកដ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ផ្សេងៗ​ដែល​ដាក់​ជូន​ទៅ​ស្ថាប័ន​តុលាការ​នោះ​ គឺ​ពាក្យបណ្តឹង​របស់​នាយក​រដ្ឋមន្ត្រី​តាម​រយៈ​មេធាវី​រាជរដ្ឋាភិបាល​ មាន​ងារ​ និង​ឋានៈ​ជា​ "​ឯកឧត្តម​"​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​ដំណើរការ​នីតិវិធី​លឿន​ដូច​ព្រួញ​តែ​ម្តង​ (​ប្តឹង​ថ្ងៃ​ទី​០១​ ខែសីហា​,​ចុះបញ្ជី​បណ្តឹង​បង្កើត​លេខ​សំណុំរឿង​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ និង​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ចេញ​ដីកាកោះ​ជនជាប់សង្ស័យ​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​)​ ។​

​ក្រុម​អ្នក​តាមដាន​កិច្ចការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ បាន​លើក​ឡើង​ដែរ​ថា​ តាម​រូបភាព​ជាក់ស្តែង​ ប្រសិនបើ​បណ្តឹង​របស់​មន្ត្រី​គណបក្ស​នយោបាយ​កាន់​អំណាច​ប្រឆាំង​ទៅ​លើ​មនុស្ស​របស់​គណបក្ស​នយោបាយ​ប្រឆាំង​ ឬ​បណ្តឹង​របស់​អ្នកមាន​ទ្រព្យសម្បត្តិ​ លុយកាក់​ ប្រឆាំង​ទៅ​លើ​ជន​ក្រីក្រ​តូចតាច​ គឺ​ដំណើរការ​នីតិវិធី​លឿន​ដូច​ព្រួញ​ និង​ចាត់ការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ព្រោងព្រាត​ បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​ហូរហែ​…​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​បណ្តឹង​នោះ​ជា​របស់​មនុស្ស​គណបក្ស​នយោបាយ​ប្រឆាំង​ទៅ​លើ​នាយក​រដ្ឋមន្ត្រី​ ឬ​មន្ត្រី​គណបក្ស​នយោបាយ​កាន់​អំណាច​ ឬ​បណ្តឹង​របស់​អ្នក​ក្រីក្រ​តូចតាច​ប្រឆាំង​ទៅ​លើ​អ្នកមាន​អំណាច​ អ្នកមាន​ទ្រព្យសម្បត្តិ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួន​ គឺ​ក្រៅពី​ដំណើរការ​នីតិវិធី​របៀប​ "​ស្ពឹក​ស្រពន់​"​ ឬ​ "​យឺត​ដូច​កៅស៊ូ​"​ ថែម​ទាំង​តំណាង​អយ្យការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ទៀត​ផង​ (Sic!)​ ។​

​នេះ​គឺជា​រឿង​ពិត​របស់​ស្ថាប័ន​តុលាការ​នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.