ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

តើ​រដ្ឋមន្ត្រីក្រសួង​ការងារ​ “​ហក់​រួច​”​ ជាមួយ​ ធី​ សុវណ្ណ​ថា​ សិស្ស​ធ្លាក់​បាក់​ឌុ​ប​ឆ្នាំ​២០១៥​ដែរ​ឬទេ​ ?

​កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​លិខិត​ព្រមាន​មួយ​ទៅ​លើ​កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​លោក​ ស្រី​ ចំរើន​ ក្នុង​រឿង​ធ្វើ​សកម្មភាព​សហជីព​ខុសច្បាប់​ (​មិន​បាន​ចុះបញ្ជី​ និង​ក្រៅ​ដែន​អនុវត្ត​)​ ដោយ​ក្រសួង​បាន​ដាក់​កំហិត​ថា​ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​សហជីព​ដោយ​មិន​បាន​ចុះបញ្ជី​ជា​បន្ទាន់​ ដែល​ការ​ព្រមាន​នេះ​ បាន​កើតឡើង​បន្ទាប់​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ គោរព​ជូន​ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្តី​អំពី​ករណី​លោក​ ស្រី​ ចំរើន​ និង​កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្រតិបត្តិ​ការងារ​មួយ​ចំនួន​ដោយ​អះអាង​ថា​ ខ្លួន​ជា​តំណាង​សហជីព​ និង​សហជីព​ស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​មើល​ និង​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​សកម្មភាព​ទាំងនោះ​ (​ក្នុង​ករណី​មានការ​ប្រព្រឹត្ត​ល្មើសច្បាប់​)​ ។​

​ជា​ការ​ឆ្លើយ​តប​វិញ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ Post​ នៅ​ក្នុង​ Page​ នៃ​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ នា​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៦​ថា​ "​នាង​ខ្ញុំ​មិន​ទាន់​ទទួលយក​ការ​ព្រមាន​ពី​ក្រសួង​ការងារ​ទេ​ ពេល​នេះ​ខ្ញុំ​និង​ក្រុម​អ្នក​ច្បាប់​របស់​នាង​ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​នេះ​…"​ ។​

​យោង​តាម​សម្តី​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ជា​សិស្ស​បំពេញវិជ្ជា​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​(​ហៅ​កាត់​ថា​ បាក់​ឌុ​ប​)​ កាលពី​សម័យ​ប្រឡង​ឆ្នាំ​២០១៥​កន្លង​ទៅ​ (​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​)​ បែប​នេះ​ គឺ​បាន​បង្ហាញ​ថា​ នាង​មិន​សុខចិត្ត​ទៅ​នឹង​ការ​ព្រមាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ងាយៗ​នោះ​ទេ​ រួម​ជាមួយនឹង​ចរិត​អំនួត​របស់​នាង​តាម​ Facebook​ ផង​ អាច​ជំរុញ​ឲ្យ​នាង​តវ៉ា​នឹង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែម​ទៀត​ ។​

​ក្រុម​អ្នកលេង​ Facebook​ ដ៏​សកម្ម​មួយ​ចំនួន​បាន​នាំ​គ្នា​ Comments​ ថា​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ​ ប្រយ័ត្ន​ ធី​ សុវណ្ណ​ថា​ ប្តឹង​ ដោយ​ក្រសួង​ហ៊ាន​ចេញ​លិខិត​ព្រមាន​នាង​ដូច្នេះ​ ដ្បិត​នាង​មាន​រហស្សនាម​ថា​ "​ជួប​ប្តឹង​"​ ស្រាប់​ផង​ (Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ទិដ្ឋភាព​ផ្លូវច្បាប់​(​ជា​ពិសេស​ច្បាប់​ស្តី​ពី​សហជីព​)​ និង​សកម្មភាព​ជាក់ស្តែង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ គឺ​សកម្មភាព​របស់​នាង​ជា​ការ​ប្រព្រឹត្ត​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជា​តំណាង​សហជីព​ ដូច​ការ​ព្រមាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​ឥត​ប្រកែក​បាន​ ។​

​ទោះ​យ៉ាងណា​ សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងអស់​គ្នា​រង់ចាំ​តាមដាន​មើល​ តើ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មាន​ទីប្រឹក្សា​ និង​ជំនួយការ​អម​ក្រសួង​ព្រោងព្រាត​ស្រាប់​នោះ​ អាច​ "​ហក់​រួច​"​ ជាមួយ​កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​ក្រុម​អ្នក​ច្បាប់​របស់​នាង​ដែរ​ឬទេ​ ឬ​ក៏​រដ្ឋមន្ត្រីក្រសួង​ការងារ​ត្រូវ​សុំ​ជំនួយ​ពី​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឬ​ពី​មេធាវី​រាជរដ្ឋាភិបាល​ ដើម្បី​បង្កើន​ថាមពល​បន្ថែម​ទៀត​ ទើប​អាច​ទប់ទល់​រួច​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.