យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ធ្វើឡើងដោយឯកឧត្តម មេធាវី គី តិច សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១៥៦ ជាមេធាវីរាជរដ្ឋាភិបាល ជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី(មានឋានៈស្មើរដ្ឋមន្ត្រី) និងជាមេធាវីតំណាងដោយអាណត្តិឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកជំទាវ ថាក់ ឡានី សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សសម រង្ស៊ី ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ បានបង្ហាញថា បុរសខ្លាំងសុំឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី និងលោកជំទាវ ថាក់ ឡានី តាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន១០០(មួយរយ)រៀលក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងការនិយាយទម្លាក់កំហុសលើរាជរដ្ឋាភិបាល និងបុរសខ្លាំងថា សម្លាប់លោកបណ្ឌិត កែម ឡី ។
ពាក្យបណ្តឹងរបស់ឯកឧត្តមមេធាវី គី តិច បានយកការសរសេររបស់លោក សម រង្ស៊ី នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុង Page នៃបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ថា "…ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀតរៀបចំដោយរដ្ឋអំណាច" និងកិច្ចសម្ភាសន៍នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ជាមួយវិទ្យុអាស៊ីសេរី ដើម្បីដាក់បន្ទុកប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។
ដោយឡែក ពាក្យបណ្តឹងរបស់ឯកឧត្តមមេធាវី គី តិច ដដែល បានយកការថ្លែងជា Video Clip របស់លោកជំទាវ ថាក់ ឡានី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្នុងវេទិកាសាធារណៈមួយនៅខេត្តរតនគិរីថា "…ហើយឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើងៗ ទៅបាញ់លោក កឹម ឡី (សំដៅលោក កែម ឡី) អ្នកវិភាគនយោបាយ ឃើញទេ…" ដើម្បីដាក់បន្ទុកប្តឹងលោកជំទាវ ថាក់ ឡានី សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៣ មកពីគណបក្ស សម រង្ស៊ី ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការទាមទារសំណងជំងឺចិត្តរបស់បុរសខ្លាំងបញ្ជាក់អំពីទំហំជួសជុលការខូចខាតកិត្តិយស និងកិត្យានុភាពដែលបណ្តាលមកពីអំពើល្មើសរបស់លោក សម រង្ស៊ី និងលោកជំទាវ ថាក់ ឡានី ក្នុងម្នាក់ៗចំនួន១០០(មួយរយ)រៀលនោះ គឺបានបង្ហាញថា ព្យសនកម្មដែលបុរសខ្លាំង និងរាជរដ្ឋាភិបាលបានទទួល មិនមានទំហំធំធេងអ្វីឡើយ ប៉ុន្តែប្រការសំខាន់ដែលបុរសខ្លាំងចង់បានបំផុតនោះ គឺចង់ឲ្យស្ថាប័នតុលាការធ្វើបណ្តឹងអាជ្ញា ក្នុងគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសទៅលើលោក សម រង្ស៊ី និងលោកជំទាវ ថាក់ ឡានី តែម្តង ។
ដូច្នេះ មជ្ឈដ្ឋាននានារង់ចាំតាមដានមើលនូវចំណាត់ការរបស់ស្ថាប័នតុលាការ ដែលល្បីថា "មិនឯករាជ្យ" នោះ តើនឹងចោទប្រកាន់បើកការស៊ើបសួរនិងផ្តន្ទាទោសទៅលើលោក សម រង្ស៊ី និងលោកជំទាវ ថាក់ ឡានី យ៉ាងណាដែរ ក្នុងករណីព្យសនកម្មមានកម្រិតតូចតាចបែបនេះ ? ៕