បន្ទាប់ពី Post នូវ Video នៃសកម្មភាពប្រគល់ពានរង្វាន់ជ័យលាភីក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅក្នុង Page Facebook នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញរួចមក មានអ្នកលេង Facebook ម្នាក់ទំនងជាជនជាតិយួនផងដែលប្រើប្រាស់ Account Facebook ឈ្មោះ «Phạm Đức Hiển» បានចូល Comment ជាអក្សរខ្មែរក្នុងPage របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា «លោក ហ៊ុន សែន ក្បត់វៀតណាម» បានធ្វើឲ្យបុរសខ្លាំង «ឆេះដុំ» និង «ព្រមានធ្ងន់ៗ» តបវិញនៅក្នុងពេលរាត្រីនាថ្ងៃដដែល ។
បុរសខ្លាំងបានសរសេរតបទៅនឹង Comment របស់អ្នកលេង Facebook ដែលទំនងជាជនជាតិយួនចេះខ្មែរនោះវិញថា «ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម ?តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ ?លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ៉របស់ខ្ញុំ ។វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលត្រូវស្មោះត្រង់នោះទេ ។បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ ។ ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យ អធិបតេយ្យភាពដែលត្រូវទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទ្ធិ ។ សុំលោកបញ្ជូនសារនេះជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាមតែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាមុីអាថោងដូចលោកនេះឯង ។»៕