ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

មេធាវី​ម្នាក់​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​ ព្រោះ​បំពាន​លើ​លក្ខន្តិកៈ​ និង​ក្រមសីលធម៌​មេធាវី​

​បន្ទាប់​ពី​មានការ​ចោទប្រកាន់​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​នា​សម័យប្រជុំ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៦​ និង​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​ នា​សម័យប្រជុំ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ លោក​មេធាវី​ ស៊ុន​ សំ​អុល​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៦៨៨​ ត្រូវ​បាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​ ដោយ​សេចក្តីសម្រេច​លេខ​១២២/​សស​គម​/១៦​ ចុះ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ ព្រោះតែ​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​បំពាន​លើ​លក្ខន្តិកៈ​ និង​ក្រមសីលធម៌​មេធាវី​ ។​

​ការ​សម្រេច​លុបឈ្មោះ​លោក​មេធាវី​ ស៊ុន​ សំ​អុល​ អត្តលេខ​៦៨៨​ ចេញពី​បញ្ជី​គណៈមេធាវី​ដូច្នេះ​ គឺជា​ទណ្ឌកម្ម​ជា​បទ​វិន័យ​យ៉ាងធ្ងន់ធ្ងរ​ បើ​យោង​តាម​មាត្រា​៦៣​ ចំណុច​ទី​៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ ។​

​អនុលោម​តាម​មាត្រា​២៥​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ គឺ​លោក​ ស៊ុន​ សំ​អុល​ អាច​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​នឹង​សេចក្តីសម្រេច​របស់​គណៈមេធាវី​ក្នុង​រយៈពេល​០២​ខែ​ ចាប់ពី​ថ្ងៃ​ទទួល​ដំណឹង​ ។​

​លោក​ ស៊ុន​ សំ​អុល​ អាយុ​៣១​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៦៨៨​ នា​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០០៩​ និង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មេធាវី​ សូ​ឡូ​មុង​ គ្រុប​ (Solomon​ Law​ Group)​ ។​

​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាងលើ​ លោក​ ស៊ុន​ សំ​អុល​ ជា​សាមីខ្លួន​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​គិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ ដ្បិត​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.