ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

សហជីព​សេរី​កម្មករ​ស្នើ​រដ្ឋមន្ត្រីក្រសួង​ការងារ​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អំពើ​របស់​ ស្រី​ ចំរើន​ និង​ ធី​ សុវណ្ណ​ថា​ ដែល​អះអាង​ថា​ ជា​តំណាង​សហជីព​

​នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC)​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​មើល​ និង​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​សកម្មភាព​របស់​បុរស​ឈ្មោះ​ ស្រី​ ចំរើន​ និង​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ព្រមទាំង​បក្ខពួក​ ដែល​ប្រតិបត្តិ​ការងារ​មួយ​ចំនួន​ ដោយ​អះអាង​ថា​ ខ្លួន​ជា​តំណាង​សហជីព​ ។​

​លិខិតផ្លូវការ​លេខ​១៦៩/១៦​ ស​សក​ពក​ ចុះ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​ថា​ "​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ ស្រី​ ចំរើន​ និង​កញ្ញា​ ធី​ សុវណ្ណ​ថា​ ព្រមទាំង​បក្ខពួក​ បាន​ប្រតិបត្តិ​ការងារ​មួយ​ចំនួន​ដោយ​អះអាង​ថា​ ខ្លួន​ជា​តំណាង​សហជីព​(​ដូច​មាន​ឯកសារ​ជា​ព័ស្តុតាង​យោង​ជូន​ភ្ជាប់​មក​ជាមួយ​)​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ផ្តោតអារម្មណ៍​សង្ស័យ​ថា​ សកម្មភាព​ទាំងនោះ​អាច​ប្រព្រឹត្ត​ឡើង​ដោយ​មិន​ចុះបញ្ជី​សហជីព​ និង​ក្រៅ​ដែន​អនុវត្ត​ ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​មាត្រា​៨០​ និង​មាត្រា​៨១​ នៃ​ច្បាប់​ស្តី​ពី​សហជីព​ ។​ ដូច្នេះ​ ដើម្បី​ធានា​ដល់​ផលប្រយោជន៍​ និង​រក្សា​កិត្យានុភាព​នៃ​ច្បាប់​ស្តី​ពី​សហជីព​ ខ្ញុំ​សូម​សំណូមពរ​ឯកឧត្តម​មេត្តា​ត្រួតពិនិត្យ​មើល​ និង​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​សកម្មភាព​របស់​លោក​ ស្រី​ ចំរើន​ និង​កញ្ញា​ ធី​ សុវណ្ណ​ថា​ ព្រមទាំង​បក្ខពួក​(​ក្នុង​ករណី​មានការ​ប្រព្រឹត្ត​ល្មើសច្បាប់​)​ ដោយ​ក្តី​អនុគ្រោះ​ ។​ "​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៦​ បុរស​ឈ្មោះ​ ស្រី​ ចំរើន​ និង​បក្ខពួក​ដែល​អះអាង​ថា​ខ្លួន​ជា​តំណាង​សហជីព​នោះ​ បាន​ដាក់​លិខិត​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្នើ​សុំ​ជួបជុំ​គ្នា​ដាក់​ញត្តិ​ជូន​រដ្ឋសភា​ប្រឆាំង​នឹង​ការ​ស្នើ​សុំ​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​សហភាព​អឺរ៉ុប​បិទ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ ហើយ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​គ្នា​នា​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ រួច​ចាត់​តំណាង​ចំនួន​១០​នាក់​យក​ញត្តិ​ទៅ​ជូន​រដ្ឋសភា​ តាម​លិខិត​លេខ​៦២១/១៦​ឆត​.​ច​ ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៦​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៦​ បុរស​ឈ្មោះ​ ស្រី​ ចំរើន​ និង​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ព្រមទាំង​បក្ខពួក​ ក៏​ធ្លាប់​បាន​ចេញ​លិខិត​ព្រមាន​មួយ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ពោល​គឺ​រៀប​គម្រោង​ធ្វើ​បាតុកម្ម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិនបើ​សហភាព​អឺរ៉ុប​បិទ​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ តាម​សំណើ​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អះអាង​ថា​ ខ្លួន​ជា​ "​តំណាង​សហជីព​…"​ ។​

​មាត្រា​៨០​នៃ​ច្បាប់​ស្តី​ពី​សហជីព​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៥១៦/០០៧​ ចុះ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ បាន​ចែង​ថា​ "​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​សហជីព​ ឬ​សមាគម​និយោជក​ ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ​ ដោយ​មិន​បាន​ចុះបញ្ជី​ ។​ បទ​ប្បញត្តិ​នៃ​កថាខណ្ឌ​ទី​១​ខាងលើ​នេះ​ ត្រូវ​យក​មក​អនុវត្ត​ដូច​គ្នា​ផង​ដែរ​ ចំពោះ​ករណី​ដែល​សហជីព​ ឬ​សមាគម​និយោជក​ត្រូវ​បាន​លុប​បញ្ជិកា​ ឬ​ត្រូវ​បាន​រំលាយ​ ។​ ក្នុង​ករណី​មិន​គោរព​តាម​ការ​ព្រមាន​ខាងលើ​ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​មិន​លើស​ពី​៥​លាន​រៀល​ ។​ "​ ។​

​មាត្រា​៨១​នៃ​ច្បាប់​ស្តី​ពី​សហជីព​ដដែល​ បាន​ចែង​ថា​ "​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្រៅ​ដែន​អនុវត្ត​តាម​ទីតាំង​ភូមិសាស្ត្រ​ ឬ​តាម​វិជ្ជាជីវៈ​ ឬ​តាម​វិស័យ​ដែល​បាន​កំណត់​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន​ ។​ ក្នុង​ករណី​មិន​គោរព​តាម​ការ​ព្រមាន​ខាងលើ​ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​មិន​លើស​ពី​៥​លាន​រៀល​ ។​ "​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.