ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

មេធាវី​ស្រវឹង​ធ្លាក់​ភ្នែក​ បើកបរ​រថយន្ត​ទំនើប​បុក​រះ​ម៉ូតូ​៤​គ្រឿង​ និង​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ទាំង​រាត្រី​

​កាលពី​វេលា​ម៉ោង​២៣​ រាត្រី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​មុខ​ហាង​លក់​ផ្លែ​ឈើ​ស្រស់​ ឡោ​ មុ​យ​ស្រេង​ ឋិត​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​ Land​ Cruiser​ 470​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2-3989​ រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​៧​ផ្ទាំង​ រួច​បន្ត​បុក​រះ​ទោចក្រយានយន្ត​៣​គ្រឿង​ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ទៀត​ ទើប​រថយន្ត​ទៅ​មុខ​លែង​រួច​ ប៉ុន្តែ​ជា​កុសល​ ពុំ​មាន​បង្ក​រង​របួស​ធ្ងន់ធ្ងរ​ ឬ​គ្រោះថ្នាក់​ដល់​ជីវិត​ដល់​មនុស្ស​ម្នា​ទេ​ ខណៈ​បុរស​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ដែរ​ ។​

​បុរស​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ថា​ មានឈ្មោះ​ សំរេច​ កុសល​ អាយុ​៣៦​ឆ្នាំ​ ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៨០០​ ស្នាក់​នៅផ្ទះ​លេខ​១៧AB​ ផ្លូវ​លេខ​៣៤៨​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​១​គ្រឿង​បើកបរ​ទំនងជា​ស្រវឹង​ផង​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងមាន​ល្បឿន​យ៉ាង​លឿន​ លុះដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​ផ្ទាំង​ រួច​រថយន្ត​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​បន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង​ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ និង​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ដោយ​គាប​ពីក្រោម​រថយន្ត​ ទើប​រថយន្ត​ទៅ​មុខ​លែង​រួច​ ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ​ ។​

​ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​និង​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ លោក​ សំរេច​ កុសល​ អាយុ​៣៦​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១១​ មាន​អត្តលេខ​៨០០​ និង​បម្រើ​ការងារ​នៅ​ការិយាល័យ​សាខា​នៃ​ក្រុម​មេធាវី​ កម្ពុជរដ្ឋ​ (​ប្រចាំ​ខេត្តកណ្តាល​)​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.