ថ្ងៃ អាទិត្យ ទី ២៤ ខែ មីនា ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួង​ការងារ​គួរ​មាន​វិធានការ​តាមដាន​ចំណាត់ការ​ស្ថាប័ន​តុលាការ​ លើ​ករណី​រោងចក្រ​បិទទ្វារ​អាជីវកម្ម​ ថៅកែ​ជំពាក់​លុយ​កម្មករ​

​ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ដល់​កម្មករ​ កម្មការិនី​ខ្មែរ​បម្រើ​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ពន់ពេក​ណាស់​ ដែល​ធ្វើការ​ឲ្យ​រោងចក្រ​ជា​មុន​ ទើប​អាច​បើកប្រាក់​ឈ្នួល​តាម​ក្រោយ​ ប៉ុន្តែ​បែរជា​មាន​ថៅកែ​រោងចក្រ​ខ្លះ​ប្រើ​គ្រប់​ល្បិច​កល​បិទទ្វារ​អាជីវកម្ម​ រត់​ចោល​រោងចក្រ​ ហើយ​ជំពាក់​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​ និយោជិត​ មិន​ចេញ​មុខ​មក​ដោះស្រាយ​ទៅ​វិញ​ ខណៈ​យោង​តាម​ពាក្យបណ្តឹង​របស់​ភាគី​កម្មករ​ និយោជិត​រង​គ្រោះ​ គឺ​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​អគ្គនាយកដ្ឋាន​ការងារ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ត្រឹម​ធ្វើ​ពាក្យសុំ​ការ​ជួយ​អន្តរាគមន៍​ទៅ​សាលាដំបូង​រាជធានី​-​ខេត្ត​ និង​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ទុក​ចោល​មិន​ពិចារណា​ចាត់ការ​ប៉ុណ្ណោះ​ ។​

​ស្មារតី​លិខិត​លេខ​៥៥០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០០៩​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ស្តី​អំពី​ករណី​រោងចក្រ​កាត់ដេរ​បិទទ្វារ​អាជីវកម្ម​ ដោយ​ថៅកែ​រត់​ចោល​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ និយោជិត​ ត្រង់​ចំណុច​ទី​១​ ផ្នែក​"​ខ​"​ បាន​ចែង​ថា​ "​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ដួល​រលំ​ ហើយ​ថៅកែ​រត់​ចោល​រោងចក្រ​ ឬ​ម្ចាស់​ក្រុមហ៊ុន​មាន​វត្តមាន​ តែ​គ្មាន​ប្រាក់​ ត្រូវ​តែ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ ដោយ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចាត់ការ​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ការពារ​យុត្តិធម៌​ឲ្យ​កម្មករ​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ជៀសវាង​ការ​លួច​បន្លំ​របស់​ជនខិលខូច​ ។​ "​ ។​

​ព័ស្តុតាង​មួយ​បាន​បង្ហាញ​ថា​ ករណី​និយោជក​(​ថៅកែ​)​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ធី​ជី​អិ​ម​ប៊ី​ &​ អិន​ ហ្គា​មេន​ (​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី​ "TGMB​ &​ N​ Garment​ (Cambodia)​ Co.,​ Ltd."​ អតីត​រោងចក្រ​ឈ្មោះ​ ប៊ី​ &​ អិន​ ហ្គា​មេន​ (​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ "B​ &​ N​ Garment​ (Cambodia)​ Co.,​ Ltd."​ បិទទ្វារ​អាជីវកម្ម​ ថៅកែ​រត់​ចោល​រោងចក្រ​ តែ​ជំពាក់​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​ និយោជិត​នៅឡើយ​ ទោះបី​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​អគ្គនាយកដ្ឋាន​ការងារ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដាក់​ពាក្យសុំ​ការ​ជួយ​អន្តរាគមន៍​ទៅ​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​កម្មករ​ កម្មការិនី​ជា​អាណត្តិ​ទាយក​-​ទាយិកា​ ប្តឹង​សុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ក៏​ដោយ​ ក៏​លោក​ចៅក្រម​ ថា​ន់​ ឡេ​ង​ ជា​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​ចេញ​ដីកា​សម្រេច​លើកចោល​ពាក្យ​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ​នោះ​ចោល​ទាំងស្រុង​ ដោយ​សំអាង​លើ​ហេតុផល​ថា​ គ្មាន​អាសយដ្ឋាន​របស់​ថៅកែ​រោងចក្រ​ជា​ភាគី​ចុង​ចម្លើយ​ ឬ​ជា​ភាគី​កូនបំណុល​ទៅ​វិញ​ (Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នក​តាមដាន​វិវាទ​ការងារ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នាយកដ្ឋាន​វិវាទ​ការងារ​នៃ​អគ្គនាយកដ្ឋាន​ការងារ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គួរតែ​ចេញ​មុខ​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ជំនួស​កម្មករ​ និយោជិត​ ជា​ភាគី​រង​គ្រោះ​ព្រោះ​ថៅកែ​រោងចក្រ​បិទទ្វារ​អាជីវកម្ម​ និង​រត់​ចោល​ជំពាក់​ប្រាក់​ឈ្នួល​ ដោយ​កំណត់​អំពី​ឈ្មោះ​ និង​អាសយដ្ឋាន​របស់​ថៅកែ​រោងចក្រ​ដែល​ជា​ចុង​ចម្លើយ​ ឬ​កូនបំណុល​ឲ្យ​បាន​ច្បាស់លាស់​ ក្រែងលោ​ស្ថាប័ន​តុលាការ​អាច​ភ្ញាក់រលឹក​ដំណើរការ​នីតិវិធី​បាន​ខ្លះៗ​ ។​ ម្យ៉ាងទៀត​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ គប្បី​រាយការណ៍​អំពី​កិច្ចការ​នេះ​ជម្រាប​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ដើម្បី​ចូលរួម​សហការ​អន្តរាគមន៍​មក​ស្ថាប័ន​តុលាការ​ដោះស្រាយ​ ទើប​ជា​ការ​ប្រសើរ​ ក្នុង​កាលៈទេសៈ​មិន​ទាន់​មាន​តុលាការ​ការងារ​សម្រាប់​ដោះស្រាយ​វិវាទ​ការងារ​ ។​

​សរុបសេចក្តី​មក​ កម្មករ​ កម្មការិនី​កម្ពុជា​ សូម​សំណូមពរ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ មេត្តា​មាន​វិធានការ​តាមដាន​ចំណាត់ការ​របស់​មន្ត្រី​ក្រោម​ឱវាទ​ (​នាយកដ្ឋាន​វិវាទ​ការងារ​)​ និង​ស្ថាប័ន​តុលាការ​ លើ​ករណី​រោងចក្រ​បិទទ្វារ​អាជីវកម្ម​ ថៅកែ​រត់​ចោល​ជំពាក់​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​ និយោជិត​ផង​ តើ​មានបាន​ដាក់​លិខិតផ្លូវការ​ទៅ​ស្ថាប័ន​តុលាការ​ដែរ​ឬទេ​ និង​ហេតុ​អ្វី​បានជា​ស្ថាប័ន​តុលាការ​មិន​ចាត់ការ​ដោះស្រាយ​ ?​ ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​កម្មករ​ និយោជិត​ជា​ភាគី​ជន​រង​គ្រោះ​ដ៏​សែន​ឈឺចាប់​ ៕​

 

 

 

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.