ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កម្ភៈ ឆ្នាំ ២០២០

សិស្ស​ និស្សិត​ អាច​ដាក់​ពាក្យ​ប្រឡង​ប៉ូលិស​នៅ​ភ្នំពេញ​ ដែល​ត្រូវ​ជ្រើសរើស​ចំនួន​៦៣៥​នាក់​រហូត​ដល់​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៦

​យោង​តាម​ការ​ប្រកាស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវការ​ជ្រើសរើស​យុវជន​ដែល​ជា​សិស្ស​ និស្សិត​ចំនួន​៦៣៥​នាក់​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ សម្រាប់​បំពេញបន្ថែម​ឲ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​,​ ការិយាល័យ​ប្រឆាំង​ភេរវកម្ម​,​ ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​,​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នោះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ឲ្យ​ដឹង​ថា​ បេក្ខជន​អាច​ដាក់​ពាក្យ​ប្រឡង​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូត​ដល់​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៦​ខាង​មុខ​ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​ (​បរិវេណ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​)​ ។​

​សេចក្តីជូនដំណឹង​០២៣/១៦​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៦​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ត្រូវការ​ជ្រើសរើស​ចំនួន​១៤៥​នាក់​,​ ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ចំនួន​០៣​នាក់​,​ ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​ចំនួន​០៣​នាក់​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំនួន​៤៨៤​នាក់​ ដោយ​មាន​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ដូច​ខាងក្រោម​ ៖

១-​សញ្ជាតិ​ខ្មែរ​ មាន​ជីវប្រវត្តិ​ច្បាស់លាស់​ និង​មិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នានា​ ។​
២-​សុខភាព​ល្អ​ កាយសម្បទា​មាំមួន​ និង​គ្មាន​ជំងឺឆ្លង​ ។​
៣-​បុរស​មាន​កម្ពស់​ចាប់ពី​១,៦៧​ម៉ែត្រ​ឡើង​ (​មាន​ទម្ងន់​ពី​៥៧-៦៧​គីឡូក្រាម​)​ និង​នារី​កម្ពស់​ចាប់ពី​១,៥៧​ម៉ែត្រ​ឡើង​ (​មាន​ទម្ងន់​ពី​៤៧-៥៧​គីឡូក្រាម​)​ ។​
៤-​កម្រិតវប្បធម៌​ជាតិ​ចាប់ពី​មធ្យមសិក្សា​ទុតិយភូមិ​ឡើង​ទៅ​ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ​ឡើង​ ។​
៥-​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ​សម្រាប់​មធ្យមសិក្សា​ទុតិយភូមិ​ (​សញ្ញាបត្រ​បរិញ្ញាបត្រ​អាយុ​៣០​ឆ្នាំ​ចុះ​)​ ។​
៦-​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​ចេញ​ដោយ​ចៅសង្កាត់​ ។​
៧-​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ និង​វិភាគឈាម​ (​រោគ​ថ្លើម​,​ អេ​ដស៍​ និង​សារជាតិ​ញៀន​)​ ។​
៨-​ពាក្យសុំ​ចូល​បម្រើ​ការងារ​ សាមីខ្លួន​ត្រូវ​មក​ទំនាក់ទំនង​ជាមួយ​ក្រុមការងារ​នៅ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ដាក់​វិញ​ដោយ​ផ្ទាល់ខ្លួន​នៅ​ទីកន្លែង​ដែល​បាន​ទទួល​ពាក្យ​ (​ដោយ​ភ្ជាប់​ជាមួយ​នូវ​សញ្ញាបត្រ​ អត្តសញ្ញាណប័ណ្ណ​ សំបុត្រ​កំណើត​ សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​)​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.