ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កម្ភៈ ឆ្នាំ ២០២០

អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​ កែម​ ឡី​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ បង្ក​ការ​បាត់បង់​ធនធានមនុស្ស​បណ្តុះ​គំនិត​សិក្សា​ស្រាវជ្រាវ​ដ៏​សំខាន់​ម្នាក់​

​កម្ពុជា​បាន​បាត់បង់​ធនធានមនុស្ស​ខាង​ការ​បណ្តុះ​គំនិត​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​ដ៏​សំខាន់​ម្នាក់​ទៀត​ហើយ​ បន្ទាប់​ពី​លោក​ កែម​ ឡី​ អាយុ​៤៦​ឆ្នាំ​ ជា​ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម​ ត្រូវ​ឃាតក​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំនួន​២​គ្រាប់​ ដោយ​កាំភ្លើងខ្លី​ម៉ាក​ GLock​ ត្រូវ​ចំ​ក្បាល​ និង​ដើមដៃ​បៀម​គ្រាប់​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​ឋិត​នៅ​ហាង​លក់ទំនិញ​ (Star​ Mart)​ ស្ថានីយ៍​ប្រេងឥន្ធនៈ​ Caltex​ ស្តុ​ប​បូកគោ​ កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស​ និង​មហាវិថី​ម៉ៅ​សេ​ទុង​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ប្រមាណ​០៩​ព្រឹក​ នា​ថ្ងៃអាទិត្យ​ ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ ព្រមទាំង​បន្សល់​ទុក​នូវ​ស្ត្រី​ជា​ភរិយា​ក្លាយជា​ស្ត្រី​មេម៉ាយ​កំពុង​ពពោះ​ផង​ និង​កូនប្រុស​ចំនួន​៤​នាក់​ ដែល​កូនច្បង​អាយុប្រមាណ​១៤​ឆ្នាំ​ក្លាយជា​ក្មេង​កំព្រា​ឪពុក​ផង​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​អះអាង​ឲ្យ​ដឹង​ថា​ ឃាតក​ខ្មាន់កាំភ្លើង​មិន​មាន​បង្ក​ការ​ប៉ះទង្គិច​អ្វី​ជាមួយ​លោក​ កែម​ ឡី​ ជា​ជន​រង​គ្រោះជា​មុន​ទេ​ គឺ​បាន​ដើរ​សំដៅ​ និង​លើក​កាំភ្លើងខ្លី​បាញ់​មក​លើ​លោក​ កែម​ ឡី​ ឲ្យ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​មាន​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ភ្លាមៗ​ សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ជួប​ សម្លាប់​ អាយុ​៣៨​ឆ្នាំ​ ជា​កម្មករ​ចម្ការ​ដំណាំ​នៅ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ នៅ​ត្រង់​ចំណុច​វិ​ថី​សុធារស​ ក្បែរ​វត្ត​ស្វាយ​ពពែ​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ហើយ​ជនសង្ស័យ​បាន​ផ្តល់​ចម្លើយ​សារភាព​ថា​ ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ដោយសារ​លោក​ កែម​ ឡី​ ជំពាក់​លុយ​ខ្លួន​មិន​ព្រម​សង​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​ហើយ​ ។​

​ដោយឡែក​ អ្នកស្រី​ ប៊ូ​ រចនា​ អាយុ​៣៦​ឆ្នាំ​ ដែល​ជា​ភរិយា​របស់​លោក​ កែម​ ឡី​ កំពុង​ពពោះ​ផង​ បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ ស្វាមី​របស់​អ្នកស្រី​មិន​មានការ​ជំពាក់​លុយ​នរណា​ទេ​ ហើយ​ការ​បាញ់​សម្លាប់​ស្វាមី​អ្នកស្រី​ដ៏​ព្រៃផ្សៃ​នេះ​ គឺជា​រឿង​នយោបាយ​ ។​

​លោក​ ជា​ មុនី​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ​នៃ​ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ ដោយ​ប្រដូច​ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ដូច​គ្នា​នឹង​ករណី​បាញ់​សម្លាប់​លោក​ ជា​ វិជ្ជា​ ជា​បងប្រុស​បង្កើត​របស់​លោក​ កាលពី​ឆ្នាំ​២០០៤​ដែរ​ ។​ លោក​ ជា​ មុនី​ បាន​បន្ថែម​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ និង​អះអាង​ថា​ជា​ឃាតក​នោះ​ ឆ្លើយ​សារភាព​សុទ្ធតែ​មាន​សំអាង​ និង​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំងអស់​…​ ដូច្នេះ​ ប្រាកដ​ណាស់​ គឺ​អាច​មាន​អ្នក​ឋិត​នៅ​ពីក្រោយ​ខ្នង​ឃាតក​ និង​ម្យ៉ាងទៀត​ ករណី​បាញ់​សម្លាប់​លោក​ កែម​ ឡី​ មិន​ពាក់ព័ន្ធ​នឹង​រឿង​ឯកជន​ផ្ទាល់ខ្លួន​ទេ​ ។​

​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​ព័ត៌មាន​សង្គម​ Facebook​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចូលរួម​មរណទុក្ខ​ចំពោះ​មរណភាព​របស់​លោក​ កែម​ ឡី​ និង​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​ ព្រមទាំង​សូម​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ករណី​នេះ​ និង​ខិតខំ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​ចាត់វិធានការ​ពង្រឹង​សន្តិសុខ​ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ ។​

​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ដែល​ជា​បញ្ញវន្ត​មាន​ស្មារតី​បណ្តុះ​គំនិត​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​ដ៏​សកម្ម​មួយ​រូប​នា​ពេល​នេះ​ គឺ​កើតឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​អង្គការ​ Global​ Witness​ បញ្ចេញ​របាយការណ៍​លាតត្រដាង​នូវ​បណ្តាញ​មុខ​ជំនួញ​ជា​ប្រព័ន្ធ​របស់​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ក៏​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ព្រមៗ​គ្នា​ផង​ដែរ​ពី​កូនប្រុស​-​ស្រី​របស់​បុរស​ខ្លាំង​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ និង​វិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ លោក​ កែម​ ឡី​ គឺជា​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​ដ៏​សកម្ម​ម្នាក់​ ប៉ុន្តែ​មិនដឹង​ច្បាស់​ថា​ ទិន្នន័យ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ កែម​ ឡី​ អាច​ធ្លាក់​ដល់​ក្នុង​ដៃ​របស់​អង្គការ​ Global​ Witness​ ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ ?​ ទោះ​យ៉ាងណា​ក៏​ដោយ​ មរណភាព​របស់​លោក​ កែម​ ឡី​ ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ គឺជា​ការ​បាត់បង់​បញ្ញវន្ត​ ជា​ធនធានមនុស្ស​ខាង​បណ្តុះ​គំនិត​សិក្សា​ស្រាវជ្រាវ​ដ៏​សំខាន់​ម្នាក់​របស់​កម្ពុជា​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត​ ៕​

 

 

 

 

 

 

 

 

 

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.