ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

បណ្ឌិត​ដែល​ល្បីឈ្មោះ​ខាង​បំបាក់​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ​ ក្នុង​សំណុំរឿង​អាស្រូវ​ “​ឃើញ​ស្រី​ទ្រាំ​មិន​បាន​”

​នា​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ​ មានរឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង​ គឺ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​កម្រិតវប្បធម៌​អះអាង​ថា​ថ្នាក់បណ្ឌិត​ម្នាក់​ផង​ ក្នុង​នាម​ជា​គណៈប្រតិភូ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ទៅ​ចូលរួម​សិក្ខាសាលា​នៅ​សាធារណរដ្ឋ​កូរ៉េ​ (​កូរ៉េ​ខាងត្បូង​)​ ឈ្មោះ​ គ្រី​ ស៊ា​ង​ឡុ​ង​ ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​ បែរជា​ប្រព្រឹត្ត​អំពើ​ថោកទាប​ ដោយ​បាន​លូកដៃ​ឱប​ចង្កេះ​ និង​ប៉ុនប៉ង​ថើប​(​បៀតបៀន​រាង​កាយ​)​នារី​អ្នកបកប្រែ​ជនជាតិ​កូរ៉េ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​កូរ៉េ​ចាប់​ឃាត់ខ្លួន​ដាក់​មន្ទីរឃុំឃាំង​កសាង​សំណុំរឿង​ទៅ​ស្ថាប័ន​តុលាការ​កូរ៉េ​ខាងត្បូង​សម្រេច​ពិន័យ​ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ ព្រមទាំង​សេវា​ផ្លូវច្បាប់​ចំនួន​១៤.១០០.០០០​វុន​(​ប្រមាណ​១២.១៨៨​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​ក្រោយ​ការ​បង់ប្រាក់​ពិន័យ​ និង​សំណង​ជំងឺ​ចិត្ត​ដល់​នារី​រង​គ្រោះ​ជនជាតិ​កូរ៉េ​នោះ​រួច​មក​ លោក​បណ្ឌិត​ គ្រី​ ស៊ា​ង​ឡុ​ង​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​កូរ៉េ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នា​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ និង​ក៏​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ពាំនាំ​មក​ទាំង​ក្តី​អាម៉ាស់​សម្រាប់​ជាតិ​នា​រាត្រី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ តាម​ជើងហោះហើរ​លេខ​ KE​ 689​ ។​

​នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ ក្រុមប្រឹក្សាវិន័យ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ផ្នែក​រដ្ឋបាល​ដល់​លោក​បណ្ឌិត​ គ្រី​ ស៊ា​ង​ឡុ​ង​ ដោយ​ដកហូត​មុខ​តំណែង​ពី​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​ភ្លាមៗ​ ។​

​មជ្ឈដ្ឋាន​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​លាន់មាត់​ថា​ អំពើ​របស់​លោក​ គ្រី​ ស៊ា​ង​ឡុ​ង​ ដែល​មាន​កម្រិតវប្បធម៌​ថ្នាក់បណ្ឌិត​ផង​ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា​ផង​ បង្ក​សំណុំរឿង​អាស្រូវ​ "​ឃើញ​ស្រី​ទ្រាំ​មិន​បាន​"​ នៅ​បរទេស​ដូច្នេះ​ គឺ​មិន​ត្រឹម​អាម៉ាស់មុខ​សម្រាប់​បុគ្គល​ខ្លួនឯង​ និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​បំបាក់​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​ថែម​ទៀត​ ដែល​តម្រូវ​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មិន​ត្រឹម​ដាក់​វិន័យ​រដ្ឋបាល​ដកហូត​មុខ​តំណែង​ឡើយ​ គឺ​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ថែម​ទៀត​ទុកជា​គំរូ​ ទើប​ស័ក្តិសម​បំផុត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.