ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

ទីប្រឹក្សា​ និង​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ មាន​ចំនួន​ប៉ោង​កើនឡើង​រហូត​ដល់​ជាង២០០​នាក់​ហើយ​

​គិត​ត្រឹម​ដើមខែ​ឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ទីប្រឹក្សា​ និង​ជំនួយការ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចេះ​តែ​មាន​ចំនួន​ប៉ោង​កើនឡើង​ខ្លាំង​ជា​លំដាប់​ គួរ​ឲ្យ​ចាប់អារម្មណ៍​ ទោះបី​ទីប្រឹក្សា​ និង​ជំនួយការ​ទាំងនោះ​ច្រើន​នាក់​មិន​ទទួល​ប្រាក់បៀវត្សរ៍​ក៏​ដោយ​ គឺ​មាន​ចំនួន​រហូត​ដល់​២១៦​នាក់​ ខណៈ​អ្នក​មិន​ទទួល​ប្រាក់បៀវត្សរ៍​មាន​ចំនួន​១៨៥​នាក់​ (​ក្នុង​នោះ​ទីប្រឹក្សា​ចំនួន​១០៩​នាក់​ និង​ជំនួយការ​ចំនួន​៧៦នាក់​)​ ។​

​ក្នុង​ចំណោម​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ចំនួន​១៣៤​នាក់​ គឺ​មាន​ទីប្រឹក្សា​កិត្តិយស​ឋានៈ​ស្មើ​អគ្គនាយក​ ចំនួន​០១​នាក់, ទីប្រឹក្សាផ្ទាល់ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន០១នាក់​,​ ទីប្រឹក្សា​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ចំនួន៣១​នាក់​(​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​២៦​នាក់​)​ ទីប្រឹក្សា​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​៤៦​នាក់​(​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន៣០​នាក់​)​ ទីប្រឹក្សា​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន២៧​នាក់​ (​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​២៥​នាក់​)​ ទីប្រឹក្សា​ឋានៈ​ស្មើ​អគ្គនាយករង​ចំនួន​២០​នាក់​ (​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​១៩​នាក់​)​ និង​ទីប្រឹក្សា​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ចំនួន​១០​នាក់​ (​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​០៩​នាក់​)​ ។​

​រីឯ​ក្នុង​ចំណោម​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ចំនួន​៨២​នាក់​ គឺ​មាន​ជំនួយការ​ផ្ទាល់​ចំនួន​០២​នាក់​,​ ជំនួយការ​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​០១​នាក់​,​ ជំនួយការ​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន​២៥​នាក់​ (​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​២៣​នាក់​)​ ជំនួយការ​ឋានៈ​ស្មើ​អគ្គនាយករង​ចំនួន​០៧​នាក់​(​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​០៥​នាក់​)​ និង​ជំនួយការ​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ចំនួន​៤៩នាក់​ (​មិន​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​៤៧​នាក់​)​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ គឺ​ចំពោះ​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ និង​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ដែល​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​លំដាប់​ និង​ជា​ហូរហែ​ ។​

​លើស​ពី​នេះ​ទៀត​ អនុលោម​តាម​ប្រការ​៦​ នៃ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេខ​៣៧​សសរ​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​កំណត់​របៀបរបប​ការងារ​ និង​ការ​បែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ដែល​បាន​ចែង​ថា​ "​ឧបនាយករដ្ឋមន្ត្រី​១​រូបៗ​ មាន​ទីប្រឹក្សា​៤​រូប​ ក្នុង​នោះ​២​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​,​ ២​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ និង​ជំនួយការ​៥​រូប​ ក្នុង​នោះ​១​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក​,​ ២​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង​ និង​២​រូប​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ "​ គឺ​ចំនួន​ទីប្រឹក្សា​ និង​ជំនួយការ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ (​ទោះ​ទទួល​ប្រាក់បៀវត្សរ៍​ក្តី​ ឬ​មិន​ទទួល​ប្រាក់បៀវត្សរ៍​ក្តី​)​ មាន​រូបភាព​សំពីងសំពោង​ច្រើន​សន្ធឹក​ដូច្នេះ​ មាន​ចរិត​រំលោភ​បំពាន​លើ​ស្មារតី​នៃ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង​ ឬ​អាច​និយាយ​បាន​ថា​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ "​រំលោភ​"​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ "​បាន​សម្រេច​"​ ៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.