ថ្ងៃ សៅរ៏ ទី ១៩ ខែ មករា ឆ្នាំ ២០១៩

សំណុំរឿង​អតីត​ប្រធាន​តុលាការ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​ម្នាក់​ មិន​ទាន់​ឃើញ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ចៅក្រម​នៅឡើយ​

​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​ដែល​រង​ការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ នា​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​វិនិច្ឆ័យ​សេចក្តី​ប្រកាស​សាលក្រម​នា​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សម្រេច​ផ្តន្ទាទោស​ចំនួន​៣​ឆ្នាំ​ ក្នុង​នោះ​ទោស​អនុវត្តន៍​ក្នុង​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​១​ឆ្នាំ​ទៀត​ត្រូវ​ព្យួរទោស​ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ តាម​បញ្ញត្តិ​មាត្រា​៥៩៨​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​ខេត្តកណ្តាល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ជនជាប់ចោទ​ឈ្មោះ​ អាំង​ មាលតី​ មិន​បាន​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តកណ្តាល​នោះ​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្នុង​ករណី​ជនជាប់ចោទ​ឈ្មោះ​ អាំង​ មាលតី​ មិន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តកណ្តាល​ទេ​នោះ​ គឺ​សាលក្រម​នឹង​ចូល​ជា​ស្ថាពរ​ ហើយ​លោក​ អាំង​ មាលតី​ នឹង​ក្លាយជា​ទណ្ឌិត​ ។​ អនុលោម​តាម​បញ្ញត្តិ​មាត្រា​៦១​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ គឺ​ទណ្ឌិត​ អាំង​ មាលតី​ នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ចៅក្រម​ គិត​ពី​ថ្ងៃ​សាលក្រម​ចូល​ជា​ស្ថាពរ​ ។​

​ទោះ​យ៉ាងណា​ រហូត​មក​ទល់​នឹង​ពេល​នេះ​ គេ​មិន​ទាន់​បានឃើញ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រេច​លុបឈ្មោះ​លោក​ អាំង​ មាលតី​ ចេញពី​ក្របខ័ណ្ឌ​ចៅក្រម​នៅឡើយ​ទេ​ ។​

​គួរ​រំលឹក​ជូន​ថា​ ក្រោម​ទម្ងន់​កណ្តាប់ដៃ​ដែក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ជា​សាធារណៈ​ នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដោះ​លែង​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដ៏​កក្រើក​នោះ​ លោក​ចៅក្រម​ អាំង​ មាលតី​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​យ៉ាង​តក់ក្រហល់​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​បាន​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​ហ៊ឺហា​មិន​ដល់​១​ឆ្នាំ​ផង​ ហើយ​ក៏​កើត​មាន​សំណុំរឿង​អាស្រូវ​ជា​ច្រើន​ឋិត​ក្នុង​ដៃ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​

​លោក​ អាំង​ មាលតី​ បច្ចុប្បន្ន​អាយុ​៥៩​ឆ្នាំ​១០​ខែ​ មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៨៣​ និង​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តសៀមរាប​-​ឧត្តរមានជ័យ​ នា​ដើមឆ្នាំ​២០០២​ ហើយ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​នា​ចុងឆ្នាំ​២០០៥​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣១​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥)​ ។​ ក្រោយមក​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នា​ចុងឆ្នាំ​២០០៧​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/៦៦៤​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០០៧)​ ។​ តម​ក​ទៀត​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ខែមេសា​ ឆ្នាំ​២០១៤​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤)​ ។​ នៅ​ទីបំផុត​ លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(​សាលា​ខាប់​-CUP)​រូប​នេះ​ បាន​ជួប​ប្រទះ​នឹង​រឿង​អកុសល​ ហើយ​ក៏​ត្រូវ​បាន​ដកហូត​តំណែង​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​មក​ឈរជើង​នៅ​ក្រសួងយុត្តិធម៌​វិញ​យ៉ាង​តក់ក្រហល់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៥/១២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ និង​ក៏​លេច​មានរឿង​អាស្រូវ​ជា​ច្រើន​ធ្លាក់​ក្នុង​សមត្ថកិច្ច​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាំងពី​ពេល​នោះ​ជា​ហូរហែ​ ។​

​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ជា​ចៅក្រម​ម្នាក់​ចូល​ចិត្ត​សម្ញែង​សញ្ញាបត្រ​បណ្ឌិត​របស់​ខ្លួន​មុនគេ​បង្អស់​ក្នុង​ស្ថាប័ន​តុលាការ​ និង​បច្ចុប្បន្ន​ក្លាយ​ខ្លួន​ជា​ជនជាប់ចោទ​ ព្រមទាំង​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នោះ​ មានកូន​ប្រុស​បង្កើត​ចំនួន​២​នាក់​ បាន​ធ្វើ​ជា​ចៅក្រម​ គឺ​លោក​ អាំង​ ចិន្តា​ សិស្ស​ចៅក្រម​ជំនាន់​ទី​៣​ បច្ចុប្បន្ន​ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ និង​លោក​ អាំង​ សុភា​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​ បច្ចុប្បន្ន​ជា​ចៅក្រម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ។​ លើស​ពី​នេះ​ លោក​ចៅក្រម​ អាំង​ មាលតី​ នៅ​មានកូន​ប្រុស​ម្នាក់​ទៀត​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ គឺ​លោក​ អាំង​ មុនី​ ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​វត្ថុ​តាង​ក្នុង​បទល្មើស​គ្រឿងញៀន​មួយ​គ្រឿង​ម៉ាក​ Audi​ Q7​ មាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ពេល​មាន​ឪពុក​របស់​ខ្លួន​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕​

Aing-Mealdey-prison Aing-Mealdey

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.