ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

រថយន្ត​ Ford​ មួយ​គ្រឿង​ត្រូវ​បាន​បំផ្លាញ​ ក្រោម​ស្នាដៃ​មន្ត្រី​រដ្ឋាករទឹក​ម្នាក់​ ផ្គើន​នឹង​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​

​មន្ត្រី​រដ្ឋាករទឹក​ដែល​ជា​អង្គភាព​ឋិត​ក្រោម​ឱវាទ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ម្នាក់​ បាន​បើកបរ​រថយន្ត​ម៉ាក​ Ford​ មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​រដ្ឋ​13.2-0818​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​ទៅ​លើ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ឋិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ និង​រនាំង​ដែក​ចំនួន​៨​ផ្ទាំង​ត្រូវ​បាន​បាក់​រាបស្មើ​ដល់​ដី​ ខណៈ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ កាលពី​វេលា​ម៉ោង​០០​និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​អះអាង​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ម៉ាក​ Ford​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​រដ្ឋ​ 13.2-0818​ មួយ​គ្រឿង​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ មាន​ល្បឿន​យ៉ាង​លឿន​ និង​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រេ​ចង្កូត​បុក​រះ​ទៅ​លើ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ ទើប​ទៅ​មុខ​លែង​រួច​ ។​

​អនុលោម​តាម​មាត្រា​៩​ នៃ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​ 13.2-0818​ គឺជា​រថយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រើប្រាស់​ដោយ​ ក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្ម (​អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ ថាមពល​ )​ ។​

​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​មាន​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ធ្លាប់​បាន​ចេញ​សេចក្តីណែនាំ​មួយ​លេខ​០១០​សហ​វ​ ចុះ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ គឺ​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ដែល​ប្រើប្រាស់​រថយន្ត​កម្មសិទ្ធិ​របស់​រដ្ឋ​ឲ្យ​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​មិន​ត្រូវ​ប្រើប្រាស់​ក្រៅពី​ម៉ោង​ដែល​ត្រូវ​បំពេញភារកិច្ច​ឡើយ​…​។​

​ដូច្នេះ​ មន្ត្រីរាជការ​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ រាជធានី​ភ្នំពេញ​ ដែល​បើកបរ​រថយន្ត​ម៉ាក​ Ford​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ រដ្ឋ​ 13.2-0818​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​យ៉ាងដំណំ​នោះ​ គឺ​បាន​ផ្គើន​ទៅ​នឹង​សេចក្តីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​យ៉ាង​គឃ្លើន​បំផុត​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.