ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

អំពើ​អសកម្ម​របស់​ក្រសួង​ការងារ​និង​ស្ថាប័ន​តុលាការ​លើ​ការ​ដោះស្រាយ​ករណី​រោងចក្រ​បិទទ្វារ​ ថៅកែ​រត់​ចោល​ និង​ជំពាក់​លុយ​កម្មករ​

​ស្មារតី​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០០៧​កន្លង​ទៅ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​វិធានការ​កំណត់​អំពី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ទាំងឡាយ​ដែល​ជិត​ផុត​កាលបរិច្ឆេទ​លើកលែង​ការ​បង់ពន្ធ​សម្ភារៈ​នាំ​ចូល​ គឺ​មិន​អនុញ្ញាត​ឲ្យ​បិទ​ក្រុមហ៊ុន​ដើម្បី​ស្នើ​សុំ​បើក​ក្រុមហ៊ុន​ថ្មី​មួយទៀត​ ក្នុង​គោលបំណង​ទទួល​បាន​នូវ​ភាព​អនុគ្រោះ​រួច​ពន្ធ​លើ​សម្ភារៈ​នាំ​ចូល​ពី​រាជរដ្ឋាភិបាល​ឡើយ​ ។​ ក្នុង​ករណី​មាន​ក្រុមហ៊ុន​ណាមួយ​ប្រព្រឹត្ត​លើ្ម​ស​ ក្រុមហ៊ុន​នោះ​ត្រូវ​ដោះស្រាយ​បើកប្រាក់​បៀវត្សរ៍​ជូន​កម្មករ​ឲ្យ​បាន​គ្រប់​ចំនួន​ និង​ត្រូវ​ដឹក​ទំនិញ​ និង​សម្ភារៈ​បរិក្ខារ​ក្នុង​រោងចក្រ​ចេញ​ឲ្យ​អស់ពី​កម្ពុជា​ ។​ ចំណែកឯ​ឈ្មោះ​របស់​ក្រុមហ៊ុន​ និង​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ផ្ញើ​ជូន​ក្រសួងមហាផ្ទៃ​ ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ មិន​ឲ្យ​ចូល​មក​រកស៊ី​នៅ​កម្ពុជា​ និង​ឈ្មោះ​របស់​ពាណិជ្ជករ​ក្នុង​ប្រទេស​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ល្មើស​នេះ​ ក៏​ត្រូវ​លុប​ចេញពី​បញ្ជីពាណិជ្ជកម្ម​ និង​មិន​ឲ្យ​ចុះបញ្ជី​ពាណិជ្ជកម្ម​បើក​ក្រុមហ៊ុន​ថ្មី​ក្នុងស្រុក​ដែរ​ ។​

​ទោះបី​មាន​វិធានការ​បែប​នេះ​ក្តី​ រហូត​មក​ទល់​បច្ចុប្បន្ន​ក៏​នៅ​មាន​សកម្មភាព​បិទ​ក្រុមហ៊ុន​ ហើយ​ថៅកែ​រត់​ចោល​ និង​ជំពាក់​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​របស់​កម្មករ​ជា​ហូរហែ​ ដោយ​អាច​មានការ​បន្លំ​បើក​ក្រុមហ៊ុន​ថ្មី​ ក្រោម​ការ​បិទ​បាំង​ ឬ​ធ្វើ​មិនដឹងមិនឮ​ពី​សំណាក់​មន្ត្រី​ខិលខូច​ពុក​រលួយ​មួយ​ចំនួន​ ខណៈ​កម្មករ​បាន​ក្លាយជា​ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​ ដោយសារ​អំពើ​អសកម្ម​ក្នុង​ការ​ដោះស្រាយ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ ព្រមទាំង​ស្ថាប័ន​តុលាការ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ​ ដែល​គួរតែ​លើកយក​មក​បញ្ជាក់​ជូន​ដូច​ខាងក្រោម​ ៖

១-​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ធី​ជី​អិ​ម​ប៊ី​ &​ អិន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ "TGMB​ &​ N​ Garment​ (Cambodia)​ Co.,Ltd."​ ដែល​ប្តូរ​ឈ្មោះ​ពី​ក្រុមហ៊ុន​ ប៊ី​ &​ អិន​ ហ្គា​មេន​ (​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ "B​ &​ N​ Garment​ (Cambodia)​ Co.,​ Ltd."​ ឋិត​នៅ​ផ្លូវ​លេខ​៦៨​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ មាន​លោក​ Wu​ Lan​ សញ្ជាតិ​ចិន​ (​ហុងកុង​)​ ជា​តំណាង​ក្រុមហ៊ុន​ បាន​បិទទ្វារ​អាជីវកម្ម​ និង​រត់​ចោល​រោងចក្រ​ តែ​នៅ​ជំពាក់​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​របស់​កម្មករ​ កម្មការិនី​ ចំនួន​ប្រមាណ​៧.៩៤២​ដុល្លារ​អា​មេ​រិ​ក​ ។​

​តាម​រយៈ​សហជីព​តំណាង​ឲ្យ​កម្មករ​ កម្មការិនី​ ដែល​ជា​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្តឹង​ជូន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​ត្រូវ​បាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​អគ្គនាយកដ្ឋាន​ការងារ​ តម្រូវ​ឲ្យ​កម្មករ​ កម្មការិនី​រៀបចំ​សំណុំរឿង​ប្តឹង​បន្ត​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ទៅ​វិញ​ (Sic!)​ ។​ លើស​ពី​នេះ​ តាម​រយៈ​មេធាវី​តំណាង​ដោយ​អាណត្តិ​ ក៏​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ​អំពី​ករណី​នេះ​ទៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកចោល​ពាក្យ​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​ ឲ្យ​អាណត្តិ​ទាយក​-​ទាយិកា​ជា​កម្មករ​ កម្មការិនី​ ដោយ​ដីកា​សម្រេច​លើកចោល​ពាក្យសុំ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​២៧០​ "​ក​១"​ ដ​.​រ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​សំអាង​ថា​ មិន​មាន​អាសយដ្ឋាន​របស់​ថៅកែ​រោងចក្រ​ជា​កូនបំណុល​ច្បាស់លាស់​ (Resic!)​ ។​

២-​រោងចក្រ​ ជួន​ ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ "Juan​ Shi​ Garment​ Co.,​ Ltd."​ ដែល​ប្តូរ​ឈ្មោះ​ពី​រោងចក្រ​ ជាន​ ពីង​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ "Chean​ Ping​ Garment​ Co.,​ Ltd."​ ឋិត​នៅ​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ថៅកែ​បាន​បិទទ្វារ​អាជីវកម្ម​ និង​រត់​ចោល​រោងចក្រ​ តែ​នៅ​ជំពាក់​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​របស់​កម្មករ​ កម្មការិនី​ ចំនួន​ជាង​៣០០​នាក់​ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​តាម​រយៈ​សហជីព​តំណាង​ឲ្យ​កម្មករ​ កម្មការិនី​ ដែល​ជា​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ គឺ​ត្រូវ​បាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​អគ្គនាយកដ្ឋាន​ការងារ​ តម្រូវ​ឲ្យ​កម្មករ​ កម្មការិនី​រៀបចំ​សំណុំរឿង​ប្តឹង​បន្ត​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ទៅ​វិញ​ ដោយ​លិខិត​លេខ​៧៧០​ ក​.​ប​/​អក​/​វក​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ចំណាត់ការ​របស់​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ លើ​ការ​ដោះស្រាយ​ករណី​រោងចក្រ​បិទទ្វារ​អាជីវកម្ម​ ថៅកែ​រត់​ចោល​ និង​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ ដោយ​តម្រូវ​ឲ្យ​កម្មករ​ កម្មការិនី​ជា​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ខ្លួនឯង​ទៅ​កាន់​ស្ថាប័ន​តុលាការ​ គឺជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ស្មារតី​លិខិត​លេខ​៥៥០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០០៩​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ថា​ ក្នុង​ករណី​ក្រុមហ៊ុន​ដួល​រលំ​ ហើយ​ថៅកែ​រត់​ចោល​រោងចក្រ​ ឬ​ម្ចាស់​ក្រុមហ៊ុន​មាន​វត្តមាន​ តែ​គ្មាន​ប្រាក់​ ត្រូវ​តែ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ ដោយ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចាត់ការ​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ការពារ​យុត្តិធម៌​ឲ្យ​កម្មករ​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ។​ ម្យ៉ាងទៀត​ ការណ៍​ដែល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ តម្រូវ​ឲ្យ​កម្មករ​ កម្មការិនី​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​តុលាការ​ ករណី​រោងចក្រ​បិទទ្វារ​អាជីវកម្ម​ ថៅកែ​រត់​ចោល​ និង​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​នោះ​ គឺ​ដូច​ឲ្យ​ភាគី​កម្មករ​ កម្មការិនី​ក្លាយជា​ជន​រង​គ្រោះ​មួយ​កម្រិត​ថែម​ទៀត​ ពីព្រោះ​ត្រូវការ​ចំណាយ​ប្រាក់​បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ជូន​ស្ថាប័ន​តុលាការ​តាម​ច្បាប់​កំណត់​ ដែល​កម្មករ​ មិន​មាន​លទ្ធភាព​ចំណាយ​ឡើយ​ ។​

​នេះ​គឺជា​ព័ស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​អំពី​រូបភាព​អសកម្ម​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ ព្រមទាំង​ស្ថាប័ន​តុលាការ​ លើ​ការ​ដោះស្រាយ​ករណី​រោងចក្រ​បិទទ្វារ​អាជីវកម្ម​ ថៅកែ​រត់​ចោល​ និង​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ​ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ជា​ជន​ក្រីក្រ​នៅ​តែ​បន្ត​ក្លាយជា​ជន​រង​គ្រោះ​ដដែល​ ៕​

 

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.