ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

មិន​សាមញ្ញ​ពេក​ទេ​ ដែល​នាយក​រដ្ឋមន្ត្រី​ធ្វើ​ចំណារ​នៅ​លើ​ព្រះរាជ​សារលិខិត​របស់​ព្រះមហាក្សត្រ​

​ប្រសិនបើ​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​ធ្វើ​ព្រះរាជ​ចំណារ​នៅ​លើ​លិខិត​ទូល​ថ្វាយ​របស់​នាយក​រដ្ឋមន្ត្រី​ ឬ​នាយក​រដ្ឋមន្ត្រី​ធ្វើ​ចំណារ​នៅ​លើ​លិខិត​របាយការណ៍​ ឬ​លើក​យោបល់​ផ្តល់​មតិ​របស់​ឧបនាយករដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ឬ​ទីប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​…​ពាក់ព័ន្ធ​នឹង​កិច្ចការ​អ្វីមួយ​នោះ​ គឺ​ទំនងជា​មិន​មាន​អ្វី​ប្លែក​ទេ​ ប៉ុន្តែ​ក្នុង​ករ​ណ៍​នាយក​រដ្ឋមន្ត្រី​បែរជា​ធ្វើ​ចំណារ​ផ្ទាល់​នៅ​លើ​ព្រះរាជ​សារលិខិត​របស់​ព្រះមហាក្សត្រ​វិញ​ គឺជា​រឿង​ ឬ​ប្រការ​មិន​សាមញ្ញ​ពេក​ឡើយ​ ។​

​ពាក់ព័ន្ធ​នឹង​លិខិត​របស់​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​ និង​ឯកសារ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ​ប្រមាណ​១៧៣.១៤៤​នាក់​ ដែល​បាន​ទូល​ថ្វាយ​សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​បាន​ចេញ​ព្រះរាជ​សារលិខិត​ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ "​ដើម្បី​ពិនិត្យ​"​ ។​

​យោង​តាម​ព័ស្តុតាង​ជា​ឯកសារ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ និង​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ចំណារ​ផ្ទាល់​ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​លើ​ព្រះរាជ​សារលិខិត​របស់​ព្រះករុណា​ព្រះមហាក្សត្រ​តែ​ម្តង​ ដោយ​បង្គាប់​ឲ្យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់ការ​តាម​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​តាម​ការ​សង្កេត​ជាក់ស្តែង​ផង​ និង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ស្និទ្ធ​នឹង​ខុទ្ទកាល័យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផង​ បាន​ឲ្យ​ដឹង​ថា​ មាន​ព្រះរាជ​សារលិខិត​ជា​ច្រើន​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ គឺ​ត្រូវ​បាន​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ធ្វើការ​ចាត់​បញ្ជូន​ឲ្យ​ទៅ​ស្ថាប័ន​ ឬ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ និង​ធ្វើ​របាយការណ៍​ ឬ​ផ្តល់​យោបល់​ជូន​មក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដើម្បី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ធ្វើ​របាយការណ៍​ទូល​ថ្វាយ​ព្រះមហាក្សត្រ​វិញ​ ពោល​មិន​មាន​ចំណារ​ផ្ទាល់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទេ​ វៀរលែងតែ​ករណី​ខាងលើ​ គឺជា​រឿង​ប្លែក​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ចំណារ​ផ្ទាល់​លើ​ព្រះរាជ​សារលិខិត​របស់​ព្រះមហាក្សត្រ​តែ​ម្តង​ (Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដើម្បី​បង្ហាញ​អំពី​សេចក្តី​គោរព​ផង​ និង​តាម​លំ​អាន​ជា​ហូរហែ​មក​ផង​ ទោះបី​នាយក​រដ្ឋមន្ត្រី​ចង់​ចាត់ការ​បែប​ណា​ក៏​ដោយ​ គឺ​នាយក​រដ្ឋមន្ត្រី​អាច​ធ្វើ​ចំណារ​នៅ​លើ​លិខិត​មួយ​ផ្សេង​ទៀត​អម​ជាមួយ​ព្រះរាជ​សារលិខិត​របស់​ព្រះមហាក្សត្រ​ ជូន​ទៅ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ មាន​វិធានការ​បន្ត​ជា​ការ​ស្រេច​ ទើប​មិន​ក្លាយជា​រឿង​ចម្លែក​ និង​ជៀស​ផុត​ពី​ការ​រិះគន់​ផ្សេងៗ​ ។​

​ក្រុម​អ្នក​តាមដាន​ឃ្លាំមើល​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ដែរ​ថា​ ចំណារ​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​ព្រះរាជ​សារលិខិត​របស់​ព្រះមហាក្សត្រ​បែប​នេះ​ គឺ​ពិតជា​ស័ក្តិសម​មានឈ្មោះ​ថា​ "​បុរស​ខ្លាំង​"​ ប្រាកដ​មែន​ ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.