ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

រឿងអាស្រូវ​ពុក​រលួយ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ត្រូវ​បាន​អតីត​អ្នកទោស​ម្នាក់​លាតត្រដាង​

​អតីត​អ្នកទោស​ជាប់​ពន្ធនាគារ​ព្រៃ​ស​(​មណ្ឌល​អប់រំ​កែប្រែ​ទី​១-​ម​១)​ អស់​រយៈពេល​ជាង​១៣​ឆ្នាំ​ម្នាក់​ គឺ​លោក​ ស្រី​ ចាន់​តារា​ អាយុ​៥៦​ឆ្នាំ​ បាន​លាតត្រដាង​នូវ​រឿងអាស្រូវ​ពុក​រលួយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ដូច​ជា​ករណី​ទារ​លុយ​ពី​អ្នកទោស​ដើម្បី​ទទួល​បាន​សាលក្រម​ សាលដីកា​តុលាការ​ ឬ​ពាក្យបណ្តឹង​ឧទ្ធរណ៍​ ឬ​ពាក្យបណ្តឹង​សាទុក្ខ​ និង​ការ​ទារ​លុយ​ពី​អ្នកទោស​ជា​ថ្នូរ​នឹង​ការ​ទទួល​បានការ​សម្រាល​ ឬ​បន្ធូរ​បន្ថយទោស​ ព្រមទាំង​ទីតាំង​ស្នាក់​នៅ​ជាដើម​…​។​ល​។​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​អ្នកទោស​ក្រីក្រ​យ៉ាងធ្ងន់ធ្ងរ​ ។​

​លោក​ ស្រី​ ចាន់​តារា​ បាន​អះអាង​ឲ្យ​ដឹង​ថា​ មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​តែងតែ​ទារ​លុយ​ចំនួន​៥០​ដុល្លារ​អា​មេ​រិ​ក​ពី​អ្នកទោស​ ដើម្បី​ទទួល​បាន​សាលក្រម​ ឬ​សាលដីកា​តុលាការ​ ទារ​លុយ​ចំនួន​២០​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​ធ្វើ​ពាក្យបណ្តឹង​ឧទ្ធរណ៍​ ឬ​ពាក្យបណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ និង​ទារ​លុយ​ពី​អ្នកទោស​ប្រមាណ​ពី​៣៥០​ដុល្លារ​អា​មេ​រិ​ក​ទៅ​៤០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ៗ​ ជា​ថ្នូរ​នឹង​ការ​វាយតម្លៃ​នូវ​ចំណុច​ល្អៗ​ដើម្បី​ទទួល​បានការ​សម្រាល​ ឬ​បន្ធូរ​បន្ថយទោស​ ។​ បើ​អ្នកទោស​គ្មាន​លុយ​សម្រាប់​ចំណាយ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ទេ​នោះ​ គឺ​ទោះបី​ដល់​ថ្ងៃ​ត្រូវ​ដោះ​លែង​ក៏​ដោយ​ ក៏​ត្រូវ​គេ​ឃុំខ្លួន​លើស​ជា​ច្រើន​ថ្ងៃ​ តួយ៉ាង​ដូច​ជា​រូប​លោក​ផ្ទាល់​ ដោយ​មិន​ទាន់​និយាយ​ដល់​សន្តិសុខ​ពន្ធនាគារ​ឆ្លៀត​កោសរូស​យក​លុយ​ពី​សាច់ញាតិ​អ្នកទោស​ពេល​ទៅ​សួរសុខទុក្ខ​នៅ​ពន្ធនាគារ​ផង​ ។​

​ពាក់ព័ន្ធ​នឹង​ការ​លាតត្រដាង​នូវ​រឿងអាស្រូវ​ពុក​រលួយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពី​សំណាក់​លោក​ ស្រី​ ចាន់​តារា​ ជា​អតីត​អ្នកទោស​ម្នាក់​នោះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២​ ស្រ៊ុ​ន​ លាង​ អត្តលេខ​០០៣៣​ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​គុក​ព្រៃ​ស​)​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.