ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

រាជរដ្ឋាភិបាល​បើក​យុទ្ធនាការ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​និង​ស្រាវជ្រាវ​ប្រជាពលរដ្ឋ​ផ្ទាល់​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

​បន្ទាប់​ពី​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ទទួល​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ​ នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ទ្រង់​បាន​ចេញ​ព្រះរាជ​សារលិខិត​មួយ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អំពី​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ឯកសារ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ​ប្រមាណ​១៧៣.១៤៤​នាក់​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ដែរ​ ហើយ​ត្រូវ​រាជរដ្ឋាភិបាល​សម្រេច​តាម​ស្មារតី​លិខិត​លេខ​៥៦៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ បង្គាប់​ឲ្យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចាត់ការ​ដូច​ខាងក្រោម​ ៖

-​សូម​រៀបចំ​ឲ្យ​មានការ​ស្រាវជ្រាវ​នូវ​ស្នាម​មេដៃ​នេះ​តាម​រយៈ​ ៖​ ១-​ការ​ធ្វើ​កោសល្យវិច័យ​,​ ២-​ការ​ស្រាវជ្រាវ​ពី​ប្រជាជន​ដោយ​ផ្ទាល់​ និង​៣-​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​រក​ឃើញ​នូវ​ភាព​ត្រឹមត្រូវ​ ។​

-​អាស្រ័យ​ដោយ​ស្នាម​មេដៃ​នេះ​ទាក់ទង​ដល់​ប្រជាជន​ផង​ និង​ព្រះមហាក្សត្រ​ផង​ សុំ​សម្តេច​ក្រឡាហោម​រៀបចំ​ឲ្យ​មានការ​ស្រាវជ្រាវ​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ទាំង​ប្រជាជន​ និង​ជា​ពិសេស​បោក​ទាំង​ព្រះមហាក្សត្រ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ និង​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្នុង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដូច​រាជរដ្ឋាភិបាល​ មាន​បំណង​ចង់​រុកកួន​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ តាម​រយៈ​យុទ្ធនាការ​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត​ ក្រោម​កណ្តាប់ដៃ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.