ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

ព្រះករុណា​ព្រះមហាក្សត្រ​នឹង​ព្រះ​តម្រិះ​យ៉ាងណា​ចំពោះ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ?

​កាលពី​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ និង​ក៏​ជា​គណបក្ស​នយោបាយ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ដែល​កំពុង​រង​នូវ​សម្ពាធ​នៃ​ការ​វាយប្រហារ​ផ្ទួនៗ​ខ្លាំងៗ​ឥត​ឈប់​ឈរ​ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​នោះ​ បាន​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ទូល​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ក្នុង​នាម​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​​ និង​និរន្តរភាព​ជាតិ​​ ដូច​ខាងក្រោម​ ៖

១-​ដោះ​លែង​អ្នកនយោបាយ​ និង​មន្ត្រី​សង្គម​ស៊ី​វិល​
២-​បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ដើម្បី​គំរាមកំហែង​ និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​
៣-​បញ្ឈប់​ការ​ប្រើ​អំណាច​រដ្ឋ​ដោយ​មាន​ស្តង់ដារ​ពីរ​
៤-​បញ្ឈប់​ការ​ប្រើប្រាស់​អំណាចតុលាការ​រំលោភ​បំពាន​លើ​អំណាចនីតិប្បញត្តិ​ ជា​ពិសេស​រំលោភ​លើ​អភ័យឯកសិទ្ធិ​សភា​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ចាប់តាំងពី​ចុងឆ្នាំ​២០១៥​ និង​ឈាន​ចូល​មក​ដល់​ដើមឆ្នាំ​២០១៦​ភ្លាមៗ​ ក្រោម​ "​ឥទ្ធិពល​កំហឹង​"​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្លាប់​សូត្រ​ទ្រឹស្តី​ "​វប្បធម៌​សន្ទនា​"​ ប្រែ​ក្លាយជា​មាន​ភាព​វឹកវរ​ រកាំរកូស​នឹង​គ្នា​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​រង​គ្រោះ​ផ្ទួនៗ​ ក្រោម​កណ្តាប់ដៃ​អំណាច​របស់​បុរស​ខ្លាំង​ សូ​ម្បី​តែ​អភ័យឯកសិទ្ធិ​សភា​របស់​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាត់បង់​តម្លៃ​ជា​បន្តបន្ទាប់​ ជាមួយនឹង​ការ​បកស្រាយ​ខ្លឹមសារ​នៃ​ពាក្យ​ "​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​"​ មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទន្ទឹងរង់ចាំ​មើល​អំពី​ព្រះរាជ​តម្រិះ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ចំពោះ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ តើ​អាច​ប្រែក្លាយ​ពី​ភាព​ប្រេះឆា​ក្នុង​រង្វង់​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំង​ពីរ​ ឲ្យ​វិល​មក​រក​នូវ​ឯកភាព​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ​ឡើង​វិញ​បាន​ដែរ​ឬទេ​ ?​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.