ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

ក្មួយ​ប្រុស​ម្នាក់​ដែល​មាន​ងារ​ជា​ឧកញ៉ា​របស់​នាយក​រដ្ឋមន្ត្រី​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​

​ក្រៅពី​មានទ្រព្យ​សម្បត្តិ​មហាសាល​ និង​លេង​ម៉ូ​ដ​-​ស៊េរី​រថយន្ត​ទំនើប​ជា​កំពូល​រថយន្ត​ម៉ាក​ McLaren​ P1​ តម្លៃ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​យ៉ាង​ហ៊ឺហា​នោះ​ គឺ​អ្នកឧកញ៉ា​ ហ៊ុន​ តូ​ កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារសាធារណៈ​ (​គណៈកម្មការ​ទី​៤)​ នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ និង​ត្រូវជា​ក្មួយ​ប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ៏​មាន​អំណាច​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៣/៤៣៥​ ចុះ​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៣​ ។​

​ក្នុង​នាម​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​នោះ​ លោក​ ហ៊ុន​ តូ​ ត្រូវ​បាន​តែងតាំង​ជា​អ្នកឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០០/០៨៤​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០០០​ ។​

​ពី​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ នា​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០០៣​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ (​ព្រះ​បរម​រតន​កោដ្ឋ​)​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​នៅ​មាន​ព្រះ​ជន្ម​ ទ្រង់​បាន​ចេញ​ព្រះរាជ​សារ​មួយ​មាន​ខ្លឹមសារ​ថា​ "​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​គ្មាន​ការ​លក់​គ្រឿង​ឥស្សរិយយស​ មហា​សេរី​វឌ្ឍន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គ្រឿង​ឥស្សរិយយស​ មហា​សេនា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គ្រឿង​ឥស្សរិយយស​ខ្ពង់ខ្ពស់​របស់​ជាតិ​យើង​នោះ​ទេ​ ។​ បើ​គេ​ចង់​ទិញ​ក៏​គ្មាន​លទ្ធភាព​ទិញ​បាន​ដែរ​ ទោះបី​ឲ្យ​រាជរដ្ឋាភិបាល​ ឬ​ខ្ញុំ​ប៉ុន្មាន​ម៉ឺន​ សែន​ដុល្លារ​ក៏​ដោយ​ ។​ ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ជាតិ​យើង​នៅ​សម័យ​នោះ​ គឺ​សម្រាប់​តែ​វីរជន​បម្រើ​ជាតិ​ដោយ​ស្អាតស្អំ​ ហើយ​ថែម​ទាំង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ទៀត​ផង​ក្នុង​ការ​ការពារ​ជាតិ​ ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​ ។​ មាន​តែ​វិ​រ​បុរស​៣​នាក់​ទេ​កាលនោះ​ ដែល​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ មហា​សេរី​វឌ្ឍន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អំពីខ្ញុំ​ គឺ​សម្តេច​ ប៉ែន​ នុ​ត​,​ សម្តេច​ ញឹក​ ជូ​ឡុ​ង​ និង​សម្តេច​ សឺ​ន​ សាន​ ។​ ឥឡូវ​ គ្រឿង​ឥស្សរិយយស​ មហា​សេរី​វឌ្ឍន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទៅ​ដល់​មនុស្ស​ចំនួន​រាប់​មិន​អស់​ទេ​ក្នុង​១​ឆ្នាំៗ​ ១​ខែៗ​ ។​ "​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ត្រឹមតែ​គ្រឿង​ឥស្សរិយយស​ មហា​សេរី​វឌ្ឍន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ គឺ​សូ​ម្បី​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ក៏​បាន​ធ្លាក់​ដល់​មនុស្ស​ចំនួន​រាប់​មិន​អស់​ឡើយ​ក្នុង​១​ឆ្នាំៗ​ ៕


Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.