ក្រោមហេតុផលនៃការបកស្រាយ និងយល់ឃើញអំពី "បទល្មើសព្រហ្មទណ្ឌជាក់ស្តែង" របស់ភាគីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា មានខ្លឹមសារផ្ទុយគ្នាទៅនឹងការបកស្រាយ និងយល់ឃើញរបស់ភាគីគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងនៅកម្ពុជានោះ បានធ្វើឲ្យអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំងដែលមានចែងក្នុងមាត្រា៨០នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៤, មាត្រា៧, មាត្រា៨, មាត្រា៩, មាត្រា១១, មាត្រា១២ និងមាត្រា១៣ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រទទួលរងផលប៉ះពាល់ លែងមានន័យ និងមានតម្លៃ ក្រោមស្នាដៃរបស់គណបក្សកាន់អំណាចទាំងស្រុង ។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញ និងមាត្រា៤, មាត្រា៧, មាត្រា៨, មាត្រា៩, មាត្រា១១, មាត្រា១២ និងមាត្រា១៣នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ បានបញ្ញត្តិថា "តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ។ …តំណាងរាស្ត្រណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នឹងអាចអនុញ្ញាតបើកឲ្យធ្វើការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនតាមច្បាប់ និងនីតិវិធីបាន លុះត្រាតែមានការលើកអភ័យឯកសិទ្ធិសភាជាមុនសិន ។ ការលើកអភ័យឯកសិទ្ធិសភាក្នុងរយៈពេលសម័យប្រជុំរដ្ឋសភា ត្រូវអនុវត្តនីតិវិធីដូចតទៅ ៖ -រដ្ឋសភាអាចប្រជុំជាសម្ងាត់តាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ឬពីនាយករដ្ឋមន្ត្រី ។ -កូរ៉ុមប្រជុំលើសពីពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ។ -ការអនុម័តការតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ក្នុងករណីតំណាងរាស្ត្រណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច ។ ក្នុងករណីទាំងអស់នេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ " ។
ឥឡូវ ការបកស្រាយ និងការយល់ឃើញអំពី "បទល្មើសព្រហ្មទណ្ឌជាក់ស្តែង" ដែលមានភាពផ្ទុយគ្នាទាំងស្រុងរវាងភាគីគណបក្សកាន់អំណាច និងភាគីគណបក្សប្រឆាំង បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកក្នុងស្រទាប់អ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ខណៈអ្នកតំណាងរាស្ត្រមកពីគណបក្សនយោបាយប្រឆាំងបានទទួលរងការចោទប្រកាន់ ការឃាត់-ចាប់ខ្លួន និងឃុំខ្លួនជាហូរហែ ។
ខាងភាគីគណបក្សនយោបាយកាន់អំណាច រួមទាំងស្ថាប័នតុលាការ "រណប" ផង បានចាត់ទុកអំពើរបស់ឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សប្រឆាំងក្តី អំពើរបស់ឯកឧត្តម កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សប្រឆាំងក្តី គឺជា "បទល្មើសព្រហ្មទណ្ឌជាក់ស្តែង" ។
រីឯខាងភាគីគណបក្សនយោបាយប្រឆាំងបានធ្វើការបកស្រាយវែកញែកថា បទល្មើសជាក់ស្តែងដែលមានចែងក្នុងមាត្រា៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺសំដៅទៅលើ ៖ -បទល្មើសដែលកំពុងប្រព្រឹត្ត, -បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម, -ជនដែលគេសង្ស័យ ត្រូវបានសាធារណជនស្រែកដេញប្រផាប់ចាប់ប្រភីង, -បុគ្គលដែលគេរកឃើញមានវត្ថុ ឬមានស្លាកស្នាម ឬតម្រុយច្បាស់លាស់ ហើយស៊ីចង្វាក់ផ្សេងទៀត ដែលនាំឲ្យគេសន្និដ្ឋានបានថា បុគ្គលនោះបានប្រព្រឹត្ត ឬបានចុលរួមប្រព្រឹត្តបទល្មើស ។ … ដូច្នេះ អំពើរបស់ឯកឧត្តម អ៊ុំ សំអាន ក្តី និងឯកឧត្តម កឹម សុខា គឺមិនមែនបទល្មើសព្រហ្មទណ្ឌជាក់ស្តែងឡើយ ។
ទោះយ៉ាងណាក៏ដោយ ព័ស្តុតាងជាក់ស្តែងនាពេលបច្ចុប្បន្ននេះ បានបង្ហាញឲ្យឃើញថា អភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រមកពីគណបក្សនយោបាយប្រឆាំង បានទទួលរងផលប៉ះពាល់ និងលែងមានន័យ និងមានតម្លៃ ក្រោមស្នាដៃរបស់គណបក្សនយោបាយកាន់កាប់អំណាចនៅកម្ពុជា និងស្ថាប័នតុលាការ "រណប" ទាំងស្រុងតែម្តង ៕