ថ្ងៃ ចន្ទ ទី ២១ ខែ កញ្ញា ឆ្នាំ ២០២០

ទីបំផុត​ គ្លីនិក​ ឃឹម​ រ៉ា​នី​ ដែល​សម្បូរ​រឿងអាស្រូវ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​សម្រេច​បិទ​សេវាកម្ម​ ក្រោយ​ចាក់​ថ្នាំ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​

​ទីបំផុត​ នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ក្រសួងសុខាភិបាល​ដែល​មាន​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ ជា​រដ្ឋមន្ត្រី​ បាន​សម្រេច​បិទ​សេវាកម្ម​របស់​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​ឯកជន​មួយ​ឈ្មោះ​ ឃឹម​ រ៉ា​នី​ ដែល​សម្បូរ​រឿងអាស្រូវ​ ឋិត​នៅផ្ទះ​លេខ​១៤​ ផ្លូវ​លេខ​៣១៥​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ឈរឈ្មោះ​ដោយ​លោក​វេជ្ជបណ្ឌិត​ ដួង​ បៀ​ន​ បន្ទាប់​ពី​គ្លីនិក​ ឃឹម​ រ៉ា​នី​ ចាក់​ថ្នាំ​ចំនួន​២​ម្ជុល​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សា​វី​ម៉ិច​ ឈ្មោះ​ ឡាំ​ តៅ​គង់​ អាយុ​២៨​ឆ្នាំ​ ទើប​រៀប​ការ​ប្រពន្ធ​បាន​ប្រមាណ​ជិត​០១​ខែ​ ស្លាប់​បាត់បង់​ជីវិត​ដ៏​គួរ​ឲ្យ​សោកស្តាយ​ កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​រួច​មក​ ខណៈ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់​ទៅ​លើ​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល​មានការ​យឺតយ៉ាវ​ចំពោះ​គ្លីនិក​ ឃឹម​ រ៉ា​នី​ (​ទាល់តែ​មានរឿង​អាស្រូវ​លេច​ចេញ​ច្រើន​លើក​ច្រើន​សា​ និង​បណ្តែតបណ្តោយ​ឲ្យ​មាន​មនុស្ស​ស្លាប់​ទើប​បិទ​គ្លីនិក​)​ ។​

​យោង​តាម​សេចក្តីសម្រេច​លេខ​២៧៨​អបស​.​ម​ព​ ចុះ​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ របស់​ក្រសួងសុខាភិបាល​ដែល​សម្រេច​បិទ​គ្លីនិក​ ឃឹម​ រ៉ា​នី​ នោះ​ បាន​លើក​ហេតុផល​ថា​ "​មន្ទីរ​សម្រាក​ព្យាបាល​ ឃឹម​ រ៉ា​នី​ បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​លើក​ច្រើន​សា​ ដោយ​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល​ ឃឹម​ រ៉ា​នី​ និង​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​"​ ។​

​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ឡាំ​ តៅ​គង់​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ជន​រង​គ្រោះ​មាន​អាកា​រៈ​ឈឺ​ចុកចាប់​ឆ្អឹងខ្នង​ ក៏​សម្រេច​ចូល​ទៅ​ទទួល​សេវា​ពិគ្រោះ​ ពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​គ្លីនិក​ ឃឹម​ រ៉ា​នី​ ។​ បន្ទាប់​ពី​ពេទ្យ​បម្រើ​ការងារ​នៅ​គ្លីនិក​ ឃឹម​ រ៉ា​នី​ ចាក់​ថ្នាំ​ចំនួន​២​ម្ជុល​រួច​ ស្រាប់តែ​ជន​រង​គ្រោះ​ប្រកាច់​បែកពពុះមាត់​ និង​ក៏​ប្រញាប់​រូតរះ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ប៉ុន្តែ​ជា​អកុសល​ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​តាម​ផ្លូវ​ ចោល​ប្រពន្ធ​ឈ្មោះ​ សុខ​ រដ្ឋ​មុនី​ ទើប​រៀប​ការ​បាន​រយៈពេល​មិន​ដល់​០១​ខែ​នោះ​ ឲ្យ​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ គ្លីនិក​ឯកជន​យីហោ​ ឃឹម​ រ៉ា​នី​ បាន​ទទួល​រង​នូវ​ការ​រិះគន់​ថា​ មាន​ចេតនា​គេចវេះ​មិន​ទទួលខុសត្រូវ​លើ​ករណី​រថយន្ត​សង្គ្រោះ​របស់​ខ្លួន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ទល់មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ជា​ប្តី​-​ប្រពន្ធ​ និង​កូន​ស្លាប់​បាត់បង់​ជីវិត​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​អ្នក​បើករថយន្ត​សង្គ្រោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ៕​

Khim-Rany-Clinic-1

Khim-Rany-Clinic

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.