មាត្រា១ កថាខណ្ឌទី១, មាត្រា៧ កថាខណ្ឌទី១ និងមាត្រា២៤ថ្មី កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។ ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។ " ។
ថ្វីដ្បិតមាត្រា១ កថាខណ្ឌទី១, មាត្រា៧ កថាខណ្ឌទី១ និងមាត្រា២៤ថ្មី កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងដូច្នេះក៏ដោយ ក៏មាត្រា៨ កថាខណ្ឌទី២, មាត្រា២៣, មាត្រា២៧, មាត្រា២៩ថ្មី កថាខណ្ឌទី១ និងមាត្រា១៣២ថ្មី នៃរដ្ឋធម្មនុញ្ញដដែល បានចែងថា "ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។ ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ ។ " ។
អនុលោមតាមមាត្រាមួយចំនួនដែលបានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាដូចបានលើកឡើងខាងលើ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីរូបភាពខុសគ្នារវាងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងព្រះរាជតួនាទីជាក់ស្តែងរបស់ព្រះអង្គ ដូចខាងក្រោម ៖
១-ការព្រួយបារម្ភចំពោះការបាត់បង់បូរណភាពទឹកដី និងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា តែងបានស្តែងឲ្យឃើញនៅក្នុងស្រទាប់គណបក្សនយោបាយប្រឆាំង និងមជ្ឈដ្ឋានប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងការចុះសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ប្រព្រឹត្តឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដ៏ចម្រូងចម្រាសក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ដោយព្រួយបារម្ភការបាត់បង់ទឹកដីនោះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អតីតសម្តេច ហ៊ុន សែន) ហៅបុរសខ្លាំង ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញមុខប្រកាសថា "រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋសភាជាតិទេដែលទទួលសន្លឹកឆ្នោតពីប្រជារាស្ត្រកម្ពុជាជាអ្នកមានសិទ្ធិអំណាច និងជាអ្នកទទួលខុសត្រូវទាំងស្រុងអំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ។ " ពោលគឺ តួនាទីជាក់ស្តែងរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (យាងឡើងគ្រងរាជសម្បត្តិនាខែតុលាឆ្នាំ២០០៤ បន្តវេនពីព្រះបិតា គឺព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា) មិនអាចធានាបូរណភាពទឹកដីបានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ ។
២-យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៣១៣/០០៥ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលមានតួនាទីធានាការពាររដ្ឋធម្មនុញ្ញ ធានាការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ធានាអព្យាក្រឹតភាពនៃការអនុវត្តតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងធានាការអនុវត្តគោលនយោបាយការពារជាតិ និងផែនការការពារជាតិ ហើយព្រះមហាក្សត្រទ្រង់ត្រឹមគង់ជាព្រះអធិបតីនោះ គឺជាក់ស្តែងទ្រង់មិនមានតួនាទីជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ ។
៣-ជាក់ស្តែងនាពេលកន្លងមក រហូតទល់បច្ចុប្បន្នព្រះមហាក្សត្រ ទ្រង់មិនដែលប្រើប្រាស់ព្រះរាជសិទ្ធិរបស់ទ្រង់ក្នុងការសម្រេចបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ឬជនជាប់ចោទណាម្នាក់ដោយមិនឆ្លងកាត់តាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រីនោះឡើយ ខណៈការប្រទានគ្រឿងឥស្សរិយយសជាតិផ្សេងៗទ្រង់អាចប្រើប្រាស់ព្រះរាជសិទ្ធិបានដោយមិនបាច់ឆ្លងកាត់ការស្នើសុំពីគណៈរដ្ឋមន្ត្រីផង និងឆ្លងកាត់ការស្នើសុំពីគណៈរដ្ឋមន្ត្រី ឬពីព្រឹទ្ធសភា ឬពីរដ្ឋសភាផង ។ ដូច្នេះ ព្រះរាជសិទ្ធិជាក់ស្តែងរបស់ព្រះមហាក្សត្រលើកិច្ចការបន្ធូរបន្ថយទោស និងលើកលែងទោសមិនមានដូចការចែងក្នុងរដ្ឋធម្មនុញ្ញទាល់តែសោះ ។
៤-ដោយព្រះតម្រិះឃើញថា ទ្រង់គ្មានអំណាចអ្វី ហើយមិនអាចទទួលខុសត្រូវពីជោគជ័យ ឬ បរាជ័យ ចំណុចខ្សោយ ការខ្វះខាត ។ល និង ល។ នៃអំណាចតុលាការនៅកម្ពុជា ដែលតែងទទួលរងការរិះគន់ពីមជ្ឈដ្ឋានជាច្រើននោះ ទើបសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញលិខិតចំហមួយចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៣ ប្រកាសដកព្រះកាយចេញពីឋានៈជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ដូច្នេះ ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រជាក់ស្តែង មិនដូចការចែងក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា១៣២ថ្មី ដែលទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការនោះឡើយ ។
សរុបសេចក្តីមក មាត្រាមួយចំនួនដែលបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនភ័ន្តច្រឡំលើព្រះរាជតួនាទីរបស់ព្រះមហាក្សត្រជាក់ស្តែង ដែលអំណាចពិតប្រាកដគ្រប់យ៉ាងបច្ចុប្បន្នឋិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯណោះ ៕