ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ត្រូវ​រាជរដ្ឋាភិបាល​គ្រោង​យក​មក​គ្រប់គ្រង​វិញ​ ឲ្យ​ក្លាយជា​មន្ទីរពេទ្យ​រដ្ឋ​

​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ដែល​កៀរគរ​មូលនិធិ​ដំណើរការ​ដោយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Beat​ Richner​ សំដៅ​ការ​សង្គ្រោះ​ជីវិត​ និង​ទ្រទ្រង់​សុខភាព​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​រៀង​រាល់​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​យក​មក​គ្រប់គ្រង​វិញ​ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ក្លាយជា​មន្ទីរពេទ្យ​រដ្ឋ​ ខណៈ​មជ្ឈដ្ឋាន​ឪពុក​ម្តាយ​មួយ​ចំនួន​ដែល​ធ្លាប់​នាំ​កូន​-​ចៅ​ទៅ​ទទួល​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ សម្តែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រសិទ្ធភាព​សេវា​ ដែល​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​រុំ​ព័ទ្ធ​ដោយ​អំពើ​ពុក​រលួយ​ នៅ​ពេល​មន្ទីរពេទ្យ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ​របៀប​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​នា​ពេល​អនាគត​ ។​

​កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​មាន​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ និង​ក្រសួងសុខាភិបាល​ដែល​មាន​ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ ជា​រដ្ឋមន្ត្រី​ បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​ប្រកាស​អន្តរក្រសួង​មួយ​ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ទទួល​បន្ទុក​លើ​ការ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ ដោយ​ក្រុមការងារ​មាន​សមាសភាព​ចំនួន​១៦​នាក់​ ក្នុង​នោះ​មាន​លោក​ គី​ សន់​ទី​ ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ជា​សមាជិក​ក្រុមការងារ​ផង​ដែរ​ ។​

​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួងសុខាភិបាល​លេខ​១៧៤​សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ទទួល​បន្ទុក​លើ​ការងារ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បាន​ចែង​កំណត់​អំពី​តួនាទី​ និង​ភារកិច្ច​របស់​ក្រុមការងារ​នេះ​ ដូច​តទៅ​ ៖​ ១-​ធ្វើ​ការងារ​ជាមួយ​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ ដើម្បី​ទទួល​ព័ត៌មាន​ និង​សិក្សា​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ ប្រតិបត្តិការ​ សេវា​សុខាភិបាល​ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​របស់​មន្ទីរពេទ្យ​ ។​ ២-​សិក្សា​លើ​បញ្ហា​ហិរញ្ញប្បទាន​នៃ​មូលនិធិ​គន្ធ​បុ​បា្ផ​ ដើម្បី​ធានា​ចីរភាព​នៃ​ដំណើរការ​ជា​ប្រចាំ​របស់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​អនាគត​ ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ស្តង់ដារ​សេវា​សម​ស្រប​ និង​ប្រសិទ្ធភាព​ ។​ ៣-​រៀបចំ​យន្តការ​នៃ​ការ​គ្រប់គ្រង​ និង​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​ នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ទទួលយក​មន្ទីរពេទ្យ​នេះ​មក​គ្រប់គ្រង​វិញ​ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ក្លាយជា​មន្ទីរពេទ្យ​រដ្ឋ​ដែល​មាន​ស្តង់ដារ​គំរូ​នា​ពេល​អនាគត​ ។​

​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Beat​ Richner​ ជា​ស្ថាបនិក​ចម្បង​ បាន​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩២​ ដោយ​សង្គ្រោះ​ជីវិត​ និង​ថែទាំ​សុខភាព​កុមារ​កម្ពុជា​មិន​គិតថ្លៃ​សេវា​ព្យាបាល​ ។​ គ្រាន់តែ​ឆ្នាំ​២០១៥​កន្លង​ទៅ​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ប្រមាណ​៤៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Beat​ Richner​ ជា​ស្ថាបនិក​ និង​ជា​ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៦/៣៣៦​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ ៕​

Kuntha-Bopha1

Beat-Richner-

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.