ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ជំនួយការ​បុរស​ខ្លាំង​ម្នាក់​ប្រកាស​នាំ​មនុស្ស​៥.០០០​នាក់​ដង្ហែ​ញត្តិ​គាំទ្រ​ ACU​ ដែល​បាន​កសាង​សំណុំរឿង​សកម្មជន​សិទ្ធិ​មនុស្ស​ឲ្យ​ជាប់គុក​

​ប្រភព​ស្និទ្ធ​នឹង​ក្រុម​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​គេ​ស្គាល់​ថា​ ជានា​យក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ (​អតីត​ក្រុម​សម្ព័ន្ធ​សេនា​នាគ​)​ និង​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ដឹកនាំ​មនុស្ស​របស់​ខ្លួន​ចំនួន​ប្រមាណ​៥.០០០​នាក់​ ដង្ហែ​ញត្តិ​គាំទ្រ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន​ ដែល​បាន​ចាត់ការ​កសាង​សំណុំរឿង​យ៉ាង​ក្តៅ​គគុក​ ប្រឆាំង​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៥​នាក់​ ឲ្យ​ជាប់គុក​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​គម្រោងការ​របស់​ជំនួយការ​បុរស​ខ្លាំង​រូប​នេះ​ គឺ​កើតឡើង​ បន្ទាប់​ពី​មាន​ក្រុម​មនុស្ស​អះអាង​ថា​ ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ចំនួន​៥.២០៩​នាក់​ ដាក់​សំណើ​ជូន​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​ សុំ​ដង្ហែ​ញត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​អ្នកចូលរួម​ហែ​ប្រមាណ​២.០០០​នាក់​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៦​ខាង​មុខ​ ដើម្បី​ស្នើ​សុំ​ ACU​ឲ្យ​បញ្ឈប់​ការ​គំរាមកំហែង​ ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេងៗ​ និង​បញ្ឈប់​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ពីរ​រួច​មក​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​គេ​ស្គាល់​ថា​ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ទូរទស្សន៍​អប្សរា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ និង​ជានា​យក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​(​អតីត​ក្រុម​សម្ព័ន្ធ​សេនា​នាគ​)​ផង​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ ដោយ​អនុក្រឹត្យ​របស់​រាជ​ដ្ឋា​ភិ​បាល​លេខ​៤៨៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ខែឧសភា​ ឆ្នាំ​២០១៥​ ។​ លើស​ពី​នេះ​ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ មាន​ឯកឧត្តម​ ជុំ​ កុសល​ ទីប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​មាន​ឋានៈ​ ស្មើ​រដ្ឋលេខាធិការ​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩១៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣)​ ជា​ប្រធានកិត្តិយស​ទៀត​ផង​ ។​

​ក្នុង​ព្រឹត្តិការណ៍​បាតុកម្មហិង្សា​ទាមទារ​ទម្លាក់​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្បែរ​វិមាន​រដ្ឋសភា​ បណ្តាល​ឲ្យ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ គឺ​ឯកឧត្តម​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ គង់​ សភា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ រង​របួស​ធ្ងន់ធ្ងរ​រហូត​ចូល​សម្រាក​ពេទ្យ​ព្យាបាល​នោះ​ ក៏​មាន​វត្តមាន​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ជា​ជំនួយការ​បុរស​ខ្លាំង​ចូលរួម​ដឹកនាំ​យ៉ាង​សកម្ម​ផង​ដែរ​ ៕​

Pan-Khem-bunthan People-ACU

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.