ថ្ងៃ អាទិត្យ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩

មេដឹកនាំ​កំពូល​ទាំង​១០​របស់​ CPP​ ដែល​ “​ពាក់អាវ​ក្រោះ​អំណាច​”​ ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​ព្រះ​បរមរាជវាំង​

​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ដែល​បាន​កាន់​តំណែង​ និង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ និង​ឧបនាយករដ្ឋមន្ត្រី​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​(​រាជរដ្ឋាភិបាល​)​ និង​ក្រសួងព្រះបរមរាជវាំង​ទាំង​១០​ គឺ​សុទ្ធតែ​ជា​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ និង​មាន​តំណែង​ត្រួត​ជា​សមាជិក​-​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥​ទៀត​ផង​ រួម​មាន​ ៖​ ១-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​,​ ២-​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​,​ ៣-​សម្តេចចៅហ្វា​វាំង​វរ​រៀង​ជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​,​ ៤-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​,​ ៥-​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​,​ ៦-​លោក​ជំទាវ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ម៉ែ​ន​ សំ​អន​,​ ៧-​ឯកឧត្តម​ យឹ​ម​ ឆៃ​លី​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​,​ ៨-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​,​ ៩-​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រចាំការ​ និង​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ និង​១០-​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ការងារ​ពិសេស​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ។​

​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​កំពូល​ទាំង​១០​នាក់​ខាងលើ​ គឺ​មាន​ចំនួន​៦​នាក់​ដែល​លេចធ្លោ​ជាងគេ​ ដ្បិត​កំពុង​បំពេញការងារ​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ព្រះ​បរមរាជវាំង​ ជា​អាទិ៍​ ៖​ ១-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​,​ ២-​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​,​ ៣-​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​,​ ៤-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​,​ ៥-​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ និង​៦-​លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ ។​

​អនុលោម​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​បាន​ចែង​ថា​ "​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​ ។​ ការ​ចោទប្រកាន់​ ការ​ចាប់ខ្លួន​ ការ​ឃាត់ខ្លួន​ ឬ​ការ​ឃុំខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋសភា​ នឹង​អាច​ធ្វើ​ទៅ​កើត​ លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា​ ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា​ វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ។​ ក្នុង​ករណី​ខាងក្រោយ​នេះ​ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវធ្វើ​សេចក្តីរាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច​ ។​ សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ខាង​មុខ​ដើម្បី​អនុម័ត​តាម​មតិ​ភាគច្រើន​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​ ។​ ក្នុង​ករណី​ទាំងអស់​ខាងលើ​នេះ​ ការ​ឃុំខ្លួន​ ការ​ចោទប្រកាន់​តំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក​ ប្រសិនបើ​រដ្ឋសភា​បាន​បញ្ចេញមតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយ​រដ្ឋសភា​បច្ចុប្បន្ន​មាន​សមាជិក​ជា​តំណាងរាស្ត្រ​ចំនួន​១២៣​រូប​ (៦៨​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​៥៥​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​)​ ដូច្នេះ​ អនុលោម​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ គឺ​មេដឹកនាំ​កំពូល​ទាំង​១០​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​បាន​លើក​ឡើង​ខាងលើ​ ទោះបី​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ក្នុង​ការ​បំពេញ​មុខងារ​ ជា​ពិសេស​ឧបមា​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ក៏​មិន​អាច​បើកផ្លូវ​ឲ្យ​ស្ថាប័ន​តុលាការ​ធ្វើការ​ចោទប្រកាន់​ឈាន​ទៅ​ផ្តន្ទាទោស​បាន​ឡើយ​ លើកលែងតែ​បាន​ប្រព្រឹត្ត​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ។​ ទោះ​យ៉ាងណា​ក៏​ដោយ​ ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ មិន​ត្រូវ​បាន​បកស្រាយ​ វែកញែក​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ ក្នុង​ករណី​អនុវត្តន៍​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​ចំនួន​៥៥​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ ។​

​សរុបសេចក្តី​មក​ មេដឹកនាំ​កំពូល​ទាំង​១០​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​បាន​លើក​ឡើង​ខាងលើ​ ដែល​កាន់​តំណែង​ និង​តួនាទី​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ព្រះ​បរមរាជវាំង​ និង​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​ផង​នោះ​ គឺ​ប្រដូច​បាន​ទៅ​នឹង​មនុស្ស​ដែល​ "​ពាក់អាវ​ក្រោះ​អំណាច​"​ ការពារ​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​កំហុសឆ្គង​ផ្សេងៗ​ក្នុង​ការ​បំពេញ​មុខងារ​យ៉ាង​ខែងរ៉ែង​ សូ​ម្បី​តែ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បង្កើត​ឡើង​ដោយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របៀប​មិន​ឯករាជ្យ​ពិតប្រាកដ​នោះ​ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង​ ក៏​មិន​អាច​មាន​លទ្ធភាព​ចាត់ការ​ទៅ​លើ​កំហុសឆ្គង​ជាយថាហេតុ​ណាមួយ​របស់​មេដឹកនាំ​កំពូល​បក្ស​ CPP​ ទាំង​១០​រូប​បាន​ដែរ​ ៕​

CPP-Leader10

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.