ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

ក្រោម​ឥទ្ធិពល​ “​ស្រី​មុំ​”​ ឆ្លើយ​ដាក់​ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ADHOC៤​នាក់​ និង​អគ្គលេខាធិការ​រង​ NEC​ ម្នាក់​ទៀត​ ត្រូវ​បាន​បន្ត​ឃាត់ខ្លួន​នៅ​ ACU

​មន្ត្រីជាន់ខ្ពស់​របស់​អង្គការសិទ្ធិមនុស្ស​នៅ​កម្ពុជា​ ADHOC​ ចំនួន​៤​នាក់​ គឺ​លោក​ នី​ សុខា​,​ លោក​ យី​ សុខសាន្ត​,​ លោក​ ណៃ​ វ៉ង​ដា​ និង​លោកស្រី​ លឹ​ម​ មុនី​ ព្រមទាំង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(NEC)​ម្នាក់​ គឺ​ឯកឧត្តម​ នី​ ចរិយា​ ផង​នោះ​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ មាន​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ធ្វើការ​ឃាត់ខ្លួន​ចាប់តាំងពី​ថ្ងៃ​ទី​២៧-២៨​ ខែមេសា​ ឆ្នាំ​២០១៦​ រហូត​មក​ដល់​ថ្ងៃអាទិត្យ​ ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ក្រោម​ឥទ្ធិពល​នៃ​ការ​ "​ឆ្លើយ​ដាក់​"​ របស់​ស្ត្រី​អាយុ​២៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ដែល​បែកធ្លាយ​កាលពី​ចុងខែ​កុម្ភៈ​ និង​ដើមខែ​មីនា​ ឆ្នាំ​២០១៦​កន្លង​មក​ ហូរហែ​ថា​ ជា​ស្រី​កំណាន់​ស្នេហា​លួចលាក់​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ។​

​ការណ៍​ដែល​នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ធ្វើការ​កោះហៅ​យក​ចម្លើយ​លើ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​នៅ​កម្ពុជា​ ADHOC​ ទាំង​៤​នាក់​ និង​អគ្គលេខាធិការ​រង​ NEC​ ម្នាក់​ទៀត​នោះ​ គឺ​ដោយសារ​ការ​ "​ឆ្លើយ​ដាក់​"​ របស់​ស្ត្រី​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បន្ទាប់​ពី​នាង​កែប្រែ​ចិត្ត​បដិសេធ​ចម្លើយ​របស់​នាង​នៅ​អង្គការសិទ្ធិមនុស្ស​កម្ពុជា​ ADHOC​ ដែល​ធ្លាប់​ជួយ​ផ្តល់​សេវា​ផ្លូវច្បាប់​ដល់​នាង​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​រួច​មក​ ។​

​លោក​ នី​ ចរិយា​ អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការសិទ្ធិមនុស្ស​ ADHOC​ ទទួល​បានការ​តែងតាំង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើ​អនុរដ្ឋលេខាធិការ​(​មាន​ងារ​ជា​ឯកឧត្តម​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៦/០៨៨​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ព្រោះតែ​ជំហរ​រេ​រាំ​មិន​ទៀងទាត់​របស់​ស្ត្រី​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ និង​ប្រតិកម្ម​ភ្លាមៗ​របស់​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ព្រមទាំង​សកម្មភាព​ដើរ​ប្តឹង​មិន​ហត់​របស់​យុវជន​ម្នាក់​អះអាង​ខ្លួន​ជា​និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ បាន​ធ្វើ​ឲ្យ​ ACU​ និង​តុលាការ​រវល់​ចាត់ការ​យ៉ាង​ក្តៅ​គគុក​ទៅ​លើ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​កម្ពុជា​ADHOC​ និង​ឯកឧត្តម​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ NEC​ ហើយ​ក៏​បាន​បង្ក​ឲ្យ​មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ម្នាក់​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ គឺ​លោក​ ស៊ា​ង​ ចែត​ ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ទៀត​ផង​ ក្រោម​ការ​ចោទប្រកាន់​ថា​ បាន​ផ្តល់​លុយកាក់​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក​ដល់​ក្រុម​គ្រួសារ​ស្ត្រី​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​សង្គម​នៅ​កម្ពុជា​ និង​ប្រិ​យ​មិត្ត​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ មិន​តិចតួច​ទេ​ បាន​សម្តែង​នូវ​ការ​រិះគន់​ទៅ​លើ​ចំណាត់ការ​របស់​ ACU​ មាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ប្រធាន​ ដែល​សកម្ម​ចាត់ការ​ទៅ​លើ​រឿង​សេ្ន​ហា​បុគ្គល​ឯកជន​ ច្រើន​ជាង​ចាត់ការ​ទៅ​លើ​បញ្ហា​របស់​ប្រទេស​ជាតិ​ ដូច​ជា​ករណី​រំលោភ​បំពាន​ដីធ្លី​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ និង​ករណី​មិន​គោរព​ច្បាប់​បង្ក​ដោយ​មន្ត្រីជាន់ខ្ពស់​មាន​អំណាច​ផ្សេងៗ​ទៀត​…​។​ល​៕​

Ny-Chakriya

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.