ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

ACU​ រង​ការ​រិះគន់​រឿង​មិន​ស្រាវជ្រាវ​ចោរលួច​ស្តាប់​និង​ថត​ បែរជា​ត្រួតពិនិត្យ​តែ​ខ្សែអាត់​សំឡេង​ និង​ត្រៀម​បើក​កញ្ចប់​ទ្រព្យសម្បត្តិ​ឯកឧត្តម​ កឹ​ម​ សុខា​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ប្រធាន​ បាន​ចាត់ការ​យ៉ាង​លឿន​ និង​ក្តៅ​គគុក​ទៅ​លើ​ពាក្យបណ្តឹង​របស់​និស្សិត​ម្នាក់​ឈ្មោះ​ ស្រី​ ចំរើន​ អះអាង​ថា​ តំណាង​ឲ្យ​យុវជន​ និស្សិត​ និង​ពលរដ្ឋ​ស្រាវជ្រាវ​ស្វែងរក​ការ​ពិត​នៃ​ខ្សែអាត់​សំឡេង​ សង្ស័យ​ថា​ជា​សំឡេង​ពិត​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ស្រី​កំណាន់​ ដោយ​ដាក់​ការ​សង្ស័យ​ថា​ ឯកឧត្តម​ កឹ​ម​ សុខា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ទិញ​ដី​ ផ្ទះ​ និង​ផ្តល់​លុយ​ឲ្យ​ស្រី​កំណាន់​ ខណៈ​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​ និង​អ្នក​ច្បាប់​បាន​រិះគន់​ថា​ ACU​ ចាត់ការ​ខុស​រឿង​ និង​មិន​សម​ទំនង​ ពីព្រោះ​ ACU​ មិន​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​ចោរលួច​ស្តាប់​ និង​លួច​ថត​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ដែល​មិនមែន​ជា​ភាគី​នៃ​ការ​សន្ទនា​ បែរជា​ត្រួតពិនិត្យ​តែ​ខ្សែអាត់​សំឡេង​ និង​គ្រោង​បើក​កញ្ចប់​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ទៅ​វិញ​ ។​

​ការ​ធ្វើ​កោសល្យវិច័យ​របស់​ ACU​ ទៅ​លើ​សំឡេង​ខ្សែអាត់​ដែល​ផ្តល់​ដោយ​ក្រុម​និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ ជា​ម្ចាស់​បណ្តឹង​នោះ​ ត្រូវ​បាន​ ACU​ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ថា​ ជា​សំឡេង​ពិត​របស់​ម្ចាស់​តួអង្គ​នីមួយៗ​ (Sic!)​ ។​ លើស​ពី​នេះ​ ACU​ ក៏​បាន​ប្រកាស​ថា​ នឹង​ឈាន​ទៅ​បើក​កញ្ចប់​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ស៊ើបអង្កេត​ក្នុង​រឿង​អំពើ​ពុក​រលួយ​តាម​បណ្តឹង​របស់​ក្រុម​និស្សិត​ទាំងនោះ​ទៀត​ផង​ (Resic!)​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​របៀប​ជា​ការ​ហួសចិត្ត​ថា​ ប្រសិនបើ​ ACU​ សម្រេច​បើក​កញ្ចប់​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ពិតប្រាកដ​មែន​នោះ​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ នឹង​ក្លាយជា​អ្នកតំណាង​រាស្ត្រ​ទី​១​នៅ​កម្ពុជា​ដែល​ត្រូវ​ ACU​ ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​ក្នុង​រឿង​ស្នេហា​លក្ខណៈ​ជា​បុគ្គល​ឯកជន​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ អនុលោម​តាម​មាត្រា​៤០​ កថាខណ្ឌ​ទី​៣​ នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​ការ​រក្សា​សិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅ​ឋាន​ និង​អាថ៌​កំបាំង​នៃ​ការ​ឆ្លើយឆ្លង​តាម​លិខិត​ តាម​សារ​ទូរលេខ​ ទូរពុម្ព​ ទូរ​គម​ន៍​ និង​តាម​ទូរស័ព្ទ​ ត្រូវ​បាន​ធានា​"​ និង​មាត្រា​៦៥​ ចំណុច​(​ខ​)​នៃ​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ ដែល​បាន​ចែង​ថា​ "​សិទ្ធិ​ទទួល​ការ​ការពារ​ព័ត៌មាន​ឯកជន​ សន្តិសុខ​ និង​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​សេវា​ទូរគមនាគមន៍​…"​ គឺ​ ACU​ គប្បី​ធ្វើការ​ស៊ើបអង្កេត​ និង​ចាត់ការ​ទៅ​លើ​ជន​ទុច្ចរិត​មិនមែន​ជា​ភាគី​នៃ​ការ​សន្ទនា​ ដែល​បាន​លួច​ស្តាប់​ និង​លួច​ថត​ការ​សន្ទនា​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ តាម​ទូរស័ព្ទ​ ដើម្បី​ឈាន​ទៅ​ផ្តន្ទាទោស​ជនល្មើស​តាម​មាត្រា​៩៧​នៃ​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ និង​មាត្រា​៣១៨​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទើប​ស័ក្តិ​សមជា​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ និង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ផង​ ។​ ផ្ទុយ​ទៅ​វិញ​ ACU​ បែរជា​ធ្វើការ​ត្រួតពិនិត្យ​តែ​លើ​ខ្សែអាត់​សំឡេង​ដែល​ចោរលួច​ស្តាប់​ និង​លួច​ថត​ការ​សន្ទនា​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ យ៉ាង​យកចិត្តទុកដាក់​ គឺ​មាន​ន័យ​ស្មើនឹង​ការ​បង្ហាញ​នូវ​អំពើ​រំលោភ​បំពាន​ច្បាប់​ និង​ផ្តល់​នូវ​អំពើ​អយុត្តិធម៌​ដល់​ឯកឧត្តម​ កឹ​ម​ សុខា​ ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា​ម្នាក់​ ដែល​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ៕​

Kem-Sokha-Scandal-2 Kem-Sokha-Scandal-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.