ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

ACLEDA​ បង្កើត​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​

​ធនាគារពាណិជ្ជ​មួយ​ឈ្មោះ​ អេ​ស៊ី​លី​ដា​ "ACLEDA"​ បាន​សម្រេច​បង្កើត​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​ឈ្មោះ​ថា​ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ អេ​ស៊ី​លី​ដា​ សរសេរ​កាត់​ "​វ​ព​អ​"​ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ "ACLEDA​ Institute​ of​ Business"​ សរសេរ​កាត់​ "AIB"​ ឋិត​នៅ​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៣​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ អេ​ស៊ី​លី​ដា​ ដែល​មាន​ទីតាំង​ឋិត​នៅ​អគារ​លេខ​៥០​ ផ្លូវ​លេខ​៥១៦​កែង​នឹង​ផ្លូវ​លេខ​៣៣៥​ ភូមិ​៦​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ធ្វើការ​បណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្រ​រង​ កម្រិត​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ លើ​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ពាណិជ្ជកម្ម​ មុខ​ជំនាញ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ ហើយ​ទៅ​អនាគត​ វិទ្យាស្ថាន​នេះ​អាច​បើក​សាខា​មហាវិទ្យាល័យ​ថ្មី​ ដេ​ប៉ា​តឺ​ម៉​ង់​ថ្មី​ ឯកទេស​ថ្មី​ កម្រិត​ ឬ​ថ្នាក់​ថ្មី​ ប្រភេទ​បណ្តុះបណ្តាល​ថ្មី​ សុំ​ប្តូរ​ឈ្មោះ​ថ្មី​ ឬ​ទីតាំង​ថ្មី​ ដោយ​រៀបចំ​សំណុំ​បែបបទ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ។​

​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ អេ​ស៊ី​លី​ដា​ មាន​ក្រុមប្រឹក្សាភិបាល​មួយ​ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​គោលនយោបាយ​ ផែនការអភិវឌ្ឍន៍​កម្មវិធី​សិក្សា​ និង​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​ដទៃ​ទៀត​ ។​ តួនាទី​ ភារកិច្ច​ និង​រចនាសម្ព័ន្ធ​ចាត់តាំង​ជាក់ស្តែង​នៃ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ អេ​ស៊ី​លី​ដា​ ត្រូវ​កំណត់​ដោយ​ក្រុមប្រឹក្សាភិបាល​ និង​មានការ​ឯកភាព​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ។​

​នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ អេ​ស៊ី​លី​ដា​ មាន​ភារកិច្ច​ដូច​តទៅ​ ៖​ -​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​ និង​ធានា​ឲ្យ​មាន​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សង្គម​,​ -​ទទួលខុសត្រូវ​ក្នុង​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូល​រៀន​ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​,​ -​គោរព​ និង​អនុវត្តន៍​តាម​ការ​ណែនាំ​ និង​បទដ្ឋាន​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​កំណត់​អំពី​សកម្មភាព​នៃ​ការ​ធានា​គុណភាព​អប់រំ​ផ្ទៃក្នុង​នៅ​ឧត្តម​សិក្សា​,​ -​ធ្វើ​របាយ​ការណ៍​ប្រចាំឆ្នាំ​អំពី​ការងារ​បណ្តុះបណ្តាល​ រួច​បញ្ជូន​ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រោយ​ដំណាច់​ឆមាស​ទី​២​ ។​

​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ ត្រូវ​ទទួល​សញ្ញាបត្រ​តាម​កម្រិត​ដែល​បាន​សិក្សា​ ។​ សញ្ញាបត្រ​នេះ​ត្រូវ​ផ្តល់​ដោយ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ អេ​ស៊ី​លី​ដា​ ដោយ​ផ្អែក​លើ​បញ្ជី​ឈ្មោះ​និស្សិត​បញ្ចប់​ការ​សិក្សា​ជាប់​ជា​ស្ថាពរ​ដែល​មានការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.