ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

កិច្ច​អន្តរាគមន៍​របស់​ គ​.​ក​.​ប​ គ្មាន​ប្រសិទ្ធភាព​លើ​សំណើសុំ​ដោះ​លែង​បុគ្គលិក​សហជីព​សេរី​កម្មករ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

​គិត​រហូត​មក​ដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ កិច្ច​អន្តរាគមន៍​របស់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ប្រធាន​គណៈកម្មការ​,​ ឯកឧត្តម​ អ៊ូ​ សំ​អូន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ និង​ជា​សមាជិក​គណៈកម្មការ​ និង​ឯកឧត្តម​ ប្រាក់​ ចាន់​ធឿ​ន​ ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​ ទៅ​លើ​សំណើសុំ​ដោះ​លែង​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់​ (​កញ្ញា​ យ៉ុ​ង​ លាភ​)​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ ម្នាក់​ទៀត​(​លោក​ ទូច​ ស្រ៊ុ​ន​)​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ក្លាយជា​គ្មាន​ប្រសិទ្ធភាព​ ពោល​គឺ​កញ្ញា​ យ៉ុ​ង​ លាភ​ និង​លោក​ ទូច​ ស្រ៊ុ​ន​ មិន​ត្រូវ​បាន​លោក​ ម៉ែ​ន​ វណ្ណៈ​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ និង​លោក​ព្រះរាជអាជ្ញា​រង​ សឿ​ ឡង​ឌី​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដែល​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នោះ​ សម្រេច​អនុញ្ញាត​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ឡើយ​ ខណៈ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​បាន​ទទួល​រង​ការ​ជាប់​ឃុំខ្លួន​អស់​រយៈពេល​២២​ថ្ងៃ​មក​ហើយ​ ។​

​គួរ​រំលឹក​ជូន​ថា​ បន្ទាប់​ពី​កញ្ញា​ យ៉ុ​ង​ លាភ​ ជា​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ ទូច​ ស្រ៊ុ​ន​ ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន​ទាំង​បំពាន​ និង​ត្រូវ​បាន​លោក​ ម៉ែ​ន​ វណ្ណៈ​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ និង​លោក​ សឿ​ ឡង​ឌី​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ និង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ នា​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​រួច​មក​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្លាប់​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​០៥៩/១៦​ស​សក​ពក​ ចុះ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ គោរព​ជូន​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ និង​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ ស្នើ​សុំ​ការ​សន្តោស​ប្រណី​ជួយ​សម្របសម្រួល​ និង​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​កញ្ញា​ យ៉ុ​ង​ លាភ​ និង​លោក​ ទូច​ ស្រ៊ុ​ន​ បាន​នៅ​ក្រៅ​ឃុំ​ ។​

​ករណី​នេះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ខុទ្ទកាល័យ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​ គ​.​ក​.​ប​ ហើយ​ត្រូវ​បាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ឲ្យ​ គ​.​ក​.​ប​ មុខការ​ ។​ តម​ក​ អគ្គលេខាធិការដ្ឋាន​នៃ​ គ​.​ក​.​ប​ ដែល​មាន​ឯកឧត្តម​ ប្រាក់​ ចាន់​ធឿ​ន​ ជា​អគ្គលេខាធិការ​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​ ៣៣​អ​.​គ​.​ក​.​ប​ ចុះ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ជម្រាប​មក​លោក​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​បញ្ជាក់​ថា​ "​អគ្គលេខាធិការ​មិន​ជំទាស់​លើ​ការ​ស្នើ​សុំ​របស់​លោក​ប្រធាន​សហជីព​នេះ​ទេ​ តែ​សុំ​លោក​ប្រធាន​ធ្វើការ​ពិភាក្សា​ជាមួយ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ។​ "​ ។​

​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ដើម​ត្នោត​តាម​ទូរស័ព្ទ​នៅ​វេលា​ព្រឹក​ នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ ដើម្បី​ធានា​និរន្តរភាព​ការងារ​ និង​ជីវភាព​ក្រុម​គ្រួសារ​ទាំងមូល​របស់​ជន​ត្រូវ​ចោទ​ផង​ និង​ដើម្បី​អនុវត្តន៍​តាម​ស្មារតី​នៃ​ការ​យោគយល់​ប្រកបដោយ​គុណធម៌​ និង​មនុស្សធម៌​ ក្នុង​ន័យ​តម្កល់​នូវ​សុខដុម​នី​យ​កម្ម​ ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​លើ​វិស័យ​ការងារ​របស់​គណៈកម្មការ​ គ​.​ក​.​ប​ ផង​ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​បាន​ដាក់​ពាក្យ​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ (​បន្ទាប់​ពី​អគ្គលេខាធិការដ្ឋាន​ គ​.​ក​.​ប​ ចេញ​លិខិត​ជម្រាប​មក​សហជីព​ភ្លាមៗ​)​ គោរព​ជូន​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ស្នើ​សុំ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ប៉ុន្តែ​មិន​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​ និង​លោក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ឡើយ​ ។​

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ មាន​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​ត្រូវ​ចោទ​រង​គ្រោះ​ទាំង​២​នាក់​ មាន​ចំនួន​ប្រមាណ​ជាង​៥០​នាក់​ បាន​បន្ត​មក​ជួបជុំ​គ្នា​នៅ​មុខ​ទីស្តីការក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ បន្ទាប់​ពី​ គ​.​ក​.​ប​ បាន​ធ្វើ​លិខិត​អន្តរាគមន៍​មិន​ចំ​គោលដៅ​ ឬ​គ្មាន​ប្រសិទ្ធភាព​រួច​មក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ដែល​បាន​តាមដាន​កិច្ច​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​របស់​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​មាន​លោក​ ប៉ាវ​ ស៊ី​ណា​ ជា​ប្រធាន​នា​ពេល​កន្លង​មក​ លោក​ ម៉ែ​ន​ វណ្ណៈ​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ធ្លាប់​បាន​សម្រេច​ដោះ​លែង​បុរស​៥​នាក់​ជា​ថ្នាក់ដឹកនាំ​ និង​ជា​បុគ្គលិក​សហជីព​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​បាន​ឃុំខ្លួន​ជន​ត្រូវ​ចោទនា​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ (​ជាប់​ឃុំ​អស់​រយៈពេល​០៦​ថ្ងៃ​)​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៤​បទល្មើស​ គឺ​ ៖​ ១-​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​,​ ២-​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​,​ ៣-​បទ​មិន​គោរព​សម្រេច​របស់​តុលាការ​ និង​៤-​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​បុរី​កម្មករ​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ នា​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ តាម​ការ​ជួយ​សម្របសម្រួល​អន្តរាគមន៍​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ និង​ជា​សមាជិក​ គ​.​ក​.​ប​ ប៉ុន្តែ​ទោះបី​មានការ​ជួយ​សម្របសម្រួល​អន្តរាគមន៍​ពី​ គ​.​ក​.​ប​ ដូច​គ្នា​ ក្នុង​ករណី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ គឺ​លោក​ ម៉ែ​ន​ វណ្ណៈ​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ មិន​អនុញ្ញាត​ដោះ​លែង​ឲ្យ​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់​ (​ក្នុង​នោះ​មាន​ម្នាក់​ជា​ស្ត្រី​ផង​)​ ដែល​ជាប់​ឃុំខ្លួន​អស់​រយៈពេល​ជាង​២០​ថ្ងៃ​ហើយ​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​២​បទល្មើស​ គឺ​ ៖​ ១-​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ និង​ ២-​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ នា​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ (​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​)​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ឡើយ​ ដែល​បង្ហាញ​អំពី​ការ​រើសអើង​ និង​លម្អៀង​ដោយ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ៕​

FTUFTU1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.