ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

តើ​អ្វីខ្លះ​ដែល​ត្រូវ​រក្សា​អភិរក្ស​ និង​លើកតម្កើង​អភិវឌ្ឍន៍​ធ្វើ​ទំនើប​នី​យ​កម្ម​សម្រាប់​រាជធានី​ភ្នំពេញ​ ?

​មាត្រា​៦​ កថាខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ភ្នំពេញ​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ "​ ។​

​ដើម្បី​អភិរក្ស​ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ដែល​ជា​មជ្ឈមណ្ឌល​នយោបាយ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វប្បធម៌​ ប្រកបដោយ​សក្តានុពល​ប្រកួតប្រជែង​ វឌ្ឍនភាព​ សមធម៌​ និង​ចីរភាព​នោះ​ កាលពី​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​ឲ្យ​អនុវត្តន៍​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥​ ដោយ​អនុក្រឹត្យ​លេខ​១៨១​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខណៈ​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​នេះ​ អាច​ធ្វើការ​កែសម្រួល​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង​តាម​ករណី​ចាំបាច់​ នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ ឬ​អាច​កែសម្រួល​មុន​ពេល​កំណត់​ ក្នុង​ករណី​ដែល​មាន​តម្រូវការ​ចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​ ឬ​ផលប្រយោជន៍​ជាតិ​។​

​អនុលោម​តាម​ស្មារតី​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេខ​១៨១​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ដាក់​ឲ្យ​អនុវត្តន៍​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​នេះ​ សារព័ត៌មាន​ដើម​ត្នោត​ សូម​ដកស្រង់​នូវ​ចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ អភិរក្ស​ និង​លើកតម្កើង​អភិវឌ្ឍន៍​ធ្វើ​ទំនើប​នី​យ​កម្ម​សម្រាប់​រាជធានី​ភ្នំពេញ​ ផ្សព្វផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ដូច​តទៅ​ ៖

១-​ពង្រីក​ព្រំដែន​រាជធានី​ភ្នំពេញ​នៅ​ក្នុង​រង្វង់​ទំហំ​៣០​គីឡូម៉ែត្រ​ជុំវិញ​ ដោយ​គិត​ពី​ចំណុចកណ្តាល​នៃ​រាជធានី​ភ្នំពេញ​ ។​ ថ្ងៃ​អនាគត​ ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​គ្របដណ្តប់​លើ​ផ្ទៃដី​ខាងជើង​ស្ទើរតែ​ទាំងអស់​នៃ​ខេត្តកណ្តាល​ ។​

២-​កំពង់​ផែ​នៅ​ក្នុង​ក្រុង​ ត្រូវ​តែ​រក្សា​ទុក​ និង​បំពេញបន្ថែម​នៅ​លើ​ទន្លេសាប​ ដោយ​បង្កើត​នូវ​ទីតាំង​សម្រាប់​ផ្ទេរ​ទំនិញ​ ដោយ​សង្ឃឹម​ឲ្យ​មានការ​បោះទីតាំង​ជា​កំពង់​ផែ​នានា​ និង​ការ​បញ្ចូល​កំពង់​ផែ​ទាំងនោះ​ឲ្យ​ឋិត​នៅ​ក្នុងភូមិ​សាស្ត្រ​ទីក្រុង​ (​ជា​អាទិ៍​ ការ​រក្សា​ទុក​ដី​ឋិត​នៅ​ក្បែរ​ទន្លេ​)​ ត្រូវ​គ្រប់គ្រង​ហានិភ័យ​ បរិស្ថាន​ទាំងឡាយ​ (​ជា​អាទិ៍​ ឃ្លាំង​ផ្ទុក​ប្រេង​នានា​នៅ​គីឡូម៉ែត្រ​លេខ​៤)​ ដើម្បី​ឲ្យ​មានដំណើរ​ការ​កំពង់​ផែ​ល្អ​ ត្រូវ​គ្រោង​នូវ​លទ្ធភាព​នៃ​ការ​បង្កើត​នូវ​ទីតាំង​ (​សកម្មភាព​)​សម្រាប់​ផ្ទេរ​ ផ្ទុកទំនិញ​ដែល​អាច​មាន​ទំហំ​ខ្នាត​អន្តរជាតិ​នៅ​ខាង​ចុង​ផ្នែក​ខាងជើង​នៃ​ផ្លូវដែក​ ដែល​មាន​ស្រាប់​នៅ​គីឡូម៉ែត្រ​លេខ​៦​ ។​

៣-​បង្កើត​ស្ថានីយ៍​រថភ្លើង​មួយ​ថ្មី​នៅ​ចំណុចប្រសព្វ​នៃ​បណ្តាញ​ដែល​មាន​ស្រាប់​ នៅ​ច្រកចូល​ខាងលិច​នៃ​ទីប្រជុំជន​ (​ស្ថានីយ៍​សំរោង​)​ ។​ ថែរក្សា​នូវ​មុខងារ​របស់​ស្ថានីយ៍​រថភ្លើង​សព្វថ្ងៃ​នៅ​កណ្តាល​ក្រុង​ ជាមួយនឹង​មុខងារ​ស្ថានីយ៍​ចុងបញ្ចប់​នៃ​អ្នកដំណើរ​ និង​អាច​បញ្ជូន​ទំនិញ​ទាំងឡាយ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​របស់​ក្រុងភ្នំពេញ​ ។​

៤-​ធានា​រក្សា​ទុក​នូវ​អ​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​អាច​ទ្រទ្រង់​ប្រតិបត្តិការ​បាន​រហូត​ដល់​ត្រឹម​ឆ្នាំ​២០៣៥​ ។​ បន្ទាប់​ពី​ឆ្នាំ​២០៣៥​ អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ ត្រូវ​តែ​សិក្សា​រៀបចំ​ឲ្យ​មាន​អាកាសយានដ្ឋាន​ថ្មី​ធំ​មួយទៀត​ ដែល​អាច​ឆ្លើយ​តប​តម្រូវការ​នា​ពេល​អនាគត​ ។​

៥-​រៀបចំ​ឲ្យ​មាន​ទីតាំង​ផែស្ងួត​ទំហំ​ប្រមាណ​៥០​ហិ​កតា​ទៅ​១០០​ហិ​កតា​ ឋិត​នៅ​ជាយ​រាជធានី​ភ្នំពេញ​ (​ចំណុច​ចាប់អារម្មណ៍​បំផុត​ គឺ​ទីតាំង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ស្ថានីយ៍​រថភ្លើង​សំរោង​ជា​ស្ថានីយ៍​ថ្មី​នៅ​ច្រកចូល​ខាងលិច​រាជធានី​ភ្នំពេញ​)​ ។​

៦-​រៀបចំ​បណ្តាញ​ផ្លូវ​មេ​តាម​កម្រិត​ថ្នាក់​ចំនួន​៤​កម្រិត​ គឺ​ ៖​ ១-​កម្រិត​ទី​១​ ជា​ផ្លូវ​មាន​ទំហំ​ទទឹង​៦០​ម៉ែត្រ​,​ ២-​កម្រិត​ទី​២​ ជា​ផ្លូវ​មាន​ទំហំ​ទទឹង​៤៥​ម៉ែត្រ​,​ ៣-​កម្រិត​ទី​៣​ ជា​ផ្លូវ​មាន​ទំហំ​ទទឹង​៣០​ម៉ែត្រ​ និង​៤-​កម្រិត​ទី​៤​ ជា​ផ្លូវ​មេ​ទំហំ​ទទឹង​២០​ម៉ែត្រ​ ។​ បណ្តាញ​ផ្លូវ​ទាំងនេះ​សម្រាប់​បម្រើ​កា​រត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ និង​ទីក្រុង​រណប​ខ្សែក្រវាត់​ក្រុង​ ដើម្បី​បង្វែរ​ចរាចរណ៍​មិន​ឲ្យ​ឆ្លងកាត់​ទី​កណ្តាល​ក្រុង​ និង​ដើម្បី​ការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​តំបន់​ធំ​នានា​ ។​

៧-​លើកតម្កើង​តំបន់​ចតុមុខ​ ៖​ ជា​តំបន់​វិសេសវិសាល​ ហើយ​គុណភាព​នៃ​ការ​អភិវឌ្ឍ​នានា​ក្នុង​តំបន់​នេះ​ គឺជា​ការ​លទ្ធផល​រំពឹង​ទុក​ដ៏​សំខាន់​សម្រាប់​រូបភាព​របស់​ទីក្រុង​ ។​ ចំណុច​ចុង​ជ្រោយចង្វា​ ដែល​ជា​តំបន់​ឯកសិទ្ធិ​បំផុត​ នៅ​ទល់មុខ​នឹង​ព្រះ​បរមរាជវាំង​ នឹង​ត្រូវ​តែ​រៀបចំ​ការ​អភិវឌ្ឍ​ដែល​ស្រប​នឹង​កា​អភិរក្ស​ ពោល​គឺជា​គម្រោង​ពិសេស​ដែល​មាន​សុខដុមរមនា​ជាមួយ​រមណីយដ្ឋាន​វត្ត​ភ្នំ​ និង​ព្រះ​បរមរាជវាំង​ ។​ នៅ​ខាងកើត​ទល់​នឹង​តំបន់​នេះ​ គឺ​តំបន់​អរិយ​ក្សត្រ​ នឹង​ត្រូវ​រក្សា​ទុក​នៅ​ក្នុងអំឡុងពេល​១០​ឆ្នាំទៅ​មុខ​ទៀត​ ជា​លក្ខណៈ​ភូមិ​ និង​ទេសភាព​ ដូចនឹង​ការ​បម្រុង​ទុក​នៃ​នគរូបនីយកម្ម​ ។​

៨-​លើកតម្កើង​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​ ៖​ គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​រៀបចំ​បឹង​កក់​ តម្រូវ​ឲ្យ​មានការ​ថែរក្សា​នៃ​ទីតាំង​ស្ថានីយ៍​រថភ្លើង​ចាស់​ ដែល​ជា​តំបន់​បេតិកភណ្ឌ​ និង​តម្រូវ​ឲ្យ​មានការ​ត​ភ្ជាប់​ឡើង​វិញ​នូវ​បណ្តាញ​ផ្លូវដែក​ភ្ជាប់​តំបន់​ខាងលិច​ និង​ខាងជើង​មក​តំបន់​ទីក្រុង​ចាស់​ផ្នែក​ខាងត្បូង​ និង​ខាងកើត​បឹង​កក់​ ។​

៩-​លើកតម្កើង​បឹង​នានា​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ ៖​ បឹង​នៅ​ភាគ​ខាងជើង​(​បឹង​តា​មោក​ និង​បណ្តាញ​របស់​វា​)​នៃ​រាជធានី​ភ្នំពេញ​ គឺជា​សេចក្តី​ប្រាថ្នា​នៃ​ការ​រៀបចំ​នគរូបនីយកម្ម​ ។​ បឹង​ទាំងនេះ​បង្ហាញ​នូវ​ឱកាស​តែ​មួយ​គត់​សម្រាប់​បង្កើត​នូវ​ទីតាំង​នគរូបនីយកម្ម​ថ្មី​មួយ​ ដើម្បី​ធ្វើការ​ពង្រីក​ទីក្រុង​ប្រកបដោយ​គុណភាព​ខ្ពស់​ ដែល​រាជធានី​ត្រូវ​តែ​មាន​ដើម្បី​ទទួល​នូវ​ស្តង់ដារ​លំនៅ​ឋាន​ និង​តំបន់​កណ្តាល​ក្រុង​ថ្មីៗ​ ។​ ការ​ថែរក្សា​ទុក​នូវ​បឹង​ទាំងនេះ​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​បង្ហូរទឹក​ពី​ទីតាំង​នគរូបនីយកម្ម​ដែល​បាន​គ្រោងទុក​នៅ​ខាងជើង​ទំនប់​កប់​ស្រូវ​ និង​ទន្លេសាប​ ។​

១០-​រៀបចំ​ផ្ទៃ​អាង​ចម្រោះ​ទឹក​កខ្វក់​ខាងត្បូង​ក្រុង​ (​បឹង​ជើងឯក​)​ ៖​ ការ​សម្អាត​ទឹក​កខ្វក់​របស់​រាជធានី​ភ្នំពេញ​នៅ​ក្នុង​បឹង​នៃ​តំបន់​ជាយក្រុង​ខាងត្បូង​(​ជើងឯក​)​ គឺ​សម្រាប់​បន្សុទ្ធ​ទឹក​កខ្វក់​របស់​ទីក្រុង​តាម​រយៈ​ការ​ធ្វើ​អាង​សម្អាត​ជា​បន្តបន្ទាប់​ និង​ខុសៗ​គ្នា​(​ការ​ច្រោះ​ទឹក​-​អាង​ទឹក​សម្រាប់​ដំណាំ​មិន​ត្រូវការ​ខ្យល់​-​អាង​ទឹក​សម្រាប់​ដំណាំ​ធំៗ​ ការ​ដាំ​ដំណាំ​នានា​ និង​ការ​ចិញ្ចឹម​ត្រី​)​ មុន​នឹង​បញ្ចេញ​ទៅ​ក្នុង​មជ្ឈដ្ឋាន​ធម្មជាតិ​ ។​ ការ​បន្សុទ្ធ​នេះ​តម្រូវ​ឲ្យ​មានការ​រៀបចំ​ទុក​ផ្ទៃ​បឹង​ទំហំ​ប្រមាណ​៥២០​ហិ​កតា​ ។​

១១-​រៀបចំ​ទីតាំង​ និង​ទីលាន​ចាក់សំរាម​ ៖​ ការ​កើនឡើង​នូវ​សំរាម​ជា​រៀង​រាល់​ឆ្នាំ​ បរិមាណ​សំរាម​អាច​នឹង​មាន​ចំនួន​ ២.០០០​តោន​ក្នុង​១​ថ្ងៃ​ត្រឹម​ឆ្នាំ​២០១៥​ ។​ សមត្ថភាព​ទីលាន​ចាក់សំរាម​ដង្កោ​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​រ៉ាប់រង​បាន​ត្រឹម​ឆ្នាំ​២០១៧​ ។​ ចាប់ពី​ក្រោយ​ឆ្នាំ​២០១៧​យ៉ាង​យូរ​ ទាមទារ​ឲ្យ​មានការ​រក​ទីលាន​ចាក់សំរាម​ថ្មី​ បើ​អាច​ឆ្ងាយ​ពី​ទីប្រជុំជន​កាន់តែ​ប្រសើរ​ ដើម្បី​អាច​បន្ថយ​នូវ​ការ​បំពុល​ ឬ​ត្រូវ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ពី​ថាមពល​សំរាម​ ឬ​ដោយ​ម​ធ្យា​បាយ​ទាំង​២​យ៉ាង​ ទាំង​ការ​សាងសង់​រោងចក្រ​ និង​ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ ។​ ថែម​ពី​នេះ​ទៀត​ ដើម្បី​លើកកម្ពស់​បរិស្ថាន​ ភាព​អនុគ្រោះ​លើ​ការ​ទិញ​អគ្គិសនី​ពី​រោងចក្រ​ដែល​ដើរ​ដោយ​ថាមពល​សំរាម​ គួរ​បាន​ពិចារណា​ជា​អាទិភាព​ ៕​

Phnom-Penh

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.