ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

អយុត្តិធម៌​ណាស់​ គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​មិន​ទាន់​ក្លាយជា​អ្នកទោស​ក្នុង​រឿង​ប៉ះពាល់​ដី​ព្រៃ​យាយ​ភូ​ផង​ ត្រូវ​បាន​មន្ទីរ​អប់រំ​កាត់​ប្រាក់ខែ​ និង​មិន​ឲ្យ​បង្រៀន​សិស្ស​

​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​នៃ​អនុ​វិទ្យាល័យ​ស្នា​អ​ន្សា​ ឋិត​នៅ​ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ទោះបី​មាន​សំណុំរឿង​ចោទប្រកាន់​ និង​ក្លាយជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ក៏​ដោយ​ បាន​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ដ៏​ពេញទំហឹង​ ដោយ​ត្រូវ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តពោធិ៍សាត់​កាត់​ប្រាក់បៀវត្សរ៍​ និង​មិន​អនុញ្ញាត​ឲ្យ​បង្រៀន​សិស្ស​ជា​ធម្មតា​ ខណៈ​គ្រូបង្រៀន​រូប​នេះ​មិន​ទាន់​ក្លាយជា​អ្នកទោស​នៅឡើយ​ ។​

​លោកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​ដែល​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​នេះ​ មានឈ្មោះ​ សោម​ សារា​វុត​ អាយុ​៣៨​ឆ្នាំ​ បង្រៀន​នៅ​អនុ​វិទ្យាល័យ​ស្នា​អ​ន្សា​ ឋិត​ក្នុង​ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​ក្រោម​ទម្ងន់​នៃ​ពាក្យបណ្តឹង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​ លោកគ្រូ​ សោម​ សារា​វុត​ មាន​ទីលំនៅ​ភូមិ​អ​ន្ស​ក្តាម​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​សាលាដំបូង​ខេត្តពោធិ៍សាត់​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៥​ឆ្នាំ​ ពី​បទ​កាប់​រាន​ និង​ហ៊ុំ​ព័ទ្ធ​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ (​បច្ចុប្បន្ន​ឋិត​នៅ​ក្រៅ​ឃុំ​)​ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៣១​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥(​ប៉ះពាល់​ដល់​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ភា​ពី​ម៉ិច​ មាន​លោក​ជំទាវ​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ និង​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ជា​សមាជិក​ព្រឹទ្ធសភា​ និង​ជា​អភិបាល​ក្រុមហ៊ុន​)​ ។​ ប៉ុន្តែ​សាលក្រម​ព្រហ្មទណ្ឌ​នេះ​ ត្រូវ​បាន​លោកគ្រូ​ សោម​ សារា​វុត​ ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​ការពារ​ក្តី​ ប្តឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​ រួច​ហើយ​ ។​

​យោង​តាម​លិខិត​សំណូមពរ​ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​លោកគ្រូ​ សោម​ សារា​វុត​ គោរព​ជូន​សមាគម​គ្រូបង្រៀន​កម្ពុជា​(CITA)​ និង​ត្រូវ​បាន​សមាគម​ CITA​ ធ្វើ​លិខិតផ្លូវការ​មួយ​លេខ​០០៣​សគ​កឯ​ ចុះ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ គោរព​ជូន​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រី​អប់រំ​ យុវជន​និង​កីឡា​ ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ឲ្យ​លោកគ្រូ​ សោម​ សារា​វុត​ ទទួល​បានការ​បង្រៀន​និង​ប្រាក់បៀវត្សរ៍​ជា​ធម្មតា​វិញ​នោះ​ បាន​លើក​ឡើង​ថា​ "​ខណៈ​ពេល​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៣១​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​សាលាដំបូង​ខេត្តពោធិ៍សាត​កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​នៅឡើយ​នោះ​ ស្រាប់តែ​លោកគ្រូ​ សោម​ សារា​វុត​ បែរជា​បាន​ទទួល​រង​ការ​រំខាន​ពី​លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវ​
​ជន​ និង​កីឡា​ ស្រុក​ក្រគរ​ មិន​ឲ្យ​បង្រៀន​សិស្ស​ ព្រមទាំង​ត្រូវ​បាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តពោធិ៍សាត់​មិន​បើកប្រាក់​បៀវត្សរ៍​ជូន​ទៅ​វិញ​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​បញ្ញត្តិ​មាត្រា​៣៨​ កថាខណ្ឌ​ទី​៧​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ជនជាប់ចោទ​ណា​ក៏​ដោយ​ ត្រូវ​ទុកជា​មនុស្ស​ឥត​ទោស​ ដរាបណា​តុលាការ​មិន​ទាន់​កាត់ទោស​ស្ថាពរ​ ។​ "​ មាន​ន័យ​ថា​ លោកគ្រូ​ សោម​ សារា​វុត​ ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្តពោធិ៍សាត់​វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​ ពី​បទ​កាប់​រាន​ និង​ហ៊ុំ​ព័ទ្ធ​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ហើយ​កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​ ពោល​មិន​ទាន់​មានការ​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍​ ឬ​តុលាការ​កំពូល​នៅឡើយ​នោះ​ គឺជា​មនុស្ស​ឥត​មានទោស​ទេ​ ។​ ដូច្នេះ​ គ្រប់​អំពើ​ដែល​រំខាន​ដល់​ការ​បង្រៀន​ និង​ការ​ផ្តាច់​ប្រាក់បៀវត្សរ៍​ របស់​លោកគ្រូ​ សោម​ សារា​វុត​ គឺ​មាន​ខ្លឹមសារ​ផ្ទុយ​ ឬ​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ ហើយ​ការ​សម្រេច​កាត់​ប្រាក់បៀវត្សរ៍​លោកគ្រូ​ សោម​ សារា​វុត​ បែប​នេះ​ ត្រូវ​ចាត់ទុកជា​មោឃៈ​ ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​១៥០​ថ្មី​ កថាខណ្ឌ​ទី​២​ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ថា​ "​ច្បាប់​ និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​សា្ថ​ប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​ ។​ "​ ។​

​ដូច្នេះ​ សូម​ឯកឧត្តម​ បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​គេ​ទទួលស្គាល់​ថា​ជា​បញ្ញវន្ត​មួយ​រូប​គួរ​គោរព​កោតសរសើរ​ក្នុង​ការ​បំពេញភារកិច្ច​នោះ​ មេត្តា​ជួយ​អន្តរាគមន៍​ ក្នុង​ករណី​នេះ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​លោកគ្រូ​ សោម​ សារា​វុត​ ឡើង​វិញ​ផង​ ៕​

Teacher Teacher-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.