ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ករណី​ចាប់​ និង​ឃុំខ្លួន​បុគ្គលិក​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​សេរី​ មិន​ទាន់​ដោះ​លែង​ ទោះបី​សហជីព​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​សឹង​គ្រប់​ច្រកល្ហក​

​ករណី​ចាប់​ និង​ឃុំខ្លួន​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់​ គឺ​កញ្ញា​ យ៉ុ​ង​ លាភ​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ "Cerie​ (Cambodia)​ Garment​ Co.,​ Ltd."​ មាន​ទីតាំង​ឋិត​នៅ​ផ្លូវជាតិ​លេខ​៤​ ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ម្នាក់​ទៀត​ គឺ​លោក​ ទូច​ ស្រ៊ុ​ន​ កាលពី​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រោម​ចំណាត់ការ​បំពាន​ច្បាប់​របស់​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នោះ​ មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ខណៈ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​អស់​រយៈពេល​១៥​ថ្ងៃ​ហើយ​ ទោះបី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ បាន​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​សឹង​គ្រប់​ច្រកល្ហក​ក៏​ដោយ​ ។​

​បច្ច័យ​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​មានការ​ចាប់​ និង​ឃុំខ្លួន​កញ្ញា​ យ៉ុ​ង​ លាភ​ និង​លោក​ ទូច​ ស្រ៊ុ​ន​ នោះ​ គឺ​ផ្តើម​ចេញពី​សកម្មភាព​កូដកម្ម​-​បាតុកម្ម​របស់​កម្មករ​ កម្មការិនី​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ ដើម្បី​ទាមទារ​ឲ្យ​ភាគី​និយោជក​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ប្រចាំ​រោងចក្រ​ចំនួន​៣​នាក់​ រួម​មាន​ ៖​ ១-​លោក​ ទូច​ ស្រ៊ុ​ន​ ជា​ប្រធាន​សហជីព​,​ ២-​អ្នកស្រី​ ម៉ៃ​ សុខ​ណា​ង​ ជា​អនុប្រធាន​ និង​៣-​អ្នកស្រី​ ជួប​ សុខ​លៀប​ ជា​លេខាធិការ​សហជីព​ ដែល​និយោជក​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់​ បាន​ចូល​ធ្វើការ​វិញ​ ស្រប​តាម​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ។​ ដំណើររឿង​នេះ​មាន​ដូច​តទៅ​ ៖

១-​វិវាទ​ការងារ​រវាង​ភាគី​កម្មករ​ និយោជិត​ តំណាង​ដោយ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ និង​ភាគី​និយោជក​ ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ចេញ​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្រេច​បង្គាប់​ឲ្យ​ភាគី​និយោជក​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ទាំង​៣​នាក់​ ចូល​ធ្វើការ​វិញ​ និង​ផ្តល់​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ​ ។​

២-​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ភាគី​និយោជក​រោងចក្រ​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​នឹង​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ជា​ហេតុ​ធ្វើ​ឲ្យ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​អាច​អនុវត្តន៍​បាន​ ។​

៣-​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ បាន​ចេញ​លិខិតផ្លូវការ​ជម្រាប​មក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​បញ្ជាក់​ថា​ "​ករណី​នេះ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​អាចយ​កមក​អនុវត្តន៍​បាន​ឡើយ​ ហើយ​ភាគី​ទាំង​ពីរ​នៃ​វិវាទ​ការងារ​មាន​សិទ្ធិ​អនុវត្តន៍​តាម​នីតិវិធី​នៃ​ច្បាប់​ ឬ​មាន​សិទ្ធិ​ប្តឹង​អំពី​ករណី​នេះ​ទៅ​តុលាការ​មាន​សមត្ថកិច្ច​សម្រាប់​ការ​ដោះស្រាយ​ចុង​ក្រោយ​ជា​បន្ត​ទៀត​ ។​ "​ ។​

៤-​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​គោរព​ជូន​ភាគី​និយោជក​រោងចក្រ​អំពី​ការ​ធ្វើ​កូដកម្ម​ ស្រប​តាម​មាត្រា​៣១៨,​ មាត្រា​៣១៩​ និង​មាត្រា​៣២៤​នៃ​ច្បាប់​ស្តី​ពី​ការងារ​ ។​

៥-​ដោយសារ​មិន​ទទួល​បាន​ដំណោះស្រាយ​យុត្តិធម៌​ណាមួយ​ពី​ភាគី​និយោជក​រោងចក្រ​នោះ​ គឺ​កូដកម្ម​របស់​កម្មករ​ កម្មការិនី​រោងចក្រ​មួយ​ក្រុម​ បាន​កើត​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​ តរៀង​មក​ ។​

៦-​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ ភាគី​និយោជក​រោងចក្រ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដោយ​ប្តឹង​បុគ្គលិក​សហជីព​ និង​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ និង​បង្ក​ហិង្សា​ដោយ​ចេតនា​ បង្កើត​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​  ។​

៧-​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ភាគី​កម្មករ​ និយោជិត​ បាន​ដាក់​ញត្តិ​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ ។​

៨-​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ ភាគី​កម្មករ​ និយោជិត​ជា​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ទាំង​៣​នាក់​ បាន​ដាក់​ពាក្យបណ្តឹង​គោរព​ជូន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដោយ​ប្តឹង​សុំ​ឲ្យ​តុលាការ​ចេញ​សាលក្រម​បង្គាប់​ឲ្យ​ភាគី​និយោជក​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ទាំង​៣​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​ ស្រប​តាម​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ។​

៩-​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ភាគី​កម្មករ​ និយោជិត​បាន​ដាក់​ញត្តិ​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ ។​

១០-​លុះ​មក​ដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កញ្ញា​ យ៉ុ​ង​ លាភ​ និង​លោក​ ទូច​ ស្រ៊ុ​ន​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន​ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ ។​

១១-​នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ដដែល​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​លិខិតផ្លូវការ​ស្នើ​សុំ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ។​

១២-​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ យ៉ុ​ង​ លាភ​ និង​ឈ្មោះ​ ទូច​ ស្រ៊ុ​ន​ បាន​ដាក់​ពាក្យសុំ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ។​

១៣-​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​គោរព​ជូន​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ និង​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ជន​ត្រូវ​ចោ​ទាំង​២​នាក់​ ។​

១៤-​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​គោរព​ជូន​ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ គ​.​ក​.​ប​ ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ។​

១៥-​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ យ៉ុ​ង​ លាភ​ និង​ឈ្មោះ​ ទូច​ ស្រ៊ុ​ន​ បាន​ដាក់​ពាក្យបណ្តឹង​គោរព​ជូន​ឯកឧត្តម​ប្រធាន​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ ស្នើ​សុំ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ ជំនួស​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដោយ​មូលហេតុ​ គិត​មក​ដល់​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មិន​ទាន់​ទទួល​បានការ​សម្រេច​ណាមួយ​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ នៅ​លើ​ពាក្យសុំ​ចុះ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ ។​

​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ទោះបីជា​មានការ​ស្វះ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​សឹង​គ្រប់​ច្រកល្ហក​ ពី​សំណាក់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងណា​ក៏​ដោយ​ ក៏​ករណី​ចាប់​ និង​ឃុំខ្លួន​កញ្ញា​ យ៉ុ​ង​ លាភ​ និង​លោក​ ទូច​ ស្រ៊ុ​ន​ ជា​បុគ្គលិក​សហជីព​ និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ទាំង​បំពាន​នោះ​ មិន​ទាន់​មាន​ដំណោះស្រាយ​(​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​)​នៅឡើយ​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ក្រុមហ៊ុន​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ "Cerie​ (Cambodia)​ Garment​ Co.,​ Ltd."​ តំណាង​ដោយ​លោកស្រី​ Lau​ Sau​ Wan​ (​វ៉ា​ន់​ ស៊ូ​ឡាវ​)​សញ្ជាតិ​ចិន​(​ហុងកុង​)​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ក្រុង​ហុងកុង​ ប្រទេស​ចិន​ ទទួល​បាន​សិទ្ធិ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ឈ្មោះ​ សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ មាន​ទីលំនៅ​ឋិត​នៅ​ផ្លូវជាតិ​លេខ​៤​ ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ដោយ​ប្រកាស​លេខ​០២៣០​ ឧស​.​ក​ឧ​.​ប្រក​-៩​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​(​មា​នក​មុ្ម​ករ​ កម្មការិនី​បម្រើ​ការងារ​ប្រមាណ​ជាង​៦០០​នាក់​)​ ៕​

Cerie-1 Cerie-2 Cerie-factoryd

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.