ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

អតីត​ចៅក្រម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​ ទទួល​រង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​

​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​ម្នាក់​ គឺ​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ កសាង​សំណុំរឿង​កាត់​ជា​កង់ៗ​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​តុលាការ​ និង​ត្រូវ​លោក​ អ៊ី​ សុវណ្ណ​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ ត្រូវ​បាន​លោក​ ងួ​ន​ វុ​ទ្ធី​ អនុប្រធាន​ និង​ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​ ប្រកាស​សាលក្រម​នា​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ សម្រេច​ផ្តន្ទាទោស​ចំនួន​៣​ឆ្នាំ​ ក្នុង​នោះ​ទោស​អនុវត្តន៍​ក្នុង​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ និង​ចំនួន​១​ឆ្នាំ​ទៀត​ត្រូវ​ព្យួរទោស​ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ ពី​បទ​ កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ (​ទោស​ត្រូវ​អនុវត្តន៍​ដោយ​បញ្ញត្តិ​មាត្រា​៥៩៨​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ បន្ទាប់​ពី​បាន​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​រួច​មក​ ខណៈ​គេ​មិន​ទាន់​អាច​ដឹង​ប្រាកដ​ថា​ តើ​ជនជាប់ចោទ​ អាំង​ មាលតី​ សម្រេច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្តកណ្តាល​បន្ត​ទៀត​ដែរ​ឬ​យ៉ាងណា​នោះ​នៅឡើយ​ ។​

​ក្រោម​ទម្ងន់​កណ្តាប់ដៃ​ដែក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ជា​សាធារណៈ​ នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដោះ​លែង​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដ៏​កក្រើក​នោះ​ លោក​ចៅក្រម​ អាំង​ មាលតី​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​យ៉ាង​តក់ក្រហល់​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​បាន​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​ហ៊ឺហា​មិន​ដល់​១​ឆ្នាំ​ផង​ ហើយ​ក៏​កើត​មាន​សំណុំរឿង​អាស្រូវ​ជា​ច្រើន​ឋិត​ក្នុង​ដៃ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​

​លោក​ អាំង​ មាលតី​ បច្ចុប្បន្ន​អាយុ​៥៩​ឆ្នាំ​០៦​ខែ​ មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៨៣​ និង​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តសៀមរាប​-​ឧត្តរមានជ័យ​ នា​ដើមឆ្នាំ​២០០២​ ហើយ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​នា​ចុងឆ្នាំ​២០០៥​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣១​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥)​ ។​ ក្រោយមក​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នា​ចុងឆ្នាំ​២០០៧​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/៦៦៤​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០០៧)​ ។​ តម​ក​ទៀត​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ខែមេសា​ ឆ្នាំ​២០១៤​ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤)​ ។​ នៅ​ទីបំផុត​ លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(​សាលា​ខាប់​-CUP)​រូប​នេះ​ បាន​ជួប​ប្រទះ​នឹង​រឿង​អកុសល​ ហើយ​ក៏​ត្រូវ​បាន​ដកហូត​តំណែង​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​មក​ឈរជើង​នៅ​ក្រសួងយុត្តិធម៌​វិញ​យ៉ាង​តក់ក្រហល់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៥/១២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ និង​ក៏​លេច​មានរឿង​អាស្រូវ​ជា​ច្រើន​ធ្លាក់​ក្នុង​សមត្ថកិច្ច​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាំងពី​ពេល​នោះ​ជា​ហូរហែ​ ។​

​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ជា​ចៅក្រម​ម្នាក់​ចូល​ចិត្ត​សម្ញែង​សញ្ញាបត្រ​បណ្ឌិត​របស់​ខ្លួន​មុនគេ​បង្អស់​ក្នុង​ស្ថាប័ន​តុលាការ​ និង​បច្ចុប្បន្ន​ក្លាយ​ខ្លួន​ជា​ជនជាប់ចោទ​ ព្រមទាំង​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នោះ​ មានកូន​ប្រុស​បង្កើត​ចំនួន​២​នាក់​ បាន​ធ្វើ​ជា​ចៅក្រម​ គឺ​លោក​ អាំង​ ចិន្តា​ សិស្ស​ចៅក្រម​ជំនាន់​ទី​៣​ បច្ចុប្បន្ន​ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ និង​លោក​ អាំង​ សុភា​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​ បច្ចុប្បន្ន​ជា​ចៅក្រម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ។​ លើស​ពី​នេះ​ លោក​ចៅក្រម​ អាំង​ មាលតី​ នៅ​មានកូន​ប្រុស​ម្នាក់​ទៀត​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ គឺ​លោក​ អាំង​ មុនី​ ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​វត្ថុ​តាង​ក្នុង​បទល្មើស​គ្រឿងញៀន​មួយ​គ្រឿង​ម៉ាក​ Audi​ Q7​ មាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ពេល​មាន​ឪពុក​របស់​ខ្លួន​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ក្នុង​នាម​ជា​ចៅក្រម​ម្នាក់​ដែល​ធ្លាប់​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​អ្នក​ដទៃ​ដាក់​ពន្ធនាគារ​ជា​ហូរហែ​ (​មាន​ទាំង​យុត្តិធម៌​ មាន​ទាំង​អយុត្តិធម៌​)​ ឥឡូវ​បែរជា​ធ្លាក់ខ្លួន​មក​ជាប់គុក​វិញ​ដូច្នេះ​ តើ​លោក​ អាំង​ មាលតី​ អាច​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ដែរ​ឬ​យ៉ាងណា​ ខណៈ​លោក​ចៅក្រម​រូប​នេះ​ពេល​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ មាន​គម្រោង​ចង់​ធ្វើ​ជា​មេធាវី​ទៀត​ផង​ ៕​

Aing-Mealdey-prisonAing-Mealdey

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.