សកម្មភាពចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋលក់ដូរកំប៉ិកកំប៉ុក នៅមុខវត្តបុទុមវត្តី ក្បែរភូមិគ្រឹះដ៏ស្កឹមស្កៃផ្ទាល់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ និងការទទួលទាននំបញ្ចុកមួយចានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកលក់នំបញ្ចុកប្រគល់ដៃពីរនូវកៅអីជ័រតូចមួយជូនសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីអង្គុយទទួលទាននំបញ្ចុកនោះ បានធ្វើឲ្យមជ្ឈដ្ឋានប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមចាប់អារម្មណ៍យ៉ាងខ្លាំង និងបានផ្តល់ចំណងជើងរូបភាពថា "កៅអីនាយករដ្ឋមន្ត្រីឆ្នាំ២០១៨" ។
ការកត់សម្គាល់ជាក់ស្តែងបានបង្ហាញថា រូបភាពសាមញ្ញ និងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដែលមិនមែនជាសាច់ញាតិ បងប្អូន ឬមន្ត្រីសំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជានាពេលកន្លងមក កម្រមានដូចសកម្មភាពរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជានោះឡើយ គឺទើបតែពេលនេះប៉ុណ្ណោះ ខណៈបុរសខ្លាំងចាប់ផ្តើមលេង Facebook និងបន្ទាប់ពីការស្រុតចុះយ៉ាងច្រើននូវសំឡេងឆ្នោតគាំទ្រនាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣កន្លងទៅ ។
ថ្វីដ្បិតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨មិនទាន់មកដល់ក៏ដោយ ក៏មជ្ឈដ្ឋានអ្នកលេង Facebook និងជាអ្នករិះគន់ឥតសំចៃមួយចំនួន បានចាត់ទុកថា រូបភាពនៃការស្និទ្ធស្នាលរបស់បុរសខ្លាំងជាមួយក្រុមប្រជាពលរដ្ឋ គឺជាការរៀបចំទុកជាមុនយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុតពីសំណាក់អ្នកការពាររបស់បុរសខ្លាំងដ៏ច្រូងច្រាង ដើម្បីឈានទៅដណ្តើមយកកៅអីអំណាចនាយករដ្ឋមន្ត្រីឆ្នាំ២០១៨ខាងមុខបន្តទៀត (Sic!) ៕