យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលដកស្រង់ការបំភ្លឺរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ឱសថស្ថានចំនួន២នៅរាជធានីភ្នំពេញ គឺឱសថស្ថានផ្សារតាប៉ាង ឋិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងឱសថស្ថាន សូ ធិនណា ឋិតនៅផ្សារ៧មករា ខណ្ឌទួលគោក ត្រូវបានក្រសួងសុខាភិបាលធ្វើការផាកពិន័យ និងព្រមានទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយសារឱសថស្ថានទាំងពីរនេះទិញ និងលក់ឱសថ MAZETA Slim ដែលពុំមានលេខបញ្ជិកា និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមការវិភាគស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដើម្បីស្វែងរកសារធាតុគីមីមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ គឺឱសថ MAZETA Slim មានសារធាតុ Sibutramine ដែលជាសារធាតុហាមឃាត់ ។
ពាក់ព័ន្ធនឹងឱសថ MAZETA Slim នោះ ត្រូវបានក្រសួងសុខាភិបាលប្រកាសជូនដំណឹងដល់លោក លោកស្រី ជាវេជ្ជបណ្ឌិត ឱសថការី និងអាជីវករ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឲ្យបញ្ឈប់ការទិញ និងតាំងលក់ឱសថប្រភេទនេះជាបន្ទាន់ បើរកឃើញថា មានជនណានាំចូល ទិញ និងលក់ផលិតផលឱសថខាងលើ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន ៕