ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

មាន​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ​សង្ស័យ​ជា​សមត្ថកិច្ច​ ចាប់ខ្លួន​បុគ្គលិក​សហជីព​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​មួយនៅខេត្តកំពង់ស្ពឺ

​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ត្រង់​ចំណុច​ក្បែរ​បរិវេណ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មាន​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ចាប់ខ្លួន​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាម្នាក់​ គឺ​កញ្ញា​ យ៉ុ​ង​ លាភ​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ ម្នាក់​ទៀត​គឺ​លោក​ ទូច​ ស្រ៊ុ​ន​ បញ្ចូល​ទៅ​ក្នុង​រថយន្ត​ដែល​ត្រៀម​ទុកជា​ស្រេច​ យក​ទៅ​បាត់​ស្រមោល​ មិនដឹង​បញ្ជូន​ និង​ឃាត់ខ្លួន​ទុក​នៅ​ទីណា​ឡើយ​ ។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ "​ការ​ចាប់ខ្លួន​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​នេះ​ គឺ​ប្រព្រឹត្ត​ឡើង​បន្ទាប់​ពី​សកម្មភាព​កូដកម្ម​របស់​ក្រុម​កម្មករ​ កម្មការិនី​មួយ​ចំនួន​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ ត្រូវ​បាន​រំសាយ​ហើយៗ​មិន​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​ស្ថាប័ន​តុលាការ​ទេ​ និង​ក៏​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​អ្វី​ដែរ​ ។​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​នៃ​ការ​ចាប់ខ្លួន​មក​លើ​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​នេះ​ ពីព្រោះ​ជា​អំពើ​រំលោភសិទ្ធិ​បុគ្គលិក​ដែល​ធានា​ដោយ​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ និង​ទាមទារ​ឲ្យ​ក្រុម​ជន​ដៃដល់​ដែល​អ្នក​ឃើញ​ហេតុការណ៍​សង្ស័យ​ថា​ ជា​សមត្ថកិច្ច​បន្លំ​ស្លៀកពាក់​ជា​ជន​ស៊ី​វិល​ ធ្វើ​សកម្មភាព​ចាប់ខ្លួន​មនុស្ស​ទាំង​បំពាន​នោះ​ ដោះ​លែង​កញ្ញា​ យ៉ុ​ង​ លាភ​ និង​លោក​ ទូច​ ស្រ៊ុ​ន​ ឲ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ​ ។​ "​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ក្រុម​កម្មករ​ កម្មការិនី​ដែល​ជា​សកម្មជន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ចំនួន​៣​នាក់​ គឺ​លោក​ ទូច​ ស្រ៊ុ​ន​ ជា​ប្រធាន​សហជីព​,​ អ្នកស្រី​ ម៉ៃ​ សុខ​ណា​ង​ ជា​អនុប្រធាន​សហជីព​ និង​អ្នកស្រី​ ជួប​ សុខ​លៀប​ ជា​លេខាធិការ​សហជីព​ ដែល​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់​ បាន​ចូល​ធ្វើការ​ងារ​វិញ​ជា​ធម្មតា​ បន្ទាប់​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ បង្គាប់​ឲ្យ​និយោជក​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ទាំង​៣​នាក់​ ឲ្យ​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ​ ហើយ​និយោជក​រោងចក្រ​ប្តឹង​ជំទាស់​រួច​មក​ ។​

​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ជ​ស​/​រកម​/០៣៩៧/០១​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​១៩៩៧​ បាន​បញ្ញត្តិ​ថា​ កាលណា​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​បាន​ភាគី​និយោជក​ប្តឹង​ជំទាស់​ គឺ​សេចក្តី​បង្គាប់​នេះ​មិន​អាច​អនុវត្តន៍​បាន​ឡើយ​ ហើយ​ភាគី​នៃ​វិវាទ​ការងារ​មាន​សិទ្ធិ​អនុវត្តន៍​តាម​នីតិវិធី​នៃ​ច្បាប់​ (​សិទ្ធិ​ធ្វើ​កូដកម្ម​)​ ឬ​មាន​សិទ្ធិ​ប្តឹង​អំពី​ករណី​នេះ​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ សម្រាប់​ការ​ដោះស្រាយ​ចុង​ក្រោយ​ជា​បន្ត​ទៀត​ ។​

​ជាមួយនឹង​សកម្មភាព​កូដកម្ម​ស្របច្បាប់​របស់​កម្មករ​ កម្មការិនី​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​នោះ​ គឺ​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ក្រុម​កូដ​ករ​ចំនួន​៧១​នាក់​ បាន​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ លោក​ ទូច​ ស្រ៊ុ​ន​,​ អ្នកស្រី​ ម៉ៃ​ សុខ​ណា​ង​ និង​អ្នកស្រី​ ជួប​ សុខ​លៀប​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​តាម​នីតិវិធី​ ។​ លើស​ពី​នេះ​ នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ក្រុម​កូដ​ករ​ចំនួន​៥៣​នាក់​ បាន​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង​ ។​ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​ ទាំង​បណ្តឹង​ទៅ​ស្ថាប័ន​តុលាការ​ ទាំង​បណ្តឹង​អន្តរាគមន៍​ មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ រហូត​ដល់​មានការ​ចាប់ខ្លួន​លោក​ ទូច​ ស្រ៊ុ​ន​ និង​កញ្ញា​ យ៉ុ​ង​ លាភ​ ដោយ​បំពាន​ច្បាប់​តែ​ម្តង​ ។​

​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ "Cerie​ (Cambodia)​ Garment​ Co.,​ Ltd."​ មាន​លោកស្រី​ វ៉ា​ន់​ ស៊ូ​ឡាវ​ (Lau​ Sau​ Wan)​ អាយុ​៦០​ឆ្នាំ​ សញ្ជាតិ​ចិន​(​ហុងកុង​)​ ជា​អ្នកគ្រប់គ្រង​ ៕​

Cerie-factoryd Cerie-ftuwkc

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.