ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

បែកធ្លាយ​រឿងអាស្រូវ​ដ៏​អាម៉ាស់​ ដោយ​នាយទាហាន​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​វាយដំ​លើ​អ្នកតំណាង​រាស្ត្រ​

​ថ្វី​ដ្បិត​មាត្រា​១​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ជ​ស​/​រកម​/១១៩៧/០៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៧​ បាន​ចែង​តម្រូវ​ឲ្យ​កង​យោធពលខេមរភូមិន្ទ​មាន​ភារកិច្ច​បម្រើ​ប្រទេស​ជាតិ​ និង​មាន​បេសកកម្ម​ការពារ​ កសាង​មាតុភូមិ​ និង​ផលប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រទេស​ជាតិ​ ព្រមទាំង​អាច​ចូលរួម​ក្នុង​ការ​ការពារ​សន្តិសុខ​សាធារណៈ​ និង​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ ឬ​មាន​អាសន្ន​មហន្តរាយ​ក្នុង​កាលៈទេសៈ​ចាំបាច់​ក៏​ដោយ​ ក៏​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បែកធ្លាយ​នូវ​រឿងអាស្រូវ​ដ៏​សែន​អាម៉ាស់​មួយ​ គឺ​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ ដែល​គេ​សង្ស័យ​ថា​ ជា​សមាជិក​នៃ​កងកម្លាំង​អង្គរក្ស​បុរស​ខ្លាំង​ផង​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយដំ​លើ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចំនួន​២​នាក់​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បណ្តាល​ឲ្យ​រង​របួស​ធ្លាក់ខ្លួន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ។​

​បន្ទាប់​ពី​ចេញ​មុខ​ចូល​មក​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាត់​ធាក់​លើ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ គឺ​ឯកឧត្តម​ ញ៉​យ​ ចំរើន​ និង​ឯកឧត្តម​ គង់​ សភា​ នា​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ឈ្មោះ​ ចាយ​ សា​រិ​ទ្ធ​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ ៖​ ១-​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​២-​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ នា​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រហូត​ទល់​សព្វថ្ងៃ​ ។​

​តាម​ការ​ពិត​ ព័ស្តុតាង​បាន​បង្ហាញ​ថា​ បុរស​ឈ្មោះ​ ចាយ​ សា​រិ​ទ្ធ​ គឺជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៨៧៧៤៥​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍​ និង​ជា​សមាជិក​នៃ​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ ដែល​មាន​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ជា​ប្រធាន​ និង​ជា​ជំនួយការ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ (​តែងតាំង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៨៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៥)​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(Human​ Right​ Watch-HRW)​ បាន​ចេញ​របាយការណ៍​មួយ​ ដោយ​បញ្ជាក់​ថា​ សមាជិក​នៃ​អង្គភាព​កង​អង្គរក្ស​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ឋិត​ក្នុង​ចំណោម​អ្នក​ដែល​វាយដំ​យ៉ាង​ព្រៃផ្សៃ​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២​នាក់​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រដាប់​ដោយ​វិទ្យុទាក់ទង​សឹង​គ្រប់​ដៃ​នោះ​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​យ៉ាង​រលូន​ដោយ​គ្មា​កន​ការ​រារាំង​ ឬ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ ទាមទារ​ឲ្យ​មានការ​ដកហូត​មុខ​តំណែង​លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​នីតិកាល​ទី​៥​ ។​ ក្រុម​បាតុករ​បាន​ប្រើ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ​ដល់​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ រួម​មាន​ ឯកឧត្តម​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ គង់​ សភា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ និង​ត្រូវជា​កូនបង្កើត​របស់​ឯកឧត្តម​ គង់​ គាំ​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ និង​អតីត​ជា​ប្រធាន​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ។​

​នេះ​គឺជា​រឿងអាស្រូវ​ដ៏​សែន​អាម៉ាស់​មួយ​ ដែល​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ជា​កូនចៅ​បុរស​ខ្លាំង​ មិន​ជួយ​ការពារ​ប្រជាពលរដ្ឋ​ ឬ​អ្នកតំណាង​រាស្ត្រ​ បែរជា​លើកដៃ​ លើកជើង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​ ដែល​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ដើម្បី​ការពារ​អំណាច​ឲ្យ​ចៅហ្វាយនាយ​របស់​ខ្លួន​ទៅ​វិញ​ ៕​

Chay-Sarith-5 Chay-SarithChay-Sarith2Chay-Sarith-2 MoI-ProtesKong-Sophea

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.