មានព័ស្តុតាងជាច្រើនករណីបានបង្ហាញថា សារធាតុគីមីប៉ះពាល់ដល់សុខភាពមនុស្សជាអ្នកប្រើប្រាស់ នៅតែមានក្នុងម្ហូបអាហារក្លែងបន្លំ ដោយសារភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៦០០/០០១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០០ មានភាពធូររលុង និងបង្កប់ដោយអំពើពុករលួយរបស់មន្ត្រីសាធារណៈ ។ ព័ស្តុតាងទាំងនោះមានជាអាទិ៍ ៖
១-កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ កាហ្វេដែលមានសារធាតុគីមីលាយជាមួយវត្ថុធាតុដើមចំនួន១៧មុខ រួមមាន សណ្តែកសៀង គ្រាប់ពោត អំបិល ស្ករស ស្ករត្នោត បាយក្តាំងកម្លោច និងខ្ទិះដូង ទម្ងន់ជិត៣៥តោន ដោយមានម្ចាស់គ្រប់គ្រងជាជនជាតិយួន ត្រូវសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបបាន នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប៉ុន្តែជនសង្ស័យជាម្ចាស់ផលិតកាហ្វេគីមីជិត៣៥តោននេះ ត្រូវបានស្ថាប័នតុលាការដោះលែងឲ្យមានសេរីភាពយ៉ាងរំភើយ ។
២-ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះរឹបអូសបានស្ករត្នោតមានសារធាតុគីមីប្រភេទ Sodium Hydrocilfeet ផ្សំអំពីស្ករសលេខ៤ នាំចូលមកពីស្រុកយួន ទម្ងន់ជាង៤តោន នៅក្នុងសិប្បកម្មផលិតស្ករត្នោតមួយកន្លែងឋិតក្នុងដីឡូត៍លេខ៨ ផ្លូវលេខ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈឈ្មួញបម្រុងនាំចេញយកទៅលក់លើទីផ្សារ ។
៣-ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចកាំកុងត្រូលខេត្តព្រះសីហនុ រឹបអូសបានស្ករត្នោតលាយសារធាតុគីមីទម្ងន់ជាង៦០គីឡូក្រាមនៅផ្សារលើ ខេត្តព្រះសីហនុ យកទៅកម្ទេចចោល…។ល។
អនុលោមតាមមាត្រា៦៣នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា គឺបានបញ្ញត្តិថា "ជនណាដែលដាក់ និងប្រើប្រាស់សារធាតុគីមីក្នុងម្ហូបអាហារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ខែដល់១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលដល់១០លានរៀល ឬទោសណាមួយនៃទោសទាំងពីរនេះ ។ " ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ដោយសារច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដូចមានចែងខាងលើមានភាពខ្វះចន្លោះ ឬបញ្ញត្តិផ្តន្ទាទោសក្នុងកម្រិតស្រាលផង និងការអនុវត្តច្បាប់នេះមានភាពធូររលុងផង ព្រមទាំងបច្ច័យនៃអំពើពុករលួយក្នុងជួរមន្ត្រីពាក់ព័ន្ធផង ជាហេតុធ្វើឲ្យឈ្មួញខិលខូចនៅតែមានឱកាស និងមានលទ្ធភាពដាក់សារធាតុគីមីប៉ះពាល់ដល់សុខភាពក្នុងម្ហូបអាហារ ដ្បិតឈ្មួញខិលខូចទាំងនោះមិនត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងកម្រិតធ្ងន់ធ្ងរឲ្យរាលចាលទេ គឺត្រឹមបង់លុយរួច ជាការស្រេច ៕