ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ជិត​០៦​ខែ​ គណៈកម្មការ​ស៊ើបអង្កេត​ពិសេស​ករណី​ឃាតកម្ម​លោក​ ជា​ វិជ្ជា​ មាន​តែ​នៅ​លើ​ក្រដាស​

​ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​ស៊ើបអង្កេត​ពិសេស​ ស្តី​ពី​ករណី​ឃាតកម្ម​លើ​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មេដឹកនាំ​សហជីព​សេរី​កម្មករ​ចំនួន​២​នាក់​ទៀត​ តាម​សេចក្តីសម្រេច​លេខ​៤៤​សសរ​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដែល​ត្រូវ​មាន​តួនាទី​ និង​ភារកិច្ច​ ៖​ -​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ប្រមូល​ព័ត៌មាន​ និង​ព័ស្តុតាង​,​ -​ចុះ​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​អង្គហេតុ​ និង​អង្គច្បាប់​,​ -​រៀបចំ​របាយការណ៍​បំភ្លឺ​ករណី​បណ្តឹង​នេះ​ជូន​អង្គការ​អន្តរជាតិ​ខាង​ការងារ​,​ -​បំពេញការងារ​ចាំបាច់​ផ្សេង​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ ។​ សេចក្តីសម្រេច​លើក​ទី​១​នេះ​មិន​ទាន់​មានការ​តែងតាំង​សមាសភាព​នៃ​គណៈកម្មការ​នៅឡើយ​ ។​

​រំលង​ពេលវេលា​ជិត​០២​ខែ​ក្រោយមក​ សមាសភាព​នៃ​គណៈកម្មការ​ពិសេស​ករណី​ឃាតកម្ម​លើ​លោក​ ជា​ វិជ្ជា​ នេះ​ ត្រូវ​បាន​តែងតាំង​ឡើង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ លេខ​៦០​សសរ​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៥​ ដោយ​មាន​ចំនួន​១៣​នាក់​ និង​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឯម​ សំ​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​,​ ឯកឧត្តម​ ម៉​ម​ វណ្ណៈ​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​អនុប្រធាន​ និង​ឯកឧត្តម​ ង៉ោ​ សុវណ្ណ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​អនុប្រធាន​ ។​

​ប្រមាណ​ជាង​០១​ខែ​ក្រោយមក​ទៀត​ សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៦០​សសរ​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​តែងតាំង​សមាសភាព​នៃ​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​ឃាតកម្ម​លោក​ ជា​ វិជ្ជា​ នោះ​ ត្រូវ​បាន​ចាត់ទុកជា​និរាករណ៍​ ហើយ​ក៏​មានការ​តែងតាំង​សមាសភាព​គណៈកម្មការ​ថ្មី​ចំនួន​១៤​នាក់​ ក្នុង​នោះ​ប្រធាន​ និង​អនុប្រធាន​គណៈកម្មការ​នៅ​រក្សា​សមាសភាព​ដដែល​ តាម​សេចក្តីសម្រេច​លេខ​៧៣​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​

​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បន្តវេន​ពី​លោក​ ជា​ វិជ្ជា​ ត្រូវជា​បងប្រុស​បង្កើត​នោះ​ គឺ​ចាប់តាំងពី​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ករណី​ឃាតកម្ម​លោក​ ជា​ វិជ្ជា​ មក​ គណៈកម្មការ​នេះ​មិន​ដែល​ចុះ​មក​សួរនាំ​រូប​លោក​ជា​តំណាង​ឲ្យ​ជន​រង​គ្រោះ​ និង​ជា​តំណាង​ដើមបណ្តឹង​រដ្ឋប្បវេណី​ម្តងណា​ទេ​ ពោល​មានឈ្មោះ​គណៈកម្មការ​ត្រឹមតែ​លើ​ក្រដាស​ប៉ុណ្ណោះ​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​របង​ខាងលិច​វត្ត​លង្ការ​ កំណាត់​ផ្លូវ​ប៉ាស្ទ័រ​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៤​ ខណៈ​ឃាតក​ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ឃាតក​ មិន​ទាន់​វែកមុខ​ និង​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​ ទោះបី​ស្ថាប័ន​តុលាការ​កំពូល​ធ្លាប់​បាន​ជំនុំជម្រះ​ចេញ​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​២៣៩​ ចុះ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ បង្គាប់​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​លើ​ជនល្មើស​មិន​ស្គាល់​មុខ​ ដែល​បាន​ធ្វើឃាត​លោក​ ជា​ វិជ្ជា​ និង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៤​ ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស​ និង​ប្រមូល​ព័ស្តុតាង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​រួច​ហើយ​ក៏​ដោយ​ ។​

​យោង​តាម​សំណើ​ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០០១​ របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ស្នើ​សុំ​ទីតាំង​សម​ស្រប​មួយ​កន្លែង​សម្រាប់​សាងសង់​រូបសំណាក​លោក​ ជា​ វិជ្ជា​ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ និង​ចង​ចាំ​នូវ​គុណូបការៈ​របស់​លោក​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​យល់ព្រម​ តាម​ស្មារតី​លិខិត​លេខ​០៣​ស​ជ​ណ​.​ប​ល​ ចុះ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ នៅ​ឆ្នាំ​២០១៣​ រូបសំណាក​លោក​ ជា​ វិជ្ជា​ ដែល​មាន​ទីតាំង​ឋិត​នៅ​ប៉ែក​ខាងត្បូង​នៃ​សួន​ស្មៅ​ខាងលិច​វិមាន​ឯករាជ្យ​ ក្បែរ​វត្ត​លង្ការ​បាន​សាងសង់​រួចរាល់​ និង​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៣​ ។​

​នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ស្អែក​នេះ​ ដោយ​មានការ​ឯកភាព​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផង​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​រៀបចំ​ពិធី​ជួបជុំ​មនុស្ស​ប្រមាណ​២០០​នាក់​ ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​ ជា​ វិជ្ជា​ នៅ​ទីតាំង​តម្កល់​រូបសំណាក​ គម្រប់​ខួប​១២​ឆ្នាំ​នៃ​មរណភាព​របស់​លោក​ ៕​

Em-SamanChea-Vichea-02

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.