ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ និងបុរាណវិទូ បានរុករកឃើញគ្រោងឆ្អឹងកកក្រោយការរងរបួស ត្រូវបានសន្និដ្ឋានថា ជាមនុស្សដែលរស់នៅតំបន់សមុទ្រអាក់ទិច(Arctic) មានអាយុកាលប្រមាណ១០.០០០ឆ្នាំមុន ។
ទស្សនាវដ្តីវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានបោះពុម្ពផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ ដោយផ្អែកលើលទ្ធផលនៃការរុករកឃើញគ្រោងឆ្អឹងមនុស្សរស់នៅតំបន់សមុទ្រអាក់ទិច កាលពី១០.០០០ឆ្នាំមុននោះថា ពិតជាមានមនុស្សរស់នៅតំបន់សមុទ្រអាក់ទិចជាយូរយារណាស់មកហើយ ពោលគឺមនុស្សមានវត្តមាននៅលើភពផែនដីចាប់តាំងពីប្រមាណ៤៥.០០០ឆ្នាំមុន ដែលជារបកគំហើញថ្មីជំនួសនូវតួលេខចាស់ដែលថា វត្តមានមនុស្សរស់នៅលើភពផែនដីតាំងពី៣៥.០០០ឆ្នាំមុន ។
គួររំលឹកដែរថា កាលពីឆ្នាំ២០១២កន្លងទៅ ក្រុមអ្នកវិទ្យាសាស្ត្រនិងបុរាណវិទូរុស្ស៊ី ដឹកនាំដោយលោក Alexei Tikhonov និងសហការី បានរុករកជីកកកាយប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សប្រុសនៅឆ្នេរភាគខាងកើត នៃឆកសមុទ្រ Yenisei ភាគកណ្តាលស៊ីប៊េរី នៃសមុទ្រអាក់ទិច ៕